ប្រធានាធិបតី​អ៊ុយក្រែន​ លោក​ វ្ល៉ូឡូឌីមៀរ​​ ហ្សេឡេនស្គី​ កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​ព្រមាន​ប្រាប់​ប្រជាជន​អ៊ុនក្រែន​​ឱ្យ​ត្រៀម​ខ្លួន​សម្រាប់​រលក​ថ្មី​នៃ​ការ​វាយ​ប្រហារ​នា​រដូវ​រងា​របស់​រុស្ស៊ី​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​អ៊ុយក្រែន​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

លោក​ ហ្សេឡេនស្គី​ បាន​ចេញ​ការ​ព្រមាន​​នេះ​ ​ក្នុង​អំឡុង​​​សុន្ទរកថា​​​​ប្រចាំ​ថ្ងៃ​របស់​លោក​ ដែល​ធ្វើ​ឡើង​មួយ​ថ្ងៃ​ បន្ទាប់​ពី​​កង​កម្លាំង​​វាយ​ប្រហារ​ដោយ​មីស៊ីល​លើ​ទីក្រុង​កៀវ​ ក្រោយ​ស្ងាត់​​អស់​រយៈ​ពេល​ជាង​ ៧សប្ដាហ៍​​។ ​

លោក ហ្សេឡេស្គី និយាយ​យ៉ាង​ដូច្នេះ​​ថា​៖ «​យើង​ចូល​ជិត​ពាក់​កណ្ដាល​ខែ​​វិច្ឆិកា​​ហើយ​ ហើយ​​ត្រូវ​​តែ​​ត្រៀម​​ខ្លួន​សម្រាប់​ការ​ពិត​ដែល​ថា​ សត្រូវ​អាច​បង្កើន​ចំនួន​ដ្រូន​ ​​ឬ​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​យើង​»​។


លោក​បន្ត​ថា​៖ «​រុស្ស៊ី​ កំពុង​រៀប​ចំ​សម្រាប់​អ៊ុយក្រែន​។​ ហើយ​នៅ​ទីនេះ​ នៅ​អ៊ុយក្រែន​ ការ​យក​ចិត្ត​ទុក​ដាក់​ទាំង​អស់​គួរ​តែ​ផ្តោត​លើ​ការ​ការពារ​ លើ​ការ​ឆ្លើយ​តប​នឹង​ភេរវករ​ លើអ្វី​គ្រប់​យ៉ាង​ដែល​អ៊ុយក្រែន​អាច​ធ្វើ​បាន​ ដើ​ម្បី​ឆ្លង​កាត់​រដូវ​រងា​ និង​បង្កើន​សមត្ថភាព​ទាហាន​របស់​យើង​»​។

កាល​ពី​រដូវ​រងា​ឆ្នាំ​មុន​ ពោល​គឺ​ប្រហែល​ ១០ ខែ ​​ក្រោយ​រុស្ស៊ី​ចាប់​ផ្ដើម​ «​ប្រតិបត្តិការ​យោធា​» របស់​ខ្លួន​ ​​រុស្ស៊ី​បាន​ធ្វើ​ការ​វាយ​ប្រហារ​លើ​​ទីតាំង​​ថាមពល​ និង​រោង​ចក្រ​​ផ្សេង​ទៀត​ដែល​ភ្ជាប់​ទៅ​នឹង​បណ្តាញ​ថាមពល​ ដែល​ជំរុញ​ឱ្យ​មាន​ការ​ដាច់​ចរន្ត​អគ្គិសនី​នៅ​​​នៅ​តំបន់​ផ្សេង​ៗ​ទូទាំង​ប្រទេស​ ចំ​ពេល​ដែល​ធាតុ​អាកាស​ចុះ​ត្រជាក់​ខ្លាំង​។ 


​រដ្ឋ​មន្ត្រី​ថាមព​ល​អ៊ុយក្រែន​ លោក​ Herman Halushchenko ​​​​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​​ផង​ដែរ​ថា​ អ៊ុ​យក្រែន​នឹង​មាន​ធន​ធាន​ថាមពល​គ្រប់​គ្រាន់​ដើម្បី​ឆ្លង​កាត់​រដូវ​រងា​ ប៉ុន្តែ​បាន​បន្ថែម​ថា​ មាន​កង្វង់​ជុំ​វិញ​ថា​តើ​ការ​វាយ​ប្រហារ​នា​ពេល​ខាង​មុខ​របស់​រុស្ស៊ី​ អាច​ប៉ះ​ពាល់​ដល់​ការ​ផ្គត់​ផ្គង់​ថាមពល​​ដល់​កម្រិត​ណា​។ ​

កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​ មន្ត្រី​អ៊ុយក្រែន​ បាន​​អះ​អាង​ថា​ ​​រុស្ស៊ី​បា​​​​ន​វាយ​ប្រហារ​ហេដ្ឋា​រចនា​សម្ព័ន្ធស៊ីវិល​​អ៊ុយក្រែន​ ចំនួន​៦០​ ដង​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ​ ដែល​​នេះ​ជា​​ការ​ចង្អុល​បង្ហាញ​ថា​ យុទ្ធនាកា​រ​​របស់​រុស្ស៊ី​ក្នុង​ការ​​វាយ​ប្រហារលើ​​​ហេដ្ឋា​រចនា​សម្ព័ន្ធអាច​នឹង​ដំណើរ​ការ​រួច​ហើយ​។ រុស្ស៊ីតែង​​ច្រាន​ចោល​ការ​អះ​អាង​ណា​មួយ​ ដែល​ថា​ខ្លួន​កំណត់​គោល​ដៅ​លើ​ការ​វាយ​ប្រហារ​ហេដ្ឋារចនា​សម្ព័ន្ធ​ស៊ីវិល​៕