ប្រទេស​ចិន​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ខ្លួន​នឹង​ធ្វើ​សម​យុទ្ធ​យោធា​រួម​គ្នា​នៅ​ក្នុង​ខែ​នេះ​ជាមួយ​ប្រទេ​ស​​សមាជិក​​​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (អាស៊ាន)​ ចំនួន​ ៥ ដោយ​នឹង​ផ្តោត​លើ​ការ​ប្រឆាំង​ភេរវកម្ម​ និង​សន្តិសុខ​ដែន​សមុទ្រ​។​

​ក្រសួង​ការពារ​ជាតិ​ចិន​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា​​ សមយុទ្ធ​​យោធា​នោះ​ ​មាន​ឈ្មោះ​ថា​ ​«​AmanYouyi 2023»​ហើយ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​​ពី​ពាក់​កណ្តាល​ ដល់​ចុង​ខែ​វិច្ឆិកា​ នៅ​​សមុទ្រក្បែរ​ក្រុង​​ Zhanjiang ​នៃ​​ខេត្ត​ក្វាង​ទុង​ នា​ភាគ​ខាង​ត្បូង​​​ប្រទេស​ចិន​។

ប្រទេស​អាស៊ាន​ទាំង​៥​ ដែល​នឹង​ចូល​រួម​ រួម​មាន​​​ម៉ាឡេស៊ី ​ថៃ ​វៀតណាម​ កម្ពុជា​ និងប្រទេស​​ឡាវ​។  ​សម​យុទ្ធ​នេះ​មាន​គោល​បំណង​ពង្រឹង​សមត្ថភាព​ប្រឆាំង​ភេរវកម្ម​ និង​ប្រឆាំងចោរកម្ម​តាម​​សមុទ្រ​​​តាម​បែប​ផែន​នៃ​ទីក្រុង​ និង​ដែន​សមុទ្រ​ ​​ក្នុង​ចំណោម​ប្រទេស​ដែល​ចូល​រួម​ ដើម្បី​សន្តិភាព​ និង​ស្ថិរភាព​ក្នុង​តំបន់​។​


សម​យុទ្ធ ​AmanYouyi​ មាន​ការ​ផ្តួច​ផ្តើម​ពី​ចិន​ និង​ម៉ាឡេស៊ី​។ ​​​​​ម៉ាឡេស៊ី​​បាន​​ធ្វើ​​ជា​​ម្ចាស់​​ផ្ទះ​​​នៃ​សម​យុទ្ធ​នេះ​ នៅ​ឆ្នាំ​២០១៥ និង​ឆ្នាំ​​២០១៦​។ ​សមយុទ្ធដែល​រៀប​ចំ​ដោយ​ចិន​នៅ​​ឆ្នាំ​នេះ​ វៀតណាម​ កម្ពុ​ជា​ និង​ឡាវ​ នឹង​ចូល​រួម​​ជា​លើក​ដំបូង​។

​ហ្វីលីពីន​ ដែល​បាន​ប៉ះ​ទង្គិច​ជាមួយ​ចិន​ជុំ​វិ​ញ​សិទ្ធិ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ បាន​ចូល​រួម​ជា​អ្នក​សង្កេត​ការ​ណ៍​នៅ​ក្នុង​សមយុទ្ធ​កាល​ពី​លើក​មុន​ៗ​ ប៉ុន្តែ​នឹង​មិន​ចូល​រួម​ធ្វើ​អ្វីនា​ពេល​នេះ​ទេ​។ ​


សមយុទ្ធ​ AmanYouyi នឹង​ប្រព្រឹត្ត​ទៅ​ចំ​ពេល​ដែល​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​តាន​តឹង​។ កាលពី​ពេល​ថ្មី​ៗ​នេះ​ ​​​កប៉ាល់​ឆ្មាំ​ឆ្នេរ​សមុទ្រ​ចិន​ និង​ហ្វីលីពីន​ ​​ប៉ះ​ទង្គិ​ច​គ្នា​នៅ​ក្បែរ​កោះ​ថ្ម​ប៉ប្រះ​ទឹក​​ Thomas Shoal ​ក្នុង​ប្រជុំ​កោះ​ជម្លោះ​ស្រ្ពាតលី​។

ហ្វីលីពីន​​បាន​ហៅ​សកម្មភាព​របស់​ចិន​ថា​​ខុស​ច្បាប់​​ និង​​គ្រោះ​ថ្នាក់​​ ខណៈ​​ចិន​​បាន​និយាយ​ថា​ សកម្មភាព​របស់​ហ្វីលីពីន​បាន​រំលោភ​លើ​អធិបតេយ្យភាព​ទឹក​ដី​របស់​ចិន​ និង​សេចក្តី​ប្រកាស​ស្តី​ពី​ការ​ប្រតិបត្តិ​នៃ​ភាគី​នានា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​៕ ​