២ ថ្ងៃ បន្ទាប់ពីការបង្ហាញបំណងដាក់ពង្រាយប៉ូលិសចិន ល្បាតតាមតំបន់ទេសចរណ៍សំខាន់ៗ ដើម្បីបង្កើនទំនុកចិត្តពីភ្ញៀវទេសចរចិន រដ្ឋាភិបាលថៃ បានលុបចោលផែនការនោះវិញ ក្រោយពីមានការរិះគន់យ៉ាងចាស់ដៃពីសាធារណជន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ផែនការនេះ ត្រូវបានមន្រ្តីផ្នែកទេសចរណ៍ថៃ បញ្ចេញឡើងកាលពីថ្ងៃអាទិត្យ ដើម្បីបង្កើនទំនុកចិត្តភ្ញៀវទេសចរ រួមទាំងភ្ញៀវទេសចរចិន។ យ៉ាងណាមិញ វាបានបង្កឱ្យមានការរិះគន់តាមប្រព័ន្ធអ៊ិនធឺណិត ថាធ្វើឱ្យខូចអធិបតេយ្យភាពជាតិ និងការច្រានចោលពីប្រមុខប៉ូលិសថៃ។
ជុំវិញជំហានចុងក្រោយ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក SudawanWangsuphakijkosol បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា ៖ «មានវិធីជំនួសជាច្រើនក្នុងការកសាងទំនុកចិត្តសម្រាប់ភ្ញៀវទេសចរក្នុងប្រទេសថៃ។ ប៉ុន្តែយើងនឹងមិនមានការល្បាតរួមគ្នាទេ»។
លោក Sudawanបានបន្តថា៖ «កម្លាំងប៉ូលិសថៃ មានគ្រប់គ្រាន់រួចហើយ ហើយកំពុងធ្វើការយ៉ាងខ្លាំងដើម្បីស្ដារទំនុកចិត្តឡើងវិញ»។
គួរបញ្ជាក់ថា អាជ្ញាធរថៃ បានរឹតបន្តឹងសន្តិសុខកាន់តែខ្លាំង បន្ទាប់ពីមានការបាញ់ប្រហារនៅផ្សារទំនើប Saim Paragon កណ្ដាលទីក្រុងបាងកក កាលពីខែមុន ដែលបណ្ដាលឱ្យមនុស្ស ២ នាក់ ស្លាប់ រួមទាំងជនជាតិចិន ម្នាក់ ដែលបង្កជាការព្រួយបារម្ភផ្នែកសន្តិសុខសុវត្ថិភាព។
គេមើលឃើញថា ការស្តារទំនុកចិត្តភ្ញៀវទេសចរឡើងវិញ មានសារៈសំខាន់ណាស់សម្រាប់ឧស្សាហកម្មទេសចរណ៍ថៃ ជាពិសេសក្នុងចំណោមភ្ញៀវទេសចរចិន ដែលរួមចំណែកសំខាន់សម្រាប់វិស័យទេសចរណ៍ថៃ។
ក្នុងឆ្នាំ ២០១៩ ពោលមុនពេលវិស័យទេសចរណ៍ធ្លាក់ចុះជាគំហុកដោយសារវិបត្តិកូវីដ១៩ ភ្ញៀវទេសចរចិនប្រមាណ ១១ លាននាក់ ក្នុងចំណោមភ្ញៀវទេសចរសរុបប្រចាំឆ្នាំជិត ៤០ លាននាក់ បានធ្វើដំណើរកំសាន្តទៅប្រទេសថៃ៕