ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន និង​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូ​កូ វី​ដូ​ដូ បាន​ជួប​ពិភាក្សាគ្នា​មួយ​កាលពីដើម​សប្តាហ៍​នេះ​ នៅមុន​ការរៀបចំ​ជំនួប​លើកដំបូង​រវាង​លោក បៃ​ដិ​ន​និង​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង ដែល​នឹង​ធ្វើឡើង​នៅ​ចុង​សប្តាហ៍​នេះ ក្នុង​គោលបំណង​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ជាមួយ​ទីក្រុង​ប៉េកាំង។ បើ​យោងតាម​កាលវិភាគ លោក បៃ​ដិ​ន​គ្រោង​នឹង​ជួប​លោក ស៊ី​នៅ​ថ្ងៃ​ពុធ​នេះ។

ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូ​កូ វី​ដូ​ដូ (Joko Widodo) បានធ្វើ​ដំណើរ​ទៅដល់​សហរដ្ឋអាមេរិក​ហើយ ដោយ​លោក បៃ​ដិ​ន​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​នៅ​សេត​វិមាន មុនពេល​ពួកគេ​ធ្វើដំណើរ​ទៅកាន់​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) នៅ​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ (San Francisco) ដែល​កំពុង​ប្រព្រឹត្តិ​ទៅ​ចាប់តាំងពី​ថ្ងៃទី១១ ដល់ទី១៧ ខែវិច្ឆិកា។

សហរដ្ឋអាមេរិក និង​ឥណ្ឌូនេស៊ី ក៏បាន​ព្រមព្រៀងគ្នា​ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ ក៏ដូចជា​វិស័យ​សន្តិសុខ​តាម​អ៊ីនធឺណិត លំហ​អាកាស សមយុទ្ធ​រួម និង​សុវត្ថិភាព​នុយក្លេអ៊ែរ​ជាដើម។ ពួកគេ​ក៏បាន​សហការគ្នា​លើ​គោលដៅ​អាកាសធាតុ ដោយ​ផ្តោតលើ​ការលើកកម្ពស់​បណ្តាញ​អគ្គិសនី និង​គុណភាព​ខ្យល់។


យោងតាម​សារព័ត៌មាន​រ៉​យ​ទ័​រ​បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា ​ប្រទេស​ទាំងពីរ​កំពុង​សហកា​រ​គ្នា​លើ​កិច្ចព្រមព្រៀង​អំពី​សារធាតុ​នី​កែ​ល​ដែលជា​លោហៈ​ប្រើ​ក្នុង​អាគុយ​រថយន្ត​អគ្គិសនី។យ៉ាងណាក៏ដោយ រដ្ឋបាល​លោក បៃ​ដិ​ន មានការ​ប្រុងប្រយ័ត្ន​ខ្លាំង​ចំពោះ​ស្តង់ដារ​បរិស្ថាន សង្គម និង​អភិបាលកិច្ច​នៅក្នុង​ប្រទេសឥណ្ឌូនេស៊ី ហើយ​កំពុង​សិក្សា​ពី​របៀប​ដែល​កិច្ចព្រមព្រៀង​នេះ​អាចធ្វើ​ទៅបាន​ដោយ​ត្រឹមត្រូវ​តាម​ស្តង់ដារ។

លោក បៃ​ដិ​ន​និង​លោក ចូ​កូ​វី ក៏បាន​ព្រមព្រៀងគ្នា​បង្កើត​ផែនការ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​លើ​រ៉ែសំខាន់។ នៅពេលដែល​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​បង្កើតឡើង ឥណ្ឌូនេស៊ី នឹងធ្វើ​ការផ្គត់ផ្គង់​សារធាតុ​រ៉ែ​សម្រាប់​អាគុយ​រថយន្ត​អគ្គិសនី​ទៅកាន់​សហរដ្ឋអាមេរិក នេះ​បើ​យោងតាម​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី លោកស្រី រ៉េត​ណូ ម៉ា​ស៊ូ​ឌី (Retno Marsudi) ដែល​លើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​បន្ទាប់ពី​កិច្ចប្រជុំ​របស់​ពួកគេ​បាន​បញ្ចប់ទៅ។


លោកស្រី រ៉េត​ណូ បាន​និយាយថា​ពួកគេ​បាន​យល់ព្រម​ចាប់ផ្តើម​ផែនការ​ភាពជា​ដៃគូ​ផ្លាស់ប្តូរ​ថាមពល (JETP) ដែល​អាមេរិក​នឹង​ដាក់ចេញ​មូលនិធិ​ដែលមាន​ទំហំ​ទឹកប្រាក់​ប្រមាណ ២០ ប៊ី​លាន​ដុល្លារ​អាមេរិក​ ដើម្បី​ជួយ​ឥណ្ឌូនេស៊ី ក្នុងការ​សម្អាត​ផ្នែក​ថាមពល​របស់ខ្លួន។ 

លើសពីនេះ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ក៏បាន​ស្នើ​ឲ្យ​ប្រធានាធិបតី​អាមេរិក ជួយ​ដោះស្រាយ​បញ្ហា​ជម្លោះ​រវាង​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស់ និង​អ៊ីស្រាអែល ឱ្យ​បញ្ឈប់​ការប្រយុទ្ធ​គ្នា ដោយ​ឥណ្ឌូណេស៊ី​បាន​សម្ដែង​ការព្រួយបារម្ភ​ពី​អំពើហិង្សា​ដែល​កំពុង​កើត​មាននៅ​ហ្កា​ហ្សា ដែល​ត្រូវ​អ៊ីស្រាអែល​ទម្លាក់​គ្រាប់បែក​អស់​រយៈពេល​ជាង​មួយខែ​មកនេះ។

យ៉ាងណាមិញ សហរដ្ឋអាមេរិក​បាន​ស្នើឱ្យ​ឥណ្ឌូណេស៊ី​ដើរតួនាទី​កាន់តែ​លេចធ្លោ​ក្នុងការ​រក្សា​ស្ថិរភាព​នៅ​មជ្ឈិមបូព៌ា ប៉ុន្តែ​ឥណ្ឌូណេស៊ី​ហាក់​មានការ​ប្រុងប្រយ័ត្ន​ខ្លាំង​ចំពោះ​ការចូល​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ដោយសារតែ​ប្រទេស​នេះ​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ចិន ហើយក៏​មិន​ចង់​ធ្លាក់​ចូលក្នុង​អន្ទាក់​ប្រកួតប្រជែង​រវាង​សហរដ្ឋអាមេរិក និង​ចិន​ផងដែរ។

ជាការ​កត់សម្គាល់ ឥណ្ឌូណេស៊ី និង​សហរដ្ឋអាមេរិក​ បា​នប​ង្កើ​ន​ទំនាក់ទំនង​ល្អ​ផ្នែក​ការទូត​របស់​ពួកគេ​ដល់​កម្រិត​ខ្ពស់បំផុត​ក្នុងអំឡុងពេល​កិច្ចប្រជុំ​នេះ។ មេដឹកនាំ​ប្រទេស​ទាំងពីរ​ក៏បាន​ពិភាក្សា​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ឥណ្ឌូណេស៊ី​ក្នុងការ​ដោះស្រាយ​ជម្លោះ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ផងដែរ។

លោក ចូ​កូ​វី ដែល​ត្រូវបាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​តាំងពី​ឆ្នាំ២០១៤ នឹងត្រូវ​ចាកចេញ​ពី​តំណែង​នៅ​ឆ្នាំ​ក្រោយនេះ ដោយសារតែ​លោក​ត្រូវផុត​អាណត្តិ​បន្ទាប់​បាន​កាន់តំណែង​អស់​រយៈពេល​ពីរ​អាណត្តិ​មកហើយ៕