នាយករដ្ឋមន្ត្រី​អង់គ្លេស លោក រី​ស៊ី ស៊ូ​ណាក់ (Rishi Sunak) បានផ្តាស់ប្តូរ​សមាសភាព​​គណៈរដ្ឋ​មន្ត្រី​​របស់លោក ដោយ​​មាន​ការ​​​​ដក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​បន្ថែម​សមាសភាព​ថ្មី គឺ​អតីតនាយក​រដ្ឋមន្ត្រី​​​​ ដេវីដ ខេ​មឺ​រ៉ុ​ន (David Cameron) ​ដែលធ្លាប់​តតាំង​មិន​ឱ្យ​អង់គ្លេស ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​ ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​។ 

តាមការ​ចុះ​ផ្សាយ​នានា លោកស្រី ស៊ូ​ឡា ប្រា​វឺ​ម៉ាន (Suella Braverman) រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ត្រូ​វ​បាន​ដក​ចេញពី​តំណែង បន្ទាប់ពី​លោកស្រី​បាន​រិះគន់​ប៉ូលិស​អង់គ្លេស​ ថា ​មាន​ភាពយឺតយ៉ាវ​ក្នុងការ​ចាត់វិធានការ​ទៅលើ​ក្រុមបាតុករ​គាំទ្រ​ប៉ា​ឡេ​ស្ទី​ន និង​ប្រឆាំង​អ៊ីស្រាអែល។ 

រដ្ឋាភិបាល​បានលើកឡើង​ថា ការចាកចេញ​របស់លោក​ស្រី ប្រា​វឺ​ម៉ាន​ គឺជា​ផ្នែក​មួយ​នៃ​ការរុះរើ​គណៈរដ្ឋមន្ត្រី​ ដែល​ផ្តួច ផ្តើម​ដោយ លោក ស៊ូ​ណាក់ ដើម្បី​រៀបចំ​ក្រុម​រដ្ឋាភិបាលកំពូលៗរបស់គាត់។


ក្នុងការ​រុះរើ​នេះ​ លោក ចេ​ម ខ្លេ​វឺ​លី (James Cleverly) អតីតរដ្ឋមន្ត្រី​ការបរទេស ​ត្រូវបាន​ជ្រើសតាំង​ឱ្យចូល​កាន់​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ជំនួស​ឱ្យ​លោកស្រី ប្រា​វឺ​ម៉ាន។ លោកស្រី​ក៏បាន​សម្តែង​ការដឹងគុណ​ចំពោះ​ពេលវេលា​កន្លងមក​ដែល​លោកស្រី​បាន​បំពេញ​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ហើយ​បាន​និយាយថា លោកស្រី​ នឹង​ចែករំលែក​ព័ត៌មាន​លម្អិត​បន្ថែមទៀត​នាពេល​អនាគត។

ក្រោយ​ការដកតំណែង​របស់លោក​ស្រី ប្រា​វឺ​ម៉ាន លោក ស៊ី​ម៉ុ​ន ចេ​ន​គីន (Simon Jenkins) អ្នកនិពន្ធ​អត្ថបទ​បែប​អធិប្បាយ​ប្រចាំ​នៅ​កាសែត The Guardian បានចេញ​ផ្សាយ​អត្ថបទ​រិះគន់​លោកស្រី ប្រា​វឺ​ម៉ាន ថា លោកស្រី​មិនគួរ​ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ តាំងតែ​ពីដំបូង​មកម្ល៉េះ​ពោលគឺ​លោកស្រី​ត្រូវបានតែងតាំង ​ដោយសារ​ហេតុផល​មិន​សមរម្យ​ពីរ​យ៉ាង ទី១ ដើម្បី​ជាការ​លើកទឹកចិត្ត​ សម្រាប់​ការគាំទ្រ​លោកស្រី លី​ស ត្រាស្ស (Liz Truss) និង​លោក ស៊ូ​ណាក់ ​ក្នុង​យុទ្ធនាការ​ដឹកនាំ​របស់​ពួកគេ និងទី២ ដើម្បី​មាន​សំឡេង​ស្តាំនិយម​នៅក្នុង​គណៈរដ្ឋមន្ត្រី។


លោក ចេ​ន​គីន បាន​បន្ថែមថា ការបណ្តេញចេញ​ពីមុខ​តំណែង​របស់​លោកស្រី​មិនមែន​ដោយសារ​គាត់​បាន​បង្ខំ​មេ​ប៉ូលិស​ជាន់ខ្ពស់​ឱ្យ​បញ្ឈប់​បាតុកម្ម​ប្រឆាំង​អ៊ីស្រាអែល​នោះទេ ប៉ុន្តែ​គឺ​ដោយសារតែ​លោកស្រី​បានធ្វើឱ្យ​លោក ស៊ូ​ណាក់​ខឹងសម្បារ​ព្រោះតែ​បាន​សរសេរ​អត្ថបទ​កាសែត​មួយ​អំពី​បញ្ហា​នេះ។ លោក​បាន​រំលេច​ថា នេះ​មិនមែនជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​ប្រទេស​នោះទេ។

លោក ចេ​ន​គីន បានធ្វើការ​រំឭកថា ៖«វា​ជា​រឿង​ធម្មតា​ទេ​ដែល​នាយករដ្ឋមន្ត្រី​ តែងតាំង​មនុស្ស​ពី​បក្សពួកផ្សេងៗគ្នា​ចូលក្នុង​គណៈរដ្ឋមន្ត្រី។ ប៉ុន្តែ​គេ​គួរតែ​ជ្រើសរើស​មនុស្ស​ដែលមាន​សមត្ថភាព​បំផុត មិនមែន​មនុស្ស​ស្មោះត្រង់​បំផុត​នោះទេ។ លោក បូរី​ស ច​ន​សុន (Boris Johnson) មិនបាន​ធ្វើ​ដូច​លោក ស៊ូ​ ណាក់ នោះទេ​កាលពី​ឆ្នាំ២០១៩ នៅពេលដែល​គាត់​បាន​បណ្តេញ​រដ្ឋមន្ត្រី​ដែលមាន​សមត្ថកិច្ច​ចេញពី​គណៈរដ្ឋមន្ត្រី​របស់លោក​ស្រី ថឺ​រី​សា ម៉េ (Theresa May) ហើយ​ជំនួស​ពួកគេ​ដោយ​មនុស្ស​ដែល​មិនសូវមាន​សមត្ថភាព។ លោក ស៊ូ​ណាក់ ហាក់​មិនបាន​កែ​កំហុស​ត្រង់ចំណុច​នេះនោះ​ទេ»។


គួរ​កត់សម្គាល់ថា រដ្ឋាភិបាល​អង់គ្លេស​ប​ច្ចុ​ប្បន្ន មាន​សំឡេង​ភាគច្រើន​នៅក្នុង​សភា ប៉ុន្តែ​ក៏​តែងតែមាន​វិបត្តិ​ឥតឈប់ឈរ ដោយសារ​ក្រុម​មេដឹកនាំ​របស់ខ្លួន​មិនសូវ​ល្អ។ នាយករដ្ឋមន្ត្រី ស៊ូ​ណាក់ ​បានជ្រើសរើស​ក្រុម​រដ្ឋមន្ត្រី​ ដែល​មិនសូវ​ពូកែ​ខាង​ដឹកនាំ​នោះទេ លើកលែងតែ​លោក មី​ខែល ហ្គ​វ (Michael Gove) និង​លោក ខ្លេ​វឺ​លី។ លោក​បាន​ផ្លាស់ប្តូរ​គណៈរដ្ឋមន្ត្រី​ដោយ​ឥតឈប់ឈរ ដោយមាន​រដ្ឋមន្ត្រី​ដូចជា លោក ហ្គ្រែ​ន ហ្សេ​ប (Grant Shapps) ជាដើម ​ដែល​ធ្លាប់បាន​កាន់តំណែង​គណៈ​រដ្ឋមន្ត្រី​ចំនួន​បួនផ្សេងៗគ្នា​ ក្នុង​រយៈពេល​ត្រឹមតែ​ជាង​មួយឆ្នាំ​ប៉ុណ្ណោះ នេះ​ជាការ​លើកឡើង​របស់លោក ចេ​ន​គីន។

លោក ចេ​ន​គីន ក៏បាន​បញ្ជាក់​ផងដែរ​ថា ៖ «វា​ពិតជា​ពិបាក​សម្រាប់​រដ្ឋមន្ត្រី​ថ្មី​ ក្នុងការ​បំពេញការងារ​របស់​ពួកគេ​ឱ្យបាន​ល្អ។ ប៉ុន្តែ​ដោយសារតែ​ភាព​មិនមាន​ប្រសិទ្ធភាព​នៃ​ការបំពេញ​មុខងារ​ស៊ីវិល និង​ការផ្លាស់ប្តូរ​រដ្ឋមន្ត្រី​ញឹកញាប់​ពេក រដ្ឋាភិបាល​មិនអាច​ដំណើរការ​ប្រកបដោយ​ប្រសិទ្ធភាព ដែលនាំឱ្យ​មាន​បញ្ហាផ្សេងៗជាច្រើន​កើតមាន​នៅក្នុង​ក្រសួង ដូចជា​ក្រសួងសុខាភិបាល និង​ក្រសួងយុត្តិធម៌​ជាដើម»។

លោក ស៊ូ​ណាក់ គឺជា​នាយករដ្ឋមន្ត្រី​ ដែល​ឧស្សាហ៍​ព្យាយាម ប៉ុន្តែ​គាត់​មិនមាន​ទីប្រឹក្សា​ល្អ​នោះទេ។ គាត់​ទំនងជា​ត្រូវបាន​ជំនួសមុខ​តំណែង​ក្នុង​រយៈពេល​តិចជាង​មួយឆ្នាំ​ទៀត។ គួរ​ដឹង​ដែរ​ថា លោក ស៊ូ​ណាក់ បានសម្រេច​តែងតាំង​លោក ខ្លេ​វឺ​លី ឱ្យទទួល​បន្ទុក​ក្រសួងមហាផ្ទៃ​ហើយ​បានឱ្យ​លោក ដេវីដ ខេ​មឺ​រ៉ុ​ន (David Cameron) ចូលកាន់​ដំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស។ លោក ខេ​មឺ​រ៉ុ​ន ជា​មនុស្ស​មានបទពិសោធន៍ ប៉ុន្តែ​លោក​មិនមែនជា​សមាជិកសភា​នោះទេ។ ដូច្នេះ វា​បាន​បង្ហាញថា​គណបក្ស​អភិរក្សនិយម​អង់គ្លេស​របស់លោក ស៊ូ​ណាក់ កំពុងមាន​បញ្ហា​ហើយ។

លោក ចេ​ន​គីន ក៏បាន​រិះគន់​យ៉ាងធ្ងន់ៗថា ៖ «គណបក្ស​អភិរក្សនិយម ធ្លាប់តែ​ជា​គណបក្ស​ដែលមាន​ថ្នាក់ដឹកនាំ​ស្និទ្ធស្នាល​នឹង​គ្នា និង​ស្មោះស្ម័គ្រ ហើយ​មាន​អាកប្បកិរិយា​ល្អ ជាពិសេស​ពេល​កាន់អំណាច។ ប៉ុន្តែ​ពេលនេះ គណបក្ស​នេះ​ពោរពេញ​ទៅដោយ​មនុស្ស​អាត្មានិយម និង​មាន​គម្រោង​កម្ចាត់​លោក ស៊ូ​ណាក់ ចេញពី​តំណែង ក្នុង​គោលបំណង​ចង់​ក្លាយទៅជា​នាយករដ្ឋមន្ត្រីរៀងៗខ្លួន»៕