ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានរាយការណ៍ថ្មីៗនេះថា ជនជាតិកូរ៉េខាងត្បូងពីរនាក់រួមមាន អតីតមន្ត្រីប៉ូលិស លោក គីម ស៊ូនស៊ិក (Kim Soon-sik) អាយុ ៦៣ ឆ្នាំ និង លោក កាង សេនហុក (Kang Seon-hok) អាយុ ៣០ ឆ្នាំ ត្រូវបានកាត់ទោសប្រហារជីវិតពីបទឧក្រិដ្ឋកម្មគ្រឿង ញៀនក្នុងចំណោមមនុស្ស ១៨ នាក់ បន្ទាប់ពីតុលាការទីក្រុងហូជីមិញបានបើកសវនាការកាត់ក្ដីអស់រយៈពេល ៤ ថ្ងៃ។
ប្រទេសវៀតណាម ត្រូវបានគេស្គាល់ថាជាប្រទេសដែលមានច្បាប់តឹងរ៉ឹងខ្លាំងប្រឆាំងនឹងគ្រឿងញៀន និងបានអនុវត្តទោសប្រហារជីវិតដោយសម្ងាត់ផងដែរ។ ក្នុងចំណោម ១៨ នាក់នោះ ក៏មានជនជាតិចិនលោក លី ធៀនគួន (Li Tian Guan) អាយុ ៥៨ ឆ្នាំ និងជាមេខ្លោងជនជាតិវៀតណាមម្នាក់ លោក ឡឺ ហូវុក (Le Ho Vu)អាយុ ៣៦ឆ្នាំ។ មនុស្ស ១៤ នាក់ផ្សេងទៀតដែលជាប់ពាក់ព័ន្ធនឹងករណីដដែលនេះ ក៏ត្រូវបានកាត់ទោសប្រហារជីវិតដូចគ្នា បន្ទាប់ពីការកាត់ក្ដីរបស់តុលាការគ្រួសារ និងអនីតិជន ដែលស្ថិតនៅក្រោមតុលាការប្រជាជនទីក្រុងហូជីមិញ។
យោងតាមគេហទំព័រសារព័ត៌មានរដ្ឋវៀណាមមួយឈ្មោះថាខុង អាន់ ញ៉ាន់ ដាន (Cong an Nhan dan) បានរាយការណ៍ថា«ក្រុមឧក្រិដ្ឋជនទាំងនេះបានរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនជាង ២១៦ គីឡូក្រាមក្នុងចន្លោះពីខែឧសភាដល់ខែមិថុនាឆ្នាំ២០២០»។ អាជ្ញាធរបានរឹបអូសបានថ្នាំញៀនជាង ១៦៨ គីឡូក្រាម ក្នុងអំឡុងពេលប្រតិបត្តិការ ប៉ុន្តែប្រភេទនៃគ្រឿងញៀនជាក់លាក់មិនត្រូវបានបញ្ជាក់នោះទេ។
គ្រឿងញៀនទាំងនោះត្រូវបានដឹកជញ្ជូនពីប្រទេសកម្ពុជាទៅកាន់ទីក្រុងហូជីមិញ ដែលមួយចំនួនត្រូវបានប្រើប្រាស់ក្នុងស្រុក ហើយខ្លះទៀតត្រូវបានបញ្ជូនទៅកូរ៉េខាងត្បូង។នេះបើយោងតាមការសារភាពរបស់មេខ្លោងជនជាតិវៀតណាម លោក វូ ។
ប្រតិបត្តិការនេះត្រូវបានប៉ូលិសវៀតណាមចាប់បាននៅថ្ងៃទី១៩ខែកក្កដានៅទីក្រុងហូជីមិញ ពោលគឺនៅពេលដែលអាជ្ញាធរបានត្រួតពិនិត្យរថយន្តកុងតឺន័រដែលកំពុងត្រៀមនឹងសម្អាតគយសម្រាប់ការដឹកជញ្ជូនទៅកាន់ប្រទេសកូរ៉េខាងត្បូង។
នៅខាងក្នុងទូកុងតឺន័រនោះសមត្ថកិច្ចបានរកឃើញកញ្ចប់ផ្លាស្ទីកចំនួន៤០កញ្ចប់ ដោយមានមេតំហ្វេតាមីនចំនួន ៣៩,៥ គីឡូក្រាម។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមដដែលបានរាយការណ៍ថា ៖ «លោក វូ ត្រូវបានកាត់ទោសពីបទដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ និងប្រើប្រាស់ត្រា និងឯកសារក្លែងក្លាយ»។
រីឯឧក្រិដ្ឋជនចំនួន ១៧នាក់ផ្សេងទៀត ត្រូវបានរកឃើញថាមានពិរុទ្ធពីបទចោទប្រកាន់ពាក់ព័ន្ធនឹងគ្រឿងញៀន រួមទាំងការកាន់កាប់ដោយខុសច្បាប់ ការជួញដូរ ការដឹកជញ្ជូន និងការសហការរៀបចំការប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់។
ដោយឡែក ជនជាប់ចោទចំនួន ៣នាក់ផ្សេងទៀតត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយក្មេងអាយុក្រោម១៨ឆ្នាំម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ។
យ៉ាងណាមិញ ពេលវេលានៃថ្ងៃប្រហារជីវិតមិនទាន់ដឹងនៅឡើយទេ។ ជាទូទៅ វៀតណាមតែងតែកាត់ទោសប្រហារជីវិតទៅលើឧក្រិដ្ឋជនគ្រឿងញៀន ហើយជាប្រទេសមួយដែលស្ថិតក្នុងចំណោមប្រទេលដែលមានទោសប្រហារជីវិតនៅទូទាំងពិភពលោក។ ជាក់ស្ដែង មានមនុស្សជាង ១០០ នាក់ត្រូវបានកាត់ទោសប្រហារជីវិតកាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ និងមជ្ឈមណ្ឌលព័ត៌មានអំពីទោសប្រហារជីវិត។
ជាធម្មតា មុនពេលប្រហារជីវិត ឧក្រិដ្ឋជនទាំងអស់នោះ ភាគច្រើនត្រូវបានចាប់ឃុំខ្លួនរយៈពេលវែង ហើយព័ត៌មានលម្អិតអំពីការកាត់ក្តី និងការស្លាប់របស់ពួកគេគឺពិបាកក្នុងការទទួលបានខ្លាំងណាស់ ដោយសារតែគ្មានការប្រកាសជាសាធារណៈ។ ក្នុងឆ្នាំ២០១៧ តុលាការវៀតណាមបានកាត់ទោសប្រហារជីវិតអ្នកជួញដូរគ្រឿងញៀន ៨នាក់ពីបទរត់ពន្ធហេរ៉ូអ៊ីនចូលទៅក្នុងប្រទេសចិន។ចាប់តាំងពីឆ្នាំ២០១៣មក វៀតណាមបានប្រើប្រាស់វិធីសាស្ត្រប្រហារជីវិតដោយការបាញ់សម្លាប់ឬការចាក់ថ្នាំសម្លាប់នៅលើគ្រែតែម្ដង៕