កម្រិតជាតិពុល​នៅក្នុង​ខ្យល់អាកាស​កំពុងតែ​រំខាន​កាន់តែខ្លាំង​ដល់​ជីវិត​មនុស្ស​រាប់លាន​នាក់ ​នៅ​អាស៊ី​ខាងត្បូង។ដោយសារ​ការបំពុល​ទាំងនេះ ​តំបន់​ខ្លះ​ត្រូវ​បង្ខំចិត្ត​បិទ​សាលារៀន​ផ្អាក​ការ​ប្រារព្ធ​ព្រឹត្តិការណ៍សំខាន់ៗ និង​តំបន់​ខ្លះទៀត​រដ្ឋាភិបាល​ឈានដល់​ការជំរុញឱ្យ​ប្រជាជន​នៅតែ​ក្នុងផ្ទះ​ដើម្បី​រក្សា​សុខភាព។

ការបំពុល​ខ្យល់​កាន់តែ​អាក្រក់​នេះ​គឺជា​បញ្ហា​ប្រចាំកាយ​សម្រាប់​ប្រជាជាតិ​អាស៊ី​ខាងត្បូង​ជារួម។បើទោះជា​រដូវរងា​រខិត​ចូលមក​ដល់​សារធាតុបំពុល​ទាំងនោះ​ក៏​មិន​បានចេញ​ទៅណា​ឆ្ងាយ​ដែរ​ពោលគឺ​វា​នឹង​ស្ថិតនៅ​ជាប់គាំង​ជាមួយ​ស្រទាប់​បរិយាកាស​ហើយនឹង​រលាយ​មកវិញ​នៅ​រដូវក្ដៅ។

អាស៊ី​ខាងត្បូង​បាន​ក្លាយជា​ចំណុចក្តៅ​សកល​សម្រាប់​ការបំពុល​ខ្យល់​ ដោយ​ការសិក្សា​បាន​រកឃើញថា​ ប្រទេស​ចំនួន ៤ និង​ទីក្រុង​ចំនួន ៩ ក្នុងចំណោម​ប្រទេស ​និង​ទីក្រុង ដែលមាន​ការបំពុល​ខ្យល់​ខ្លាំង​បំផុត​គឺ​ស្ថិតនៅក្នុង​តំបន់​អាស៊ី​ខាងត្បូង​នេះឯង។


មូលហេតុ​នៃ​ការបំពុល

ក្នុង​រយៈពេល​ពីរ​ទស​វត្សរ៍​កន្លងមកនេះ ​បណ្តា​ប្រទេស​នៅ​អាស៊ី​ខាងត្បូង ​បាន​ស្គាល់​ការរីកចម្រើន​គួរឱ្យកត់សម្គាល់។ ការរីកចម្រើន​បែបនេះ​ ក៏​មានន័យថា​ ឧស្សាហូបនីយកម្ម​ និង​កំណើនប្រជាជន ​មានការ​កើនឡើង ​ដែលនាំឱ្យ​តម្រូវការ​ថាមពល ​និង​ឥន្ធនៈ​ហ្វូ​ស៊ី​ល ​កើនឡើង​ដូចគ្នា។


ខណៈពេលដែល​សកម្មភាព​រោងចក្រ​ឧស្សាហកម្ម​ និង​យានជំនិះ​ជាការ​បំពុល​របស់​ប្រទេស​ភាគច្រើន​អាស៊ី​ខាងត្បូង​ឯណេះ​វិញ​បែរជា​បង្កើន​សកម្មភាព​បំពុល​តាមរយៈ​ការ​ចម្អិន​អាហារ​ការបូជា​សព​និង​ការដុត​ផ្ទៃដី​កសិកម្ម​ទៅវិញ។

ឧទាហរណ៍​ជាក់ស្ដែង ​ប្រហែលជា ៣៨% នៃ​ការបំពុល​នៅ​ទីក្រុង​ញូ​វ​ដេលី​ក្នុងឆ្នាំនេះ​ គឺ​បណ្តាលមកពី​ការដុត​ផ្ទៃដី​កសិកម្ម​ដែលជា​វិធី​ធ្វើ​កសិកម្ម​តាមបែប​ប្រពៃណី​របស់​កសិករ​ឥណ្ឌា។

ការកើនឡើង​នៃ​ចំនួន​យានជំនិះ​នៅលើ​ផ្លូវថ្នល់​ ដោយសារ​ការអភិវឌ្ឍន៍​ក៏មាន​ចំណែក​ក្នុងការ​ធ្វើឱ្យ​បញ្ហា​បំពុល​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ផងដែរ។ជាក់ស្ដែង​នៅក្នុង​ប្រទេស​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​ចំនួន​យានយន្ត​បាន​កើនឡើង ៤ ដង ​ចាប់​តាំងពីដើម​ទសវត្សរ៍​ឆ្នាំ២០០០ មក។

ទីក្រុង​ញូវដែលី ​បាន​ជាប់​ចំណាត់ថ្នាក់​ជា​រដ្ឋធានី ​ដែលមាន​ការបំពុល​ខ្លាំង​បំផុត​របស់​ពិភពលោក​ក្នុង​រយៈពេល ៤ ឆ្នាំជាប់ៗគ្នា​ដោយ​ក្នុងចំណោម​ប្រជាជន ១ ពាន់​នាក់​ មាន​យានជំនិះ​ចំនួន ៤៧២ គ្រឿង។ បើ​យោងតាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ឥណ្ឌា​គិត​ត្រឹម​ឆ្នាំ២០២២ យានយន្ត​ប្រមាណ​ជិត ៨ លាន ​គ្រឿង ​កំពុងធ្វើដំណើរ​លើ​ដងផ្លូវ។

ប៉ុន្តែ​នេះ​ក៏​មិនមែន​មានន័យថា​បណ្ដា​ប្រទេស​នៅ​ប៉ែក​អាស៊ី​ខាងត្បូង ​មិនមាន​ការខិតខំ​ប្រឹងប្រែង​រក​ដំណោះស្រាយ​នោះដែរ។ប្រទេស​ប៉ែក​អាស៊ី​ខាងត្បូង​ បានចាប់ផ្តើម​ទប់ស្កាត់​ការបំពុល​ដោយ​ការដាក់ចេញ​នូវ​ផែនការ​គ្រប់គ្រង​គុណភាព​ខ្យល់​ការដំឡើង​បន្ថែមទៀត​នូវ​ឧបករណ៍​ត្រួតពិនិត្យ​ការបំពុល​ និង​ការជំរុញឱ្យ​មានការ​ផ្លាស់​ប្តូរ​ទៅជា​ថាមពល​ស្អាត (Clean Energy)។ ប៉ុន្តែ​យុន្ដ​ការដែល​ដាក់​ចេញទៅ​ទាំង​ប៉ុន្មាន​នេះ​មិនទាន់​ទទួលបាន​លទ្ធផល​គួរឱ្យកត់សម្គាល់​នៅឡើយ​ទេ។

អ្នកជំនាញ​និយាយថា​បញ្ហា​គឺ​នៅត្រង់​កង្វះខាត​ការសម្របសម្រួល​លើ​កិច្ចខិតខំ​ប្រឹងប្រែង​គ្រប់គ្រង​ការបំពុល​រវាង​ប្រទេស​ក្នុង​តំបន់។

ក្នុងន័យនេះ​ប្រទេស ​ដែល​ធ្វើ​សកម្មភាព​បំពុល​តិចតួច​ក៏​មិន​បានន័យថា​ មានការ​បំពុល​ទាប​នោះដែរ​ ដោយហេតុថា​ខ្យល់ពុល​អាច​បក់​ធ្វើដំណើរ​បាន​រាប់រយ​គីឡូម៉ែត្រ​ដោយ​ឆ្លងកាត់​ពី​ប្រទេសមួយ​ចូលទៅ​កាន់​ប្រទេស​មួយទៀត​បាន។មូលហេតុ​នេះហើយ​ដែលនាំឱ្យ​ការបំពុល​កាន់តែ​រីកសាយ​ភាយ​ធំ​ឡើង។

ឧទាហរណ៍​ប្រហែលជា ៣០% នៃ​ការបំពុល​នៅក្នុង​ទីក្រុងធំៗ របស់​ប្រទេស​បង់​ក្លា​ដែ​ស មាន​ប្រភព​ចេញ​មកពី​ប្រទេស​ឥណ្ឌា។ ម្លោះ​ហើយ​ដំណោះស្រាយ​ ចំពោះ​បញ្ហា​នេះ ​គឺ​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​គ្រប់​ប្រទេស​ ក្នុង​តំបន់​អាស៊ី​ខាងត្បូង ​តែម្ដង។

លើសពីនេះទៅទៀត​ គេ​ក៏ត្រូវ​យកចិត្តទុកដាក់​ទៅលើ​ការគ្រប់គ្រង​សំណល់​ទូទៅ ​និង​សំណល់​ក្នុង​វិស័យ​កសិកម្ម​ហើយ ​ដែល​សំខាន់បំផុត​ សម្រាប់​ប្រទេស​ឥណ្ឌា ​គឺ​ការកាត់បន្ថយ​ការដុត​ផ្ទៃដី​កសិកម្ម​ទៅជា​ការធ្វើ​កសិកម្ម​បែប​ទំនើប​វិញ៕