​ក្រុម​អ្នកទទួលបន្ទុក​ធុរកិច្ច​នៅ​អឺរ៉ុប បានឱ្យដឹង​នៅ​ថ្ងៃ​ពុធ​ថា បណ្ដា​ក្រុមហ៊ុន​អឺរ៉ុប​ ជំរុញ​ឱ្យ​រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន​ផ្តល់​ភាពច្បាស់លាស់​បន្ថែម​លើ​និយមន័យ​នៃ​ពាក្យ​គន្លឹះ​​ ដែលមាន​ក្នុង​ច្បាប់​ផ្ទេរ​ទិន្នន័យ​ឆ្លងដែន​របស់ខ្លួន​។ យោង​ការផ្សាយ​របស់​រ៉​យ​ទ័​រ​។​ 

​សភាពាណិជ្ជកម្ម​អឺរ៉ុប ​ក្នុងប្រទេស​​ចិន បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ផ្តល់​និយមន័យ​ច្បាស់លាស់ សម្រាប់​ទាំង​ពាក្យ​​ «​ទិន្នន័យ​សំខាន់​» និង​«​ព័ត៌មាន​ផ្ទាល់ខ្លួន​» ដូច​មាន​រៀបរាប់​ក្នុង​ច្បាប់​របស់​ចិន ហើយក៏​បាន​ជំរុញឱ្យមាន​ការបន្ធូរបន្ថយ​បទ​ប្បញ្ញត្តិ​មួយចំនួន ដែល​បានប្រកាស​នៅក្នុង​ខែកញ្ញា ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។​

​របាយការណ៍​របស់​ស​ភា​ពាណិជ្ជកម្ម​អឺរ៉ុប​និយាយថា​៖«​ច្បាប់ គោលការណ៍​ណែនាំ និង​វិធានការ​ជាច្រើន​ខ្វះ​ភាព​​ជាក់លាក់ ដែល​បង្កបញ្ហា​ប្រឈម​យ៉ាងធ្ងន់ធ្ងរ​លើ​ប្រតិបត្តិការ និង​ការអនុលោម​តាមច្បាប់​សម្រាប់​ក្រុមហ៊ុន​អឺរ៉ុប​ដែល​កំពុង​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​ចិន​»​។​


​ស្ថាប័ន​ដដែល​បន្ថែមថា លក្ខ​ខណ្ឌ​ដូចជា​កម្រិត​នៃ​ការវាយតម្លៃ​សុ​​វត្ថិ​ភាព​បទ​ប្បញ្ញត្តិ គឺ​ទាប​ពេក​ជាពិសេស​សម្រាប់​ក្រុមហ៊ុន​ពហុ​ជាតិ​ធំៗ​។​

​ប្រទេស​ចិន ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ បាន​រឹតបន្តឹង​ច្បាប់​ទិន្នន័យ ចំពេល​ដែល​លោក​ប្រធានាធិបតី ស៊ី ជិន​ភីង បង្កើន​ការយកចិត្តទុកដាក់​លើ​សន្តិសុខ​ជាតិ ហើយ​ក្រុមហ៊ុន​បរទេស​បារម្ភ​ថា ការខ្វះ​ភាពច្បាស់​លាស់​របស់​ច្បាប់​ស្ដីពី​ទិន្នន័យ​អាចធ្វើឱ្យ​ពួកគេ​រង​ហានិភ័យ​។​ 


​ភាពច្របូកច្របល់​ក្នុងចំណោម​អ្នក​វិនិយោគ​បរទេស​នៅក្នុង​ប្រទេស​ចិន បាន​កើនឡើង​ក្នុង​ឆ្នាំមុន​ដោយសារតែ​ការកំណត់​គោលដៅ​លើ​ក្រុមហ៊ុន​សាជីវកម្ម​ជា​បន្តបន្ទាប់ ដែល​ភាគ​ច្រើន​លើ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​។​ 

​របាយការណ៍​របស់​ស​ភា​ពាណិជ្ជ​កម្មបាន​បន្លឺ​ឡើង​នូវ​ការអត្ថាធិប្បាយ​ថ្មីៗ​ពី​មន្ត្រី​គណៈកម្មការ​អឺរ៉ុប ដែល​បាន​និយាយ​កាលពី​ខែកញ្ញា​ថា ក្រុមហ៊ុន​អាជីវកម្ម​អឺរ៉ុប​មានការ​ព្រួយបារម្ភ​ជា​​ពិសេស​ចំពោះ​កង្វះ​ភាពច្បាស់លាស់​នៅក្នុង​ច្បាប់​ទិន្នន័យ​របស់​ចិន​។​
 
​ចិន​ឯណោះ​វិញ​បាន​និយាយ​នាពេល​កន្លងមក​ថា ខ្លួន​កំពុង​ពិចារណា​លើ​ការលើកលែង​ការវាយតម្លៃ​សុវត្ថិភាព​ផ្ទេរ​ទិន្នន័យ​សម្រាប់​សកម្មភាព​ដូចជា​ពាណិជ្ជកម្ម​អន្តរជាតិ កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​ផ្នែក​សិក្សា ការផលិត​ឆ្លងដែន​និង​ទីផ្សារ​ដែល​មិនមាន​ព័ត៌មាន​ផ្ទាល់ខ្លួន ឬ​ទិន្នន័យ​សំខាន់ៗ​។ ការ​​សម្រេច​បែបនេះ ទទួលបាន​ស្វាគមន៍​ពី​សភាពាណិជ្ជកម្ម​បរទេស​។ 

​ការស្ទង់មតិ​ដែល​រ៉​យ​ទ័​រដក​ស្រង់ បាន​បង្ហាញថា ប្រភេទ​ទិន្នន័យ​ទូទៅ​បំផុត​ដែល​ក្រុមហ៊ុន​អឺរ៉ុប​ផ្ទេរ​ទៅ​ក្រៅប្រទេស គឺជា​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​និយោជិត ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក​ផ្គត់ផ្គង់ និង​អតិថិជន​ដោយ ៩៦ ​ភាគ​រយ​ត្រូវបាន​បញ្ជូនទៅ​ការិយាល័យ​កណ្តាល​របស់​ក្រុមហ៊ុន និង​ការិយាល័យ​ក្នុង​តំបន់​ផ្សេងទៀត​។ 

១/៣​នៃ​ក្រុមហ៊ុន​បាន​បង្ហាញថា ខ្លួន​នឹងធ្វើ​ឱ្យ​ពួកគេ​ចំណាយលុយ​ច្រើន​លាន​អឺរ៉ូ​ដើម្បី​រក្សាទុក​ទិន្នន័យ​របស់ខ្លួន​នៅក្នុង​ប្រទេស​ចិន ប្រសិនបើ​ពួកគេ​បរាជ័យ​ក្នុងការ​វាយតម្លៃ​សុវត្ថិភាព​ផ្ទេរ​ទិន្នន័យ​ឆ្លងដែន​នោះ​៕