គណបក្ស​ប្រឆាំង​សំខាន់​ៗ​ចំនួន​​២​ របស់​​កោះ​​តៃវ៉ាន់​ ដែល​ប្រកាន់​គោលនយោបាយ​​ចរចា​ជាមួយ​​ចិន​ បាន​ព្រម​ព្រៀង​គ្នា​កាល​ពី​ថ្ងៃ​ពុធ​ ​ដើម្បី​​​ធ្វើ​ការ​​សម្រេច​​ចិត្ត​រួប​រួម​គ្នា​ក្នុង​ការ​​ឈរ​ឈ្មោះ​​​បោះ​ឆ្នោត​ប្រធានាធិបតី​នា​ខែ​មករា​ខាង​មុខ​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

បញ្ហា​ជាមួយ​ចិន​ ដែល​ចាត់​ទុក​កោះ​តៃវ៉ាន់​ថា​ជា​ទឹក​ដី​របស់​ខ្លួន​ បាន​ក្លាយ​ជា​បញ្ហា​ស្នូល​ធំ​មួយ​គ្រប​ដណ្ដប់​លើ​ការ​បោះ​ឆ្នោត​សភា​ និង​ប្រធានាធិបតី​ថ្ងៃ​ទី​​១៣ ខែ​មករា​ ឆ្នាំ​ ២០២៤​។

 បច្ចុប្បន្ន​ ចិន​បាន​​​បង្កើន​សម្ពាធ​ផ្នែក​យោធា ​និង​នយោបាយ ដើម្បី​ឱ្យ​តៃវ៉ាន់​ទទួល​យក​​ការ​ទាមទារ​អធិបតេយ្យភាព​របស់​ខ្លួន​ជា​អ្វី​ដែល​​កោះ​តៃវ៉ាន់​​ច្រាន​ចោល​ដាច់​អហង្ការ ដោយ​រដ្ឋបាល​នៃ​រដ្ឋាភិបាល​កាន់​អំណាច​បច្ចុប្បន្ន​​។


បើ​តាម​រ៉យទ័រ​ ការ​​រួ​ប​​រួម​របស់​គណបក្ស​​ប្រឆាំង​នឹង​ធ្វើ​ឡើង​ ក្រោយ​ការ​ស្ទង់​មតិ​បង្ហាញ​ថា​ ​​អនុប្រធា​នាធិបតី​តៃវ៉ាន់​ លោក​ Lai Ching-te​ ដែល​ជា​បេក្ខជន​ប្រធានាធិបតី​​មក​ពី​គណបក្ស​​​​វឌ្ឍនភាព​​ប្រជាធិបតេយ្យ​ (DPP) ដែល​កំពុង​កាន់​អំណាច​ បាន​នាំ​មុខ​ជា​ប្រចាំ​លើ​សម្លេង​គាំទ្រ​​ពី​ប្រជាជន​។ ផ្ទុយ​ទៅ​វិញ​ ​គណបក្សប្រឆាំង​សំខាន់​ៗ​រួម​មាន​ គណបក្ស​ Kuomintang (KMT) របស់​លោក​​ Hou Yu-ih និង​គណបក្ស​​ប្រជាជន​តៃវ៉ាន់ (TPP) របស់​លោក ​​Ko Wen-je ​បាន​ឈរ​នៅ​លេខ​រៀង​បន្ត​បន្ទាប់​។

យ៉ាង​ណា​មិញ​ តាំង​ពី​ខែ​មុន​មក​ គណបក្ស​ KMT ​និង ​TPP ​បាន​ពិភាក្សា​គ្នា​លើ​ការ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ប្រធានាធិបតីរួម​​ ប៉ុន្តែ​បាន​​​បរាជ័យ​លើ​​​ការ​សម្រេច​ចិត្ត​ ថា​តើ​អ្នក​ណា​គួរ​តែ​ជា​បេក្ខជន​ប្រធានាធិបតី​ និង​អ្នក​ណា​គួរ​តែ​ជា​​​ដៃ​គូ​សម្រាប់​ដំណែក​អនុ​ប្រធានាធិបតី​​។


​​បន្ទាប់​ពី​​កិច្ច​ពិភាក្សា​ដែល​រៀប​ចំ​ដោយ​អតីត​ប្រធានាធិបតីតៃវ៉ាន់​ លោក​​ Ma Ying-jeou​ ដែល​បច្ចុប្បន្ន​ជា​​សមាជិក​ជាន់​ខ្ពស់​របស់​ KMT ​មួយ​រូប​​គណបក្ស​ទាំង​​២​បាន​និយាយ​ថា​ ខ្លួន​បាន​ព្រម​ព្រៀង​គ្នា​ប្រើ​​ការ​ស្ទង់​មតិ​ដែល​រៀប​ចំ​ឡើង​ចន្លោះ​ពី​ថ្ថៃ​ទី​៧-១៧ ខែវិច្ឆិកា​ ធ្វើ​ជា​លទ្ធផល​​​​ដើម្បី​​សម្រេច​ចិត្តរួប​​រួម​គ្នា​ឈរ​ឈ្មោះ​។ 

​លោក​ Houនៃ​ប​​គណបក្ស​ Kuomintang  ​បាន​​ប្រា​ប់​​អ្នក​​យក​​ព័ត៌មាន​​​ដោយ​​សំ​ដៅ​​​ទៅ​​លើ​​​ថា​តើ​អ្នក​​ណា​​ទទួល​​បាន​​តំណែង​​បេក្ខជ​ន​​ប្រធានាធិបតី​ និង​​អ្នក​​ណា​​ទទួល​​បាន​​អនុ​ប្រធានាធិបតី ​ថា​៖ «​មិន​​ថា​​អ្នក​​ណា​​ជា​​អ្នក​​ដឹក​នាំ​ ​និង​​អ្នក​​ណា​​ជា​​អនុ​ប្រធាន​​នោះ​ទេ​ អ្នក​​រាល់​​គ្នា​​នឹ​ង​​សហការ​​គ្នា​»​។​

លោក​ Hou ​បាន​​និយាយ​ទៀត​ថា​ ការ​រួប​រួម​គ្នា​រវាង​បក្ស​ KMT និង​បក្ស​  TPP ​​នឹង​បង្រួប​បង្រួម​តៃវ៉ាន់​​។

ប្រទេស​ចិន​ បាន​កាត់​ផ្តាច់​ការ​ចរចា​ជា​ទម្លាប់​ជាមួយ​តៃវ៉ាន់​ បន្ទាប់​ពី​ប្រធានាធិបតី​ ត្សៃ​ អ៊ិនវ៉ិន​ នៃ​គណបក្ស​ ​DPP ​ចូល​កាន់​តំណែង​ក្នុង​ឆ្នាំ​ ២០១៦។ គណបក្ស​របស់​លោក​ស្រី​ប្រកាន់​ជំហរ​តឹង​រឹង​ប្រឆាំ​ង​ចិន​ ខណៈ​គណបក្ស​ប្រឆាំង​ទាំង​​២​ បាន​ប្តេជ្ញា​បន្ត​ការ​សន្ទនា​ជាមួយ​ប្រទេស​ចិន​ ដោយ​ឈរ​លើ​មូលដ្ឋាន​ស្មើភាព ​និងសេ​ចក្តី​ថ្លៃថ្នូរ​ និង​​ស្តារ​សន្តិភាព​ និង​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ឡើង​វិញ​៕​