ខណៈ​​ដែល​សង្គ្រាម​រវាង​​ប្រទេស​​អ៊ីស្រាអែល​​ និង​ក្រុម​ហាម៉ាស់​ ប៉ាឡេស្ទីន ​​កំពុង​បន្ត​​​ និង​ភាគី​​​​អ៊ីស្រាអែល ​មាន​ប្រៀប​ឈ្នះ​លើ​​​សង្គ្រាម​មួយនេះ ​សេណារីយ៉ូ ​ជា​ច្រើន​​​បាន​ស្នើ​ឡើង​​​ដើម្បី​គ្រប់​គ្រង​តំបន់ហ្គាហ្សា​​ ដោយ​មិន​ឱ្យ​អ៊ីស្រាអែល​​គ្រប់គ្រង​ផ្ទាល់​នោះទេ ប៉ុន្តែ​ភាគី​អ៊ីស្រាអែល​​ បាន​ច្រាន​ចោល​​​សំណើរ​ផ្សេង​ៗ​​រួម​ទាំង​សហរដ្ឋ​អាមេរិក​ផង ដោយ​មិន​ឱ្យ​ខ្លួន​គ្រប់គ្រង​​ហ្គាហ្សា។ 

សម្រាប់​សហភាព​អឺរ៉ុប​វិញ ប្រធាន​គោលនយោបាយ​ការបរទេស​របស់​សហ​ភាព​អឺរ៉ុប​លោក Josep Borrell បានដាក់​ចេញ​នូវ​សំណើ​កាលពី​ថ្ងៃ​ចន្ទ​ សម្រាប់​របៀប​ដែល​តំបន់​ហ្គា​ហ្សា​ គួរតែ​ដំណើរការ ​បន្ទាប់ពី​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ក្រុម​ហា​ម៉ាស ដោយ​អំពាវនាវ​ឱ្យ​បណ្តា​ប្រទេស​អារ៉ាប់​ ដើរតួនាទី​កាន់តែ​ធំ​នៅក្នុង​រដ្ឋបាល​ប៉ា​ឡេ​ស្ទី​ន​ នាពេល​អនាគត។

​យោង​តាមការ​ចេញផ្សាយ​របស់រ៉យទ័រ លោក Borrell ដែល​នឹងធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អ៊ីស្រាអែល ទឹកដី​ប៉ា​ឡេ​ស្ទី​ន និង​ប្រទេសជិតខាង​នៅ​ចុង​សប្តាហ៍​នេះ បាន​និយាយថា វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការគិត​អំពី​អ្វីដែល​កើតឡើង​ បន្ទាប់ពី​សង្គ្រាម ទោះបីជា​មានការ​ប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​ក្លា​ក៏ដោយ។


លោក​បាន​និយាយថា សហគមន៍​អន្តរជាតិ​បាន​បរាជ័យ «ខាង​នយោបាយ និង​សីលធម៌» ដើម្បី​បង្កើត​ដំណោះស្រាយ​ជាប់លាប់​ចំពោះ​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន ហើយ​ឥឡូវនេះ​វា​ដល់​ពេលដែល​ត្រូវ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ឡើងវិញ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​រដ្ឋ​ពីរ។

លោក បាន​លើក​ឡើងថា គួរតែមាន​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន ដែល​លោក​​បានស្នើ​អាចជា​កំណែ «ពង្រឹង» នៃ​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​បច្ចុប្បន្ន​ដែល​គ្រប់គ្រង​តំបន់វ៉េសប៊ែង​ (West Bank) «ជាមួយនឹង​ភាពស្របច្បាប់​ដែល​ត្រូវ​កំណត់ និង​សម្រេច​ដោយ​ក្រុមប្រឹក្សាសន្តិសុខអង្គការ​សហប្រជាជាតិ»។ .


​​ក្រុម​ប្រទេសជា​ច្រើន ​​​ដែល​គោរព​​សាសនា​ឥស្លាម​ជាគោល ជាពិសេស​​ប្រទេស​ក្នុង​តំបន់អារ៉ាប់ ទើប​បាន​ជួបប្រជុំ​​​​នៅ​រដ្ឋធានី​រីយ៉ាដ​ប្រទេស​អារ៉ាប៊ី សាអូឌីត ​ដោយ​ប្រទេសទាំងនោះ​បាន​អំពាវនាវ​ឱ្យ​មានបទ​ឈប់បាញ់​ជាបន្ទាន់​ពីសំណាក់​អ៊ីស្រាអែល​ ដែល​តែងបដិសេធ​ធ្វើ​រឿង​នេះ​តាំង​ពី​ចាប់ផ្តើម​សង្គ្រាម​នៅថ្ងៃទី​៧ខែ​​តុលា​មក។ 

តាមសេចក្តីរាយការណ៍​នានា សង្គ្រាម​ជាង​ ១ ​ខែ​ កន្លង​មក​នេះ ​បណ្តាល​ឱ្យ​មនុស្ស​ជាង​​ ១០០០០​ នាក់​ បាត់បង់​ជីវិត រាប់​ម៉ឺន​នាក់​រងរបួស និង រាប់សែន​នាក់​បាន​បាត់​បង់​ទីជម្រក។ ​ លើស​ពីនេះ ​វិបត្តិ​មនុស្ស​ធម៌​បាន​កើត​ឡើយ​យ៉ាង​ធ្ងន់ធ្ងរ​​​នៅតំបន់ហ្គាហ្សា​៕​