រដ្ឋមន្ត្រី​ការពារជាតិ​នៃ​ប្រទេស​កូរ៉េខាងត្បូង និង​សហរដ្ឋ​អាមេរិក ជួបប្រជុំគ្នា​នៅ​ថ្ងៃ​ចន្ទ​ សម្រាប់​កិច្ចពិភាក្សា​ផ្នែក​សន្តិសុខ ដោយ​រំពឹងថា​នឹង​ផ្តោតលើ​ការ​រួមគ្នា​ប្រឆាំងនឹង​ការគំរាមកំហែង​ពី​កូរ៉េខាងជើង រួមទាំង​តាមរយៈ​ការអនុវត្ត​យុទ្ធ​សាស្ត្រ​បន្ថែម​ការ​ទប់ទល់​។ នេះ​បើតាម​ការរាយការណ៍រ​បស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​។

​យុទ្ធសាស្ត្រ​បន្ថែម​ការ​ទប់ទល់ ដែល​សហរដ្ឋអាមេរិក​នឹង​ប្រើ​​ប្រាស់​ធនធាន​យោធា​ជា​យុទ្ធ​សាស្ត្រ​រួមទាំង​ធនធាន​នុយ​ក្លេ​​អ៊ែរ​ដើម្បី​ការពារ​សម្ព័ន្ធមិត្ត​រប​ស់​ខ្លួន កាន់​តែមាន​សារៈសំខាន់ នៅពេលដែល​កូរ៉េខាងជើង បន្ត​ទៅមុខ​ជាមួយនឹង​កម្មវិធី​មី​ស៊ី​ល​ផ្លោង និង​នុយក្លេអ៊ែរ​របស់ខ្លួន​។​

​រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េ​ខាង​ត្បូង លោក Shin Wosik​ បាន​ស្វាគមន៍​សម​ភាគី​អាមេរិក លោក Lloyd Austin សម្រាប់​កិច្ចប្រជុំ​ប្រឹក្សា​សន្តិសុខ​ប្រចាំឆ្នាំ (SCM) ដោយ​អ្នក​ទាំង​ ២​ រំពឹងថា ​នឹង​ពិនិត្យមើល​ផែនការ​សម្រាប់​អនាគត​នៃ​សម្ព័ន្ធភាព​។​


​សង្គ្រាម​អ៊ីស្រា​អែល​ហា​ម៉ាស់ និង​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​ ដែល​កំពុង​បន្ត បាន​បន្ថែម​បន្ទុក​លើ​កិច្ចប្រជុំ ចំពេល​ទីក្រុង​ព្យុងយ៉ាង​មាន​កិច្ច​សហ​ប្រតិបត្តិការ​យោធា​កាន់តែខ្លាំង​ឡើងជា​មួយ​ទីក្រុង​ម៉ូស្គូ និង​កង្វល់​ពាក់ព័ន្ធ​នឹង​ការគាំទ្រ​របស់​កូរ៉េខាងជើង​ចំពោះ​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស់​។​ ​ការវាយប្រហារ​របស់​ក្រុម​ហា​ម៉ាស់​លើ​អ៊ីស្រា​អែល ​ធ្វើឱ្យ​កូរ៉េខាងត្បូង​ចងចាំ និង​ប្រុងខ្លួន​។​

​កាលពី​ថ្ងៃអាទិត្យ ប្រ​ធានា​ធិ​ប​តី​កូរ៉េខាងត្បូង លោក Yoon SukYeol បាន​និយាយ​ពេល​ជួបជុំ​ទទួលទាន​អាហារ​ពេល​ល្ងាច​ក្នុងនាម​ជា​ម្ចាស់ផ្ទះ សម្រាប់​ក្រុមមន្ត្រី​ពី​ប្រទេស​ផ្សេងៗ​ដែល​ចូលរួម​កិច្ចប្រជុំ SCM ថា សម្ព័ន្ធ​មិត្ត​ត្រូវតែ​ត្រៀមខ្លួន​សម្រាប់​ការ​បង្កហេតុ​ណាមួយ​ពី​កូរ៉េខាងជើង​រួមទាំង​ «​ការវាយប្រហារ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​បែប​ហា​ម៉ាស់​»៕​