​លោក ​ឡយ អូ​ស្ទី​ន (Lloyd Austin)​ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​បានលើកឡើង​នៅ​ថ្ងៃទី​ ១៤ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ថា បណ្តា​ប្រទេស​ដែល​កំពុង​ឃ្លាំមើល​ការអនុវត្ត​បទ​ឈប់​បាញ់​នៃ​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ មានការ​ព្រួយបារម្ភ​អំពី​ប្រទេស​ចិន និង​រុស្ស៊ី ដែល​ហាក់ដូចជា​កំពុងផ្ដល់​ជំនួយ​ដល់​កូរ៉េ​ខាងជើង​ក្នុង​ការពង្រីក​កម្លាំងយោធា ដែលជា​មធ្យោបាយ​ដើម្បី​គេចវេះ​ពី​ការដាក់​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​។​

​ប្រទេស​សមាជិក​អង្គការសហប្រជាជាតិ​ជាច្រើន និង​កូរ៉េខាងត្បូង​បាន​សន្យា​រួមគ្នា​ប្រឆាំងនឹង​ការឈ្លានពាន ឬ​ការវាយប្រហារ​ណាមួយ​ពី​កូរ៉េខាងជើង​ទៅលើ​កូរ៉េខាងត្បូង​ដែល​អាច​នឹង​កើតមានឡើង​។ ការសន្យា​រួមគ្នា​នេះ បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង​សេ​អ៊ូ​ល ដែលមាន​ការចូលរួម​ដោយ លោក អូ​ស្ទី​ន និង​មន្ត្រី​ការពារជាតិ​មកពី​បណ្ដា​ប្រទេស​ចំនួន​ ១៧ ​ដែល​បង្កើតបានជា​គណៈ​បញ្ជាការ​អង្គការសហប្រជាជាតិ (UNC)​ ទទួលខុសត្រូវ​លើ​ការត្រួតពិនិត្យ និង​ឃ្លាំមើល​បទ​ឈប់​បាញ់​។​

​លោក អូ​ស្ទី​ន បានលើកឡើង​ឈ្មោះ​ផ្លូវការ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​កូរ៉េខាងជើង​ចំៗ​ថា​៖ «​យើង​មានការ​ព្រួយ​បារម្ភ​យ៉ាងខ្លាំង​ដែល​ប្រទេស​ចិន និង​រុស្ស៊ី​កំពុងផ្តល់​ជំនួយ​ដល់​ប្រទេស​កូរ៉េខាងជើង ​ក្នុងការ​បង្កើន​សមត្ថភាព​យោធា ដើម្បី​គេច​ពី​ការដាក់ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​»​។​


​ទីក្រុង​វ៉ាស៊ីនតោន​ក៏​ធ្លាប់​ចោទប្រកាន់​កូរ៉េខាងជើង ថា​បាននិងកំពុង​ផ្តល់​សព្វាវុធ​ដល់​រុស្ស៊ី​ ដើម្បី​ធ្វើសង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ហើយ​ថា រុស្ស៊ី​កំពុង​ជួយ​កូរ៉េខាងជើង​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​យោធា​។​

យ៉ាងណាក៏ដោយ ទាំង​កូរ៉េខាងជើង និង​រុស្ស៊ី​ បាន​បដិសេធ​ការចោទប្រកាន់​ទាំងនេះ ប៉ុន្តែ​ពួកគេ​បាន​សន្យាថា​នឹងធ្វើ​ការ​ជាមួយគ្នា​ឱ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត​លើ​បញ្ហា​យោធា​។​


​នៅពេល​ត្រូវបាន​សាកសួរ​អំពី​ការលើក​ឡើង​របស់ លោក អូ​ស្ទី​ន អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក ឌី​មី​ទ្រី ប៉េ​ស្កូវ (Dmitry Peskov)​ បាន​ឆ្លើយតប​ថា​៖ «​សេចក្តី​ថ្លែង​ការណ៍​ទាំងនេះ​មិនមាន​ភ័ស្តុតាង និង​មិនអាច​យកជាការ​បានឡើយ​។ កន្លងមកនេះ សេចក្តីថ្លែងការណ៍​នីមួយៗ​ដែល​បាន​ធ្វើឡើង គឺ​កាន់តែ​ធ្វើឱ្យ​ភាពជឿជាក់​រួម​នៃ​ការអះអាង​របស់​ពួកគេ​ធ្លាក់​ចុះខ្សោយ​»​។​

​បន្ថែម​លើ​នេះ ចិន​ដែលជា​សម្ព័ន្ធមិត្ត​សំខាន់​របស់​កូរ៉េខាងជើង បាន​អះអាងថា​ខ្លួន​កំពុង​ប្រកាន់ខ្ជាប់​នូវ​កិច្ចព្រមព្រៀង​អន្តរជាតិ​ដែលមាន​។ ដោយឡែក សេចក្តី​ថ្លែងការណ៍​រួមមួយ​របស់​បញ្ជាការ​អង្គការ​សហប្រជាជាតិ និង​កូរ៉េខាងត្បូង​បាន​ថ្កោល​ទោស​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ថា ជា​កម្មវិធី​ខុសច្បាប់ ហើយ​ប្តេជ្ញា​ថា ពួកគេ​នឹងធ្វើ​ការឆ្លើយតប​ចំពោះ​សកម្មភាព​ឈ្លានពាន ឬ​ការវាយប្រហារ​ណាមួយ​ដែល​អាច​កើតឡើង​។​

​រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង លោក ស៊ីន វ៉ន​ស៊ី​ក (Shin Wonsik)​ បាន​ព្រ​​មាន​ក្រុង​ព្យុងយ៉ាង​ប្រឆាំងនឹង​សកម្មភាព​អរិភាព​ណាមួយ ដោយ​លោក​បាន​សង្កត់​ធ្ងន់​ថា កូរ៉េខាងជើង​ឥឡូវនេះ​ជា​សមាជិក​របស់​អង្គការសហប្រជាជាតិ មិន​ដូច​កាល​ឆ្នាំ ​១៩៥០ ​ដែល​សង្គ្រាម​កូរ៉េ​ចាប់ផ្តើម​ទេ​។​

​លោក ស៊ីន បាន​សង្កត់ធ្ងន់ថា​៖ «​ក្នុងករណី​មានការ​វាយប្រហារ​រប​ស់​កូរ៉េខាងជើង​មកលើ​កូរ៉េខាងត្បូង នោះ​គឺជា​ការរំលោភ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​សមាជិកភាព​របស់ខ្លួន​នៅ​អង្គការសហប្រជាជាតិ​។ ហើយ​ប្រទេស​ណាក៏ដោយ​ដែល​គាំទ្រ​កូរ៉េខាងជើង​ក្នុង​ទង្វើ​បែបនេះ​នឹងត្រូវ​ប្រឈមមុខ​នឹង​ផល​ប៉ះ​ពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​សហគមន៍​អន្តរជាតិ​»​។​

​ប្រទេស​ចិន និង​សហភាពសូវៀត​ធ្លាប់បាន​គាំទ្រ​កូរ៉េខាងជើង​ក្នុងអំឡុងពេល​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​៕