ប្រទេស​ថៃ​ ដែល​ទើប​រងគ្រោះ​ដោយសារ​ការបាញ់រះ​នៅ​ផ្សារ​​ទំនើប​បណ្តាលឱ្យ​ភ្ញៀវទេសចរ​ចិន​ស្លាប់ និង​រងរបួស គ្រោង​នឹង​អនុញ្ញាតឱ្យ​ប៉ូលិស​ចិន​ល្បាត​ក្នុងប្រទេស​ថៃ​ ដើម្បី​បង្កើន​ទំនុកចិត្ត​ភ្ញៀវទេសចរ​ចិន​ដែល​រដ្ឋាភិបាល​ថៃ​ប្រឹងប្រែង​លើកទឹកចិត្ត​តាម​រយៈ​ការលើកលែង​ទិដ្ឋាការ​។​

សារព័ត៌មាន The Nation មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក បាន​ផ្សាយ​ថា ក្នុង​គោលបំណង​ជំរុញ​ទំនុកចិត្ត​របស់​ភ្ញៀវ​ទេស​ចរ​ចិន អាជ្ញាធរ​ថៃ​បានសម្រេច​ឱ្យ​មន្ត្រីប៉ូលិស​ចិន​ចូលរួម​ក្នុង ការ​ល្បាត​នៅតាម​ទីក្រុង​ទេស​​ចរណ៍​មួយចំនួន​ក្នុងប្រទេស​ថៃ​។​

ការសម្រេច​បែបនេះ​បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នាយករដ្ឋមន្ត្រី​ថៃ លោក សេដ្ឋា ថា​វី​ស៊ីន មុនពេល​លោក​ចេញដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​ដើម្បី​ចូលរួម​ប្រជុំ​កំពូល APEC នៅ​ទីក្រុង​ សាន់ ហ្រ្វា​ន់​ស៊ី​ស្កូ​ក្នុង​សប្តាហ៍​នេះ​។​


​លោកស្រី Thapanee Kiatphaibool នាយក​អាជ្ញាធរ​ទេសចរណ៍​ថៃ (TAT) បានប្រកាស​ពី​ការផ្លាស់ប្តូរ​នេះ​កាល​ពីថ្ងៃ​អាទិត្យ បន្ទាប់ពី​បាន​ចូល​​រួម​កិច្ចប្រជុំ​ជាមួយ​នាយក​រដ្ឋ​មន្ត្រី សេដ្ឋា ថា​វី​ស៊ីន (Srettha Thavisin) នៅ​អាកាស​យានដ្ឋាន​សុវណ្ណ​ភូមិ​។​

លោកស្រីបាន​លើកឡើងថា ការផ្តោត​សំខាន់​នៃ​កិច្ចប្រជុំ​គឺ​ការដោះស្រាយ​បញ្ហា​សន្តិសុខ និង​ការធានា​គុណភាព​នៃ​សេវាកម្ម​ដែល​ផ្តល់​ដល់​ភ្ញៀវទេសចរ​ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​ថៃ ហើយ ដើម្បី​សម្រេចបាន​នូវ​គោលបំណង​ទាំងនេះ TAT និង​ក្រសួងទេសចរណ៍ និង​កីឡា​ចាំបាច់​ត្រូវ​សហការ​ជាមួយ​ការិយាល័យ​ស៊ើបអង្កេត​កណ្តាល និង​ប៉ូលិស​ទេសចរណ៍​។​


តាម​ការគ្រោងទុក ការពិភាក្សា​ស្តីពី​ការដាក់​ពង្រាយ​ប៉ូលិស​ចិន​សម្រាប់​ការ​ល្បាត​នៅក្នុង​ទីក្រុង​ទេសចរណ៍​សំខាន់ៗ​របស់​ប្រទេស​ថៃ​នឹង​ធ្វើឡើង​ជាមួយ​ស្ថានទូត​ចិន​នៅ​ថ្ងៃទី​ ១៥​​ វិច្ឆិកា​។​

 ការដាក់​ពង្រាយ​ប៉ូលិស​ចិន​នេះ​គឺ​យក​គំរូ​ជោគជ័យ​ដែល​អនុវត្ត​នៅក្នុង​ប្រទេស​អ៊ីតា​លី​។​

​គេ​រំពឹងថា គំនិត​ផ្តួចផ្តើម​នេះ​នឹង​រួមចំណែក​ដល់​គោលដៅ​នៃ​ការទទួល​ភ្ញៀវទេសចរ​ចិន​ប្រ​មាណ​ ៤,៤​ លាន​នាក់​ រយៈពេល ​​២​​ ខែ​ចុងក្រោយ​នៃ​ឆ្នាំនេះ​។​

លោកស្រី Thapanee និយាយថា​៖ «​វា​ចាំបាច់​ត្រូវមាន​ប៉ូលិស​ចិន​នៅក្នុង​ប្រទេស​ថៃ ព្រោះ​វា​នឹង​ជួយ​យើង​បង្ហាញ​ភ្ញៀវទេសចរ​ចិន​ថា ប្រទេស​ថៃ​ កំពុង​ពង្រឹង​វិធានការ​សន្តិសុខ​របស់​ខ្លួន​។ ជាមួយគ្នានេះ ទំនុក​ចិត្ត​របស់​អ្នកធ្វើដំណើរ​នឹងត្រូវ​បាន​ជំរុញ ប្រសិនបើ​មន្ត្រីប៉ូលិស​របស់​ពួកគេ​អាច​បញ្ជាក់ថា​ប្រទេស​ថៃ​មាន​សុវត្ថិភាព​»​។​

​ការមកដល់​របស់​ជ​ន​ជាតិ​​ចិន​បាន​ថយចុះ​បន្ទាប់ពី​ក្មេង​​ប្រុស​អាយុ​ ១៤​ ឆ្នាំ​ម្នា​ក់ បាន​ទៅ​បាញ់ប្រហារ​នៅក្នុង​ផ្សារ​ទំនើប​មួយ​ក្នុង​ទីក្រុង​បាងកក​ កាលពីដើម​ខែតុលា ហើយ​បានសម្លាប់​អ្នកទេសចរ​ចិន​ម្នាក់ និង​ម្នាក់ទៀត​រងរបួស​។ ចាប់ពីពេលនោះ ចំនួន​ភ្ញៀវទេសចរ​ចិន​រាប់ម៉ឺន​នាក់​បាន​លុបចោល​ដំណើរ​កម្សាន្ត​ទៅកាន់​ប្រទេស​ថៃ​៕