​ប្រទេស​ឥណ្ឌូនេស៊ី បាន​បើក​ដំណើរការ​រោងចក្រ​ថាមពល​ពន្លឺព្រះអាទិត្យ​អណ្តែត​ទឹក​ដ៏​ធំ​បំផុត​នៅ​អាស៊ីអាគ្នេយ៍​នៅ​ថ្ងៃទី​ ១០ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ដែលជា​គម្រោង​មានតម្លៃ​ស្មើនឹង ១៤៣ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ត្រូវបាន​គេ​រំពឹងថា​នឹង​អាច​ផលិត​ថាមពល​អគ្គិសនី​ចំនួន ២៤៥ ជី​ហ្កា​វ៉ា​ត់​ម៉ោង​ក្នុង​ ១ ឆ្នាំ ពោលគឺ​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ថាមពល​រហូតដល់​ទៅ ៥ ម៉ឺន​គ្រួសារ​។

​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូ​កូ វី​ដូ​ដូ (Joko Widodo) បាន​ហៅ​គម្រោង​នេះ​ថា​ជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​ក្នុងការ​អភិវឌ្ឍ​ថាមពល​កកើត​ឡើងវិញ​ទ្រង់ទ្រាយ​ធំ​របស់​ប្រទេស​ឥណ្ឌូនេស៊ី​។ លោក​បាន​សម្តែង​នូវ​មោទនភាព​ចំពោះ​កិច្ចសហការ​ដ៏​ជោគជ័យ​រវាង​ក្រុមហ៊ុន PLN របស់​ឥណ្ឌូនេស៊ី និង​ក្រុមហ៊ុន Masdar របស់​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​។

​លោក វី​ដូ​ដូ ថ្លែងថា​៖ «​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ​អណ្តែត​ទឹក​នៅលើ​អាង​ស្តុក​ទឹក​ឈ្មោះថា ជី​រ៉ា​តា (Cirata) គឺជា​បន្ទះ​ថាមពល​ដ៏​ធំ​បំផុត​នៅ​អាស៊ីអាគ្នេយ៍ និង​ធំជាងគេ​ទី​៣​នៅ​ទូទាំង​ពិភពលោក​»​។


​គម្រោង​រោងចក្រ​ថាមពល​ពន្លឺព្រះអាទិត្យ​ដំបូងបង្អស់​របស់​ប្រទេស​ឥណ្ឌូនេស៊ី​នេះ ត្រូវបាន​ពន្យារពេល​ជាច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​ទីបំផុត​វា​ត្រូវបាន​បើក​ដំណើរការ​ហើយ នៅមុន​កិច្ចប្រជុំ​អាកាសធាតុ COP28 ដែល​នឹង​ឈាន​មកដល់​នៅ​ចុងខែ​នេះ នៅឯ​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​។ បច្ចុប្បន្ន ថាមពល​កកើតឡើង​វិញ​មាន​ចំនួន ១៥% នៃ​ថាមពល​សរុប​របស់​ប្រទេស​ឥណ្ឌូនេស៊ី ប៉ុន្តែ​ប្រទេស​នេះ​មាន​គោលបំណង​បង្កើន​វា​ឱ្យបាន​ដល់ ២៣% នៅ​ឆ្នាំ ​២០២៥​។

​ប្រទេស​ឥណ្ឌូនេស៊ី ដែលជា​ប្រទេស​មាន​ប្រជាជន​ច្រើនជាងគេ​ទី​៤​របស់​ពិភពលោក តែងតែបាន​សន្យាថា​នឹង​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និក​របស់ខ្លួន​ចំនួន ៤៣,២% នៅត្រឹម​ឆ្នាំ ​២០៣០ និង​ឈានដល់​គោលដៅ​សូន្យ​កាបូន​នៅត្រឹម​ឆ្នាំ​ ២០៦០​។ រោងចក្រ​ថាមពល​ពន្លឺព្រះអាទិត្យ​អណ្តែត​នៅ​អាង​ស្តុក​ទឹក​ជី​រ៉ា​តា​នេះ ត្រូវបាន​គេ​រំពឹងថា​ នឹង​ជួយ​ប្រទេស​ឥណ្ឌូនេស៊ី កាត់បន្ថយ​ការបញ្ចេញ​កាបូន​របស់ខ្លួន​ចំនួន ២១៤ ពាន់​តោន ​ក្នុង​ ១ ឆ្នាំ​។ គួរ​បញ្ជាក់ដែរថា រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បានអនុញ្ញាត​ឱ្យមាន​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ អាច​គ្របដណ្ដប់​លើ​ផ្ទៃ​បឹង​ស្តុក​ទឹក ឬ​ទំនប់​មួយ​នេះ​រហូតដល់ ២០%​។


​គួររំឭកថា មួយ​សប្តាហ៍​មុន​ការសម្ពោធ​រោងចក្រ​ថាមពល​នេះ ប្រទេស​ឥណ្ឌូនេស៊ី​បានបញ្ចប់​ផែនការ​ដំបូង​របស់ខ្លួន​ក្នុងការ​ជំរុញ​ថាមពល​កកើត​ឡើងវិញ និង​កាត់​បន្ថយថាមពល​ធ្យូងថ្ម​តាមរយៈ​គោលនយោបាយ ភាពជា​ដៃគូ​ផ្លាស់ប្តូរ​ថាមពល​ស្អាត (Just Energy Transition Partnership)​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ឥណ្ឌូនេស៊ី​ក៏មាន​គម្រោង​អាទិភាព​ចំនួន ៤០ គម្រោង​បន្ថែមទៀត​។ គម្រោង​ទាំងអស់នេះ​កំពុង​បង្កើន​ក្តី​សង្ឃឹមថា ការផ្តល់​ហិរញ្ញប្បទាន​ចំនួន ២០ ប៊ី​លាន​ដុល្លារ​ ដែល​សន្យា​ដោយ​ប្រទេស​អភិវឌ្ឍន៍ នឹង​ចាប់ផ្តើម​ផ្ដល់ជូន​ឥណ្ឌូនេស៊ី​បណ្ដើរៗ​ហើយ ប៉ុន្តែ​រហូតមកទល់​ពេលនេះ គ្មាន​ថវិកា​ណាមួយ​ត្រូវបាន​បញ្ជូនទៅឱ្យ​ឥណ្ឌូនេស៊ី​នៅឡើយ​ទេ​។

​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន PLN លោក ដា​ម៉ា​វ៉ាន ប្រា​សូ​ចូ (Darmawan Prasodjo) បាន​មានប្រសាសន៍ថា «​ក្រុមហ៊ុន PLN និង​ក្រុមហ៊ុន Masdar បាន​បង្កើត​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​អាច​លើកទឹកចិត្ត​ដល់​ការវិនិយោគ និង​ការ​សហការគ្នា​។ យើង​នឹង​ធ្វើការ​រួមគ្នា​លើ​ការច្នៃប្រឌិត​បច្ចេកវិទ្យា ការវិនិយោគ និង​ប្រតិបត្តិការ​គម្រោង​ថាមពល​មួយ​នេះ​»​។

​លោក​បាន​បន្ថែមថា​៖ «​យើង​នឹង​បង្កើន​សមត្ថភាព​ថាមពល​ពន្លឺព្រះអាទិត្យ និង​ខ្យល់​ពី ៥ ជី​ហ្កា​វ៉ា​ត់​ម៉ោង ទៅ ២៨ ជី​ហ្កា​វ៉ា​ត់​ម៉ោង​បន្ថែមទៀត​ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ក្រឡាចត្រង្គ​ឆ្លាត​វៃ (Smart-grid)»​។

​បន្ថែម​លើ​នេះ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Masdar ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី អ្នកស្រី ហ្វា​ទី​ម៉ា អាល់​ម៉ា​ដ​លួ​ម អៃ​ស៊ូ​វ៉ា​យ​ឌី (Fatima Al Madhloum Al Suwaidi) បាន​សម្ដែង​ការរំភើប​ចិត្ត​ចំពោះ​លទ្ធភាព​ដែល​ក្រុមហ៊ុន​របស់​អ្នកស្រី អាច​ចូលរួម​ជួយ​ជ្រោមជ្រែង​ក្នុង​គម្រោង ភាពជា​ដៃគូ​ផ្លាស់ប្តូរ​ថាមពល​ស្អាត​។ អ្នកស្រី​បាន​និយាយថា​៖ «​ក្រុមហ៊ុន Masdar ចាប់អារម្មណ៍​ក្នុងការ​ពិភាក្សា​អំពី​ឱកាស​វិនិយោគ ហើយ​យើង​កំពុង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន PLN អំពី​គម្រោង​មួយចំនួនទៀត​»​។

​ថ្មីៗ​នេះ ប្រទេស​ឥណ្ឌូនេស៊ី​ បានចាប់ផ្តើម​គម្រោង​ផ្លាស់ប្តូរ​កាបូន ប៉ុន្តែ​មានតែ​គម្រោង​ ២ ​ប៉ុណ្ណោះ​ ដែល​បាន​លក់​ឥណទាន​កាបូន​។ ដោយឡែក ក្រុមហ៊ុន PLN មិនបាន​បញ្ជាក់​ច្បាស់​នោះទេ​ថា ​តើ​ខ្លួន​នឹងមាន​គម្រោង​លក់​ឥណទាន​កាបូន​ពី​គម្រោង​រោងចក្រ​ថាមពល​ជី​រ៉ា​តា​ឬក៏​យ៉ាងណា​នោះទេ​៕