​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA បាន​រាយការណ៍​នៅ​ថ្ងៃ​អង្គា​រថា រដ្ឋាភិបាល​កូរ៉េខាងជើង​បាន​រិះគន់​ក្រុម​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន​ទាំង​ ៧ ដែល​គេ​ស្គាល់​ថា «G7» ​ថា ​ជា​ក្រុម​ប្រទេស ​«​សំណល់​ពី​សង្គ្រាមត្រជាក់​» ដែល​បង្កជម្លោះ​ដើម្បី​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​រំលោភ​លើ​អធិបតេយ្យភាព​របស់​ប្រទេស​ដទៃទៀត​។​

ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ បាន​ផ្សាយ​ថា ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ ក្រោយ​កិច្ចប្រជុំ G7 នៅ​ក្រុង​តូ​ក្យូ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ប្រធាន​នាយកដ្ឋាន​អង្គការ​អន្តរជាតិ​នៅ​ក្រសួងការបរទេស​កូរ៉េខាងត្បូង លោក Jo Chol Su បាន​ថ្កោលទោស​រដ្ឋមន្ត្រី​​ការបរទេស G7​ ចំពោះ​ការ ​«​បង្កាច់បង្ខូច​» កូរ៉េខាងត្បូង​ចំពោះ​ការអនុវត្ត​យុទ្ធ​សាស្ត្រ​ការពារ​ខ្លួនឯង និង​អធិបតេយ្យ​ភាពស្របច្បាប់​របស់ខ្លួន​។ 

សេចក្តីថ្លែងការណ៍​រួម​របស់ G7 បាន​អំពាវនាវ​ឱ្យ​ផ្អាក​ជម្លោះ​អ៊ីស្រា​អែល​-​ហា​ម៉ាស់​ ដើម្បី​បើកផ្លូវ​ឱ្យ​ជំនួយ​មនុស្សធម៌ បញ្ជាក់​ជាថ្មី​ពី​ការគាំទ្រ​សម្រាប់​អ៊ុយ​ក្រែ​ន​ក្នុង​សង្គ្រាម​ប្រឆាំងនឹង​ការឈ្លានពាន​របស់​រុស្ស៊ី និង​ថ្កោលទោស​ការសាកល្បង​មី​ស៊ី​ល និង​ការផ្គត់ផ្គង់​អាវុធ​ឱ្យ​រុស្ស៊ី​របស់​កូរ៉េខាងជើង​។ 


ដោយហេតុនេះ លោក Jo និយាយថា​៖ «G7 ​ដែល​បាន​បង្ក និង​ជំរុញឱ្យមាន​វិបត្តិ​អន្តរជាតិ​នាពេល​ថ្មីៗ​នេះ និយាយ​អ៊ីចេះ​អ៊ីចុះ ដើម្បី​ទម្លាក់កំហុស​លើ​រដ្ឋ​អធិបតេយ្យភាព​ឯករាជ្យ​ផ្សេងៗ​»​។​

លោក​បន្តថា G7 គ្រាន់តែ​ជា​ប្រភព​ដ៏​គ្រោះថ្នាក់​ចម្បង​នៃ​ការបំផ្លាញ​សន្តិភាព និង​សន្តិសុខ​ពិភពលោក និង​ជា​ឧបសគ្គ​ចម្បង ចំពោះ​ការបង្កើត​សណ្តាប់ធ្នាប់​អន្តរជាតិ​ដ៏​ត្រឹមត្រូវ​មួយ​។​


លោក Jo បាន​និយាយថា ក្រុម​នេះ​មិនអាច​តំណាងឱ្យ​សហគមន៍​អន្តរជាតិ​បានទេ ព្រោះ​វា​ការពារ​តែ​ផលប្រយោជន៍​របស់​ប្រទេស​មួយចំនួន​ប៉ុណ្ណោះ​។​

លោក​បាន​ចោទ​សហរដ្ឋអាមេរិក ថា​ជា​អ្នកផ្គត់ផ្គង់​អាវុធ​ប្រល័យ​លោក​ដល់​អ៊ុយ​ក្រែ​ន ដើម្បី​ «​បំផ្លាញ​សន្តិភាព និង​ស្ថិរភាព​» ដោយ​ចេតនា​នៅ​ទ្វីបអឺរ៉ុប​។​

លើសពីនេះ​ថែមទៀត លោក Jo ក៏បាន​ចោទ​ក្រុង​វ៉ាស៊ីនតោន​ពី​ការបង្ក​ការ​​វាយប្រហារ​យោធា​នៅ​តំបន់​ហ្គា​ហ្សា ខណៈ​និយាយ​ការពារ​ការសម្លាប់​រង្គាល​ដ៏​គួរឱ្យខ្លាច​លើ​ជន​ស៊ីវិល​ពី​សំណាក់​អ៊ី​ស្រា​អែល​។​ 

លោក​បន្ថែមថា ការណ៍​នេះ ធ្វើឱ្យ G7 បាត់បង់​តម្លៃ​យុត្តិធម៌​សម្រាប់​អត្ថិភាព​របស់​ក្រុម​។ លោក​បន្តទៀតថា​៖ «G7 ដែលជា​បំណែក​សេសសល់​នៃ​សង្គ្រាមត្រជាក់ គួរតែ​ត្រូវ​រំលាយ​ចេញ​ភ្លាមៗ ហើយ​នេះ​នឹង​ជា​ជំហាន​ដំបូង​ឆ្ពោះទៅរក​ការលុបបំបាត់​វិបត្តិ​អន្តរជាតិ​បច្ចុប្បន្ន និង​ការស្តារ​សន្តិភាព​ពិភពលោក​»៕