ប្រទេស​ចិន​ បាន​ជំរុញ​ឱ្យ​ម្ចាស់បំណុល​ផ្សេងទៀត​របស់​ប្រទេស​ហ្សំ​ប៊ី (Zambia) ​ចូលរួម​ជួយ​ជ្រោមជ្រែង និង​ទទួលខុសត្រូវ​លើ​ការរៀបចំ​រចនាសម្ព័ន្ធ​បំណុល​របស់​ប្រទេស​នេះ បន្ទាប់ពី​មូល​​និ​ធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) និង​ម្ចាស់បំណុល​ផ្លូវការ​ផ្សេងទៀត ដែល​រួមមាន​ទាំង​ចិន​ផង​នោះបាន​លើកឡើង​ពី​ការ​ព្រួយ​បារម្ភ​ពី​កិច្ចព្រមព្រៀង​របស់​ហ្សំ​ប៊ី ជាមួយ​ម្ចាស់បំណុល​នៅក្រៅ​ប្រទេស​បន្ថែមទៀត​។​

​ក្រសួង​ហិរញ្ញវត្ថុ​របស់​ប្រទេស​ហ្សំ​ប៊ី បានបញ្ជាក់​ពី​ការជជែក​ពិភាក្សា​ដែល​កំពុង​បន្ត​រវាង​ហ្សំ​​ប៊ី និង​គណៈកម្មាធិការ​ម្ចាស់​​បំណុល​។ កិច្ចប្រជុំ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​គណៈកម្មាធិការ​ម្ចាស់បំណុល​ផ្លូវ​ការដែល​ដឹកនាំ​ដោយ​ប្រទេស​ចិន និង​បារាំង រួមជាមួយ​នឹង IMF បាន​សម្តែង​ការព្រួយបារម្ភ​របស់​ពួកគេ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមក​។​

​យ៉ាងណាមិញ គេ​នៅ​មិនទាន់មាន​ព័ត៌មាន​លម្អិត​ជាក់លាក់​ណាមួយ​អំពី​បញ្ហា​នេះ​នៅឡើយ​ទេ ប៉ុន្តែ​ក្រុម​អ្នកឃ្លាំមើល​បំណុល​ដែលជា​ក្រុម​យុទ្ធនាការ​មួយ​នៅ​ហ្សំ​ប៊ី​បាន​ប៉ាន់ប្រមាណ​ថា ម្ចាស់បំណុល​ទាំងនោះ​នឹង​ទទួលបាន​ការប្រាក់​ត្រឡប់​វិញ​ច្រើនជាង​ម្ចាស់បំណុល​ផ្លូវការ​ប្រសិនបើ​កិច្ចព្រមព្រៀង​រវាង​ហ្សំ​ប៊ី និង​ម្ចាស់បំណុល​ទាំងអស់នោះ​អាច​ដំណើរការ​ទៅមុខ​បាន​។​


​ក្រសួងការបរទេស​ចិន ​បានលើកឡើង​កាលពី​ថ្ងៃ​ចន្ទ អំពី​ការជំរុញឱ្យ​ម្ចាស់បំណុល​ទាំង​អស់នោះ​ថា​៖ «​ម្ចាស់បំណុល​គ្រប់​ស្ថាប័ន ត្រូវ​សហការ និង​ចូល​​រួម​គ្រប់គ្រង​បំណុល​របស់​ហ្សំ​ប៊ី​ដោយ​ផ្អែកលើ​គោល​គំនិត​នៃ​ការធ្វើការ​រួមគ្នា​ដោយ​យុត្តិធម៌​» នេះ​គឺជា​ការឆ្លើយតប​របស់​ចិន ចំពោះ​ការស៊ើបអង្កេត​របស់​សារព័ត៌មាន​រ៉​យ​ទ័​រ​ (Reuters)​ ដែល​បាន​រកឃើញ​ពី​ការ​ព្រួយ​បារម្ភ​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​រវាង​ម្ចាស់បំណុល​ថ្មី និង​ហ្សំ​ប៊ី​។​

កាលពី ​៣ ​ឆ្នាំមុន ប្រទេស​ហ្សំ​ប៊ី បានប្រកាសថា ​ខ្លួន​គ្មាន​លទ្ធភាព​ក្នុងការ​បង់ប្រាក់​កម្ចី​ផ្លូវការ​ទេ ប៉ុន្តែ​ស្នើ​រៀបចំ​ឥណទាន​ឡើងវិញ​ជាមួយ​ម្ចាស់បំណុល​៕​