សេតវិមានបាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ​ប្រធានាធិបតី​អាមេរិក​ លោក​ ចូ​ បៃដិន​ និង​ប្រធានាធិបតី​ចិន​ លោ​​ក​ ស៊ី​ ជិនភីង​ នឹង​​ពិភាក្សា​គ្នា​អំពី​ការ​ពង្រឹង​បណ្ដាញ​​ទំនាក់​ទំនង​ និង​ការ​គ្រប់​គ្រង​ការ​ប្រកួត​ប្រជែង​ក្នុ​ង​ជំនួប​​ក្រៅ​កិច្ច​ប្រជុំ​កំពូល​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ (APEC) ​នៅ​សប្តាហ៍​នេះ​។​​ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

ជំនួប​ដោយ​ផ្ទាល់​​នៅ​ឆក​សមុទ្រ​សានហ្រ្វង់ស៊ីស្កូ ​នា​ថ្ងៃ​ពុធ​នេះ​ នឹង​ក្លាយ​ជា​​ជំនួប​លើក​ដំបូង​រវាង​លោក​ បៃដិន ​និង​លោក​ ស៊ី​ក្នុង​រយៈ​ពេល​​ ១ ​ឆ្នាំ​ ​​ក្នុង​គោល​បំណង​​បន្ថយ​​ភាព​តាន​តឹង​រវាង​ប្រទេស​មហា​អំណាច​ពិភ​ព​លោក​ទាំង​​ ២​។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេតវិមាន​ លោក​ ចេក​ ស៊ូលីវ៉ាន បាន​ប្រាប់​​អ្នក​យក​ព័ត៌មាន​ថា​ លោក​ បៃដិន​ជឿ​ថា​ ​​ការ​ជួប​គ្នា​ពិភាក្សា​ការទូត​ដោយ​ផ្ទាល់​​គឺ​ជា​ជម្រើស​សំខាន់​បំផុត​​ ដើម្បី​គ្រប់​គ្រង​ទំនាក់​ទំនង​ដ៏​ស្មុគ​ស្មាញ​។


លោក​ ស៊ូលីវ៉ាន​ បាន​និយាយ​​ដោយ​សំអាង​ថា​៖ «​យើង​រំពឹង​ថា​ មេ​ដឹក​នាំ​ទាំង​២​​ នឹង​ពិភាក្សា​អំពី​ធាតុ​ជា​មូលដ្ឋានសំខាន់​​បំផុត​មួយ​ចំនួន​ សម្រាប់​ទំនាក់​ទំនង​ទ្វេភាគី ​សហរដ្ឋ​អាមេរិក​-ចិន​ ​រួម​ទាំង​សារៈ​សំខាន់​​នៃ​ការ​បន្ត​​​​ពង្រឹង​បណ្តាញ​ទំនាក់​ទំនង​បើក​ចំហ​ និង​ការ​គ្រប់​គ្រង​ការ​ប្រកួត​ប្រជែង​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ ដើម្បី​​វា​ធ្លាក់​ទៅ​ជា​​ជម្លោះ​» ។

មន្រ្តី​សេតវិមាន​ដដែល​បន្ត​ថា​៖ «​វិធី​ដែល​យើង​សម្រេច​បាន​នោះ​គឺ​តាម​រយៈ​ភាព​ខ្នះ​ខ្នែង​នៃ​ការ​ទូត​​​​។​ នោះ​ហើយ​ជា​របៀប​ដែល​យើង​ជម្រះ​ការ​យល់​ខុស​ និង​ជៀស​វាង​ការ​ភ្ញាក់​ផ្អើល​​ផ្សេង​ៗ​»​​។


​បន្ថែម​ពី​នេះ​ លោក​ ស៊ូលីវ៉ាន ​បាន​និយាយ​ថា​ ​អាមេរិក​កំពុង​ស្វែង​រក​លទ្ធផល​ជាក់​លាក់​ពី​កិច្ច​ប្រជុំ​ APEC ​ហើយ​សង្ឃឹម​ថា​នឹង​ឃើញ​វឌ្ឍនភាព​ក្នុង​ការ​បង្កើត​ទំនាក់​ទំន​ង​​​រវាង​យោធា​និង​យោធា​​​ជាមួយ​ប្រទេស​ចិន​ឡើង​វិញ​ និង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពាណិជ្ជកម្ម​​ថ្នាំ​​ហ្វេនតានីល​​ (Fentanyl) ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​​អាយុជីវិត​​ពល​រដ្ឋ​អាមេរិក​ជា​ច្រើន​។ ​

ប្រទេស​​ចិ​ន​​ បាន​​កាត់​ផ្តាច់​​ទំនាក់​ទំនង​​យោធា​ និង​យោធា​​​​​ជាមួយ​​សហរដ្ឋ​អាមេរិក​​ កាល​ពី​​ឆ្នាំ​មុន​ ក្រោយ​អតីត​ប្រធាន​សភា​អាមេរិក​លោក​ស្រី​ ណាន់ស៊ី​ ប៉េឡូស៊ី​ ជម្នះ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កោះ​តៃវ៉ាន់​ ដែល​ចិន​ទាម​ទារ​ថា​ ជា​របស់​ខ្លួន​។ ភាព​តាន​តឹង​​​​ទំនាក់​​ទំនង​អាមេរិក​-ចិន​ កាន់​តែ​​កើន​ឡើង​​ខ្លាំង​ថែម​ទៀត​ ​ពេល​សហរដ្ឋ​​អាមេរិក​​បាន​​បាញ់​​ទម្លាក់​​​បាឡុង​ចារកម្ម​ចិន​​កាល​ពី​ខែ​កុម្ភៈ​​ដើម​ឆ្នាំ​នេះ​។ ​

​ជុំ​វិញ​បញ្ហា​នេះ​ លោក​ ស៊ូលីវ៉ាន​ បាន​​​លើក​ឡើង​ថា​ ​ការ​ប្រាស្រ័​យ​ទាក់​ទង​គ្នា​រវាង​យោធា​ គឺ​ជា​មធ្យោបាយ​ដើម្បី​ធានា​ថា​ ​ការ​ប្រកួត​ប្រជែង​មិនវិវត្តន៍​ទៅ​ជា​ជម្លោះ​។

គេ​មើល​ឃើញ​ថា​ ចាប់​តាំង​ពី​លោក​ បៃដិន​ ឡើង​កាន់​អំណាច​ក្នុង​ឆ្នាំ​ ២០២១ លោក​បាន​ធ្វើ​កិច្ច​សន្ទនា​ជា​មួយ​គ្នា​ប្រមាណ​ ៦ ដង​។ នេះ​បើ​តាម​រ៉យទ័រ​។ ប៉ុន្តែ​ធ្លាប់​ជួប​គ្នា​តែ​ម្ដង​ប៉ុណ្ណោះ​ រាប់​ចាប់​តាំង​ពី​ពេល​នេះ​មក​ ខណៈ​លោក​ ស៊ី​ ខក​ខាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​អាមេរិក​ រាប់​តាំង​ពី​ឆ្នាំ​ ២០១៧ មក​ម្ល៉េះ​។ អ្នក​វិភាគ​និយាយ​ថា​ ជំនួប​លើក​នេះ​ នឹង​ពេញ​ដោយ​​​បរិយាកាស​​សង្ស័យ​ ក៏​ដូច​ជា​ភាព​មិន​ប្រកដ​ប្រជា​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​​មក​។ 

​​ក្រៅ​ពី​​​នេះ​ផង​ដែរ​ ងាក​ទៅ​មើល​កិច្ច​ប្រជុំ APEC ដែល​នឹង​ប្រព្រឹត្ត​ពី​ថ្ងៃ​ពុធ​ ដល់​ថ្ងៃ​សុក្រវិញ​​ ក៏​រំពឹងថានឹង​គ្រប​ដណ្តប់​លើ​បញ្ហា​សកល​​ រាប់​តាំង​ពី​​សង្គ្រាម​អ៊ីស្រាអែល​-​ហាម៉ាស​ រហូត​ដល់​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​​លើ​​អ៊ុយក្រែន​ ទំនាក់​ទំនង​របស់​កូរ៉េ​ខាង​ជើង​ជាមួយ​រុស្ស៊ី ​បញ្ហា​តៃវ៉ាន់ ​សិទ្ធិ​មនុស្ស ​បញ្ញា​សិប្បនិមិត្ត​​ក៏​ដូច​ជា​បញ្ហា​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ និង​សេដ្ឋកិច្ច​ជា​ដើម​​៕