​ក្នុង​ជំនួប​ទ្វេភាគី​​​​ស្របដំណើ​រ​ទៅកាន់​សហរដ្ឋ​អាមេរិក​​ ដើម្បី​ចូលរួម​​កិច្ច​ប្រជុំ​​កំពូល​ «កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក (APEC)» ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូ​កូ វី​ដូ​ដូ ដែល​មាន​ប្រជាជន​មូស្លីម​ច្រើន​បំផុត​ក្នុង​ពិភពលោក បាន​​សង្កត់​​​ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន ដែល​ជា​​អ្នក​​​​ផ្តល់​ការ​គាំទ្រ​​អ៊ីស្រាអែល​ ដោយ​ជំរុញ​ឱ្យ​អាមេរិក​​ធ្វើសកម្មភាព​បន្ថែមទៀត​ដើម្បី​បញ្ចប់ «ភាពឃោរឃៅ» នៅក្នុង​តំបន់​ហ្គា​ហ្សា និង​ជួយ​នាំមក​នូវ​បទ​ឈប់​បាញ់​មួយ។

សង្គ្រាម​អ៊ីស្រាអែល និង​ក្រុម​ហា​ម៉ាស់​បាន​ឡេស្ទីន​​ បាន​គ្របដណ្ដប់​លើ​កិច្ចចរចា​របស់​​​ភាគី​ទាំង​ពីរ​​ ដែលមាន​បំណង​បង្ហាញ​ពី​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​រវាង​ឥណ្ឌូនេស៊ី និង​សហរដ្ឋអាមេរិក មុនពេល​កិច្ចប្រជុំ​របស់​លោក បៃ​ដិន ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង (Xi Jinping) នៅ​សប្តាហ៍​នេះ។

ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ AFP បាន​រាយការណ៍​ថា លោក ប្រធានា​​ធិបតី​ឥណ្ឌូនេស៊ី ចូកូ វីដូដូ មេដឹកនាំ​នៃ​ប្រជាជាតិ​ដែលមាន​ប្រជាជន​មូស្លីម​ភាគច្រើនបំផុត​នៅលើ​ពិភពលោក​បាន​​និយាយថា «ឥណ្ឌូនេស៊ី​អំពាវនាវ​ដល់​សហរដ្ឋ​អាមេរិក​ឱ្យធ្វើ​បន្ថែមទៀត​ដើម្បី​បញ្ឈប់​អំពើ​ឃោរឃៅ​នៅ​ហ្គា​ហ្សា។ បទ​ឈប់​បាញ់ គឺជា​កត្តាចាំបាច់​សម្រាប់​មនុស្សជាតិ»។



ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា លោក​នឹង​នាំ​​សា​រដ៏សំខាន់​មួយ​ទៅ​កាន់​​ ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក ពី​កិច្ចប្រជុំ​កំពូល​រួម​នៃ​មេដឹកនាំ​អារ៉ាប់ និង​មូស្លីម​នៅ​ទីក្រុង រីយ៉ាដ (Riyadh) ប្រទេស​អារ៉ាប៊ីសាអូឌីត​នៅ​ចុង​សប្តាហ៍​នេះ​​ ដែល​បាន​ថ្កោលទោស​អ៊ីស្រាអែល និង​បាន​អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់។

លោក Widodo ក៏បាន​និយាយ​ផងដែរ​ថា លោក​នឹង «បញ្ជូន​សារ​ជាក់លាក់​មួយ​ពី​ប្រធានាធិបតី Mahmoud Abbas នៃ​ប៉ា​ឡេ​ស្ទី​ន ដែល​បាន​សុំឱ្យ​ខ្ញុំ​បញ្ជូន​វា​ទៅ​ប្រធានាធិបតី បៃ​ដិន» ទាក់ទង​នឹង​សង្គ្រាម។


ក្នុង​បរិបទ​សង្គ្រាម​​អ៊ីស្រាអែល​​ និង​ក្រុមហាម៉ាស់ ​ប៉ាឡេស្ទីន​ ដែល​កំពុ​ង​វិឌ្ឍន​​ទៅ​មុខ​អស់រ​យៈពេល​ជា​ង ១ ខែ​ នេះ ​​អ៊ីស្រាអែល​​ធ្លាប់​បដិសេធ​​​​បទ​ឈប់​បាញ់​ណាមួយជាមួយក្រុមហាម៉ាស់ ​រហូត​ដល់ខ្លួន​អាច​គ្រប់គ្រង​តំបន់ហ្គាហ្សា ​បានទាំង​ស្រុង។​​ ជំហរ​របស់​អ៊ីស្រាអែល​ ក៏​ធ្លាប់​​ទាត់​ចោល​​​​សំណើរ​របស់អាមេរិក ​ដែលជាអ្នក​គាំទ្រ​ខ្លួនជុំវិញ​កា​រគ្រប់គ្រងតំបន់ហ្គាហ្សា​ក្រោយ​អ៊ីស្រាអែល ​វាយកម្ទេស​ក្រុមហាម៉ាស់៕