នាយករដ្ឋមន្ត្រី​ប្រទេស​អេ​ស្តូ​នី ដែលជា​អតីត​រដ្ឋ​មួយ​ក្នុង​សហភាព​សូ​វៀត​ ចង់ឱ្យ​មេដឹកនាំ​របស់​អង្គការ​ណា​តូ​ពិចារណា​លើ​បេក្ខភាព​របស់ខ្លួន ​សម្រាប់​តួនាទី​ជា​អគ្គលេខា​ធិ​ការ​របស់​អង្គការ​ណា​តូ ដែល​បច្ចុប្បន្ន​មាន​សមាជិក​​ ៣១ ប្រទេស​រួមទាំង​ហ្វាំ​ង​ឡង់​ទើប​ចូលរួម។  

​យោង​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Politico លោក​ស្រី​នាយករដ្ឋមន្ត្រី អេ​ស្តូ​នី Kaja Kallas បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃ​អង្គា​រថា លោកស្រី​ចង់ឱ្យ​ប្រមុខរដ្ឋ​ជា​សមាជិក​របស់​អង្គការ​ណា​តូ​ពិចារណា​សម្រាប់​ការងារ​ជា​អគ្គលេខាធិការ​អង្គការ​ប្រដាប់​អាវុធ​ដ៏​ធំ​មួយ​នេះ នៅពេលដែល​អគ្គលេខាធិកា​រ​បច្ចុប្បន្ន លោក Jens Stoltenberg ផុត​តំណែង​នៅ​ខែតុលា ឆ្នាំ​ ២០២៤​។​

​អគ្គលេខាធិការ​បច្ចុប្បន្ន លោក Jens Stoltenberg ត្រូវបាន​ប្រមុខរដ្ឋ​ជា​សមាជិក​របស់​អង្គការ​ណា​តូ​ ស្នើ​ឱ្យនៅ​បន្ត​កាច់ចង្កូត​អង្គការ​នេះ ១​ ឆ្នាំ​ទៀត រហូតដល់​ខែតុលា ឆ្នាំ​ ២០២៤ ដោយ​ប្រមុខរដ្ឋ​ជា​សមាជិក​មិនអាច​ស្វែងរក​ការ​ឯកភាពគ្នា​លើ​បេក្ខភាព​ជំនួស​លោក​បាន​ក្នុង​កិច្ចប្រជុំ​កន្លងមក ខណៈ​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​ កំពុងតែបន្ត​។​


 ​លោក Jens Stoltenberg ដែលជា​អតីត​នាយករដ្ឋមន្ត្រី​ប្រទេស​ន័​រ​វែ​ស បាន​កាន់កាប់​តួនាទី​ចាប់តាំងពី​ឆ្នាំ​ ២០១៤ ហើយ​ផុតកំណត់​រយៈពេល ​២ ​អាណត្តិ ៨​ ឆ្នាំ ប៉ុន្តែ​ត្រូវបាន​ស្នើ​ឱ្យនៅ​បន្ត​ដោយ​រក​អ្នក​ជំនួស​មិនទាន់បាន​។ តាម​សេចក្តី​រាយការណ៍​របស់​កាសែត The Guardian​។​ 

​លោក​ត្រូវបាន​គេ​មើលឃើញថា បានផ្តល់​ការគាំទ្រ​យ៉ាងខ្លាំង​ទៅដល់​ប្រទេស​អ៊ុយ​ក្រែ​ន ​ប្រឆាំង​ការឈ្លានពាន​របស់​រុស្ស៊ី ចាប់​​តាំងពី​ការឈ្លានពាន​បាន​កើតឡើង​កាលពី​ថ្ងៃទី​ ២៤ ខែកុម្ភៈ​ឆ្នាំ ​២០២២​។​


​តាម​សេចក្តីរាយការណ៍​របស់ Politico លោកស្រី​នាយក​រដ្ឋ​​មន្ត្រី Kallas ធ្លាប់ជា​អ្នក​រិះគន់​រុស្ស៊ី​នាំមុខគេ​នៅក្នុង​សហភាព​អឺរ៉ុប និង​អង្គការ​ណា​តូ ហើយ​បាន​ជំរុញឱ្យមាន​ផែនការ​ដ៏​ទូលំទូលាយ​បន្ថែមទៀត ដើម្បី​ការពារ​រដ្ឋបាល់​ទិ​ក​ចំនួន​៣ គឺ​អេ​ស្តូ​នី ឡា​ត​វី និង​លី​ទុយ​អា​នី ដែល​ជាប់​ព្រំដែន​រុស្ស៊ី​ទាំងអស់​។​ 

​សារព័ត៌មាន Politico បាន​ផ្សាយ​ថា លោកស្រី​នាយក​រដ្ឋ​​មន្ត្រី Kallas បាន​ឆ្លើយតប​ថា «​ចាស​/yes» នៅពេលដែល​លោកស្រី​ត្រូវបាន​គេ​សង្កត់​សួរថា តើ​លោកស្រី​ចង់​ត្រូវបាន​ពិ​ចារ​ណា​សម្រាប់​តួនាទី​នេះ​ឬ​អត់​។​

​អ្នកការទូត​របស់​អង្គការ​ណា​តូ​បាន​និយាយថា ទោះបីជា​យ៉ាងណាក៏ដោយ លោកស្រី Kallas អាច​ត្រូវបាន​ចាត់ទុកថា ជាការ​ស្ទាក់ស្ទើរ​ដោយ​សមា​​ជិ​ក​មួយចំនួន​៕