គណៈប្រតិភូមកពីរដ្ឋាភិបាលដែលដឹកនាំដោយតាលីបង់របស់ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៥ ខែវិច្ឆិកា បានចូលរួមកិច្ចប្រជុំពាណិជ្ជកម្មមួយនៅក្នុងប្រទេសប៉ាគីស្ថាន បើទោះបីជាមានភាពតានតឹង ដោយភាគីប៉ាគីស្ថាន បានបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់របស់អាហ្វហ្គានីស្ថានរាប់សែននាក់ យចេញពីប្រទេសយ៉ាងណាក៏ដោយ។
ចាប់តាំងពីខែតុលា មក ជនជាតិអាហ្វហ្គានីស្ថាន ប្រមាណជាង ៣ សែននាក់ ហើយបានត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ ពោលគឺចាប់តាំងតែពីពេលដែលប៉ាគីស្ថានបានបើកការបង្ក្រាបទូទាំងប្រទេសលើជនបរទេសដែលគ្មានឯកសារស្នាក់នៅស្របច្បាប់។
ជាក់ស្តែងការបង្ក្រាបនេះប៉ះពាល់ជាខ្លាំងទៅលើជនជាតិអាហ្វហ្គានីស្ថានក្នុងរង្វង់ប្រមាណ ១,៧ លាននាក់ ឯណោះដែលភាគច្រើនពួកគេបានភៀសខ្លួនចូលទៅរស់នៅលើទឹកដីប៉ាគីស្ថាន តាំងតែពីការចូលកាន់កាប់របស់សូវៀត លើទឹកដីអាហ្វហ្គានីស្ថានពីឆ្នាំ ១៩៧៩ ដល់ ១៩៨៩ និងបន្ទាប់មកទៀតគឺការឡើងកាន់កាប់អំណាចរបស់ពួកតាលីបង់ក្នុងឆ្នាំ ២០២១។
ជុំវិញការបង្ក្រាបនេះរដ្ឋបាលដឹកនាំដោយតាលីបង់ នៅអាហ្វហ្គានីស្ថាន ក៏បានចេញមុខប្រតិកម្មដែរ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងសប្តាហ៍នេះ រដ្ឋាភិបាលតាលីបង់ នៅតែបញ្ជូនរដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មលោក Nooruddin Azizi ទៅកាន់ទីក្រុង Islamabad សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្ម រួម ៣ប្រទេសគឺប្រទេសអាហ្វហ្គានីស្ថានខ្លួនឯងផ្ទាល់ ប្រទេសអ៊ូសបេគីស្ថាន និងម្ចាស់ផ្ទះប៉ាគីស្ថាន។
ក្នុងកិច្ចប្រជុំនោះ លោក Nooruddin Aziz ក៏បានជួបដាច់ដោយឡែកជាមួយមន្ត្រីប៉ាគីស្ថាន ដើម្បីពិភាក្សាអំពីបញ្ហាពាណិជ្ជកម្ម និងឆ្លៀតជជែកលើបញ្ហាបណ្តេញជនជាតិអាហ្វហ្គានីស្ថានផងដែរ។
បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់តាមរយៈបណ្តាញសង្គម X ស្ថានទូតអាហ្វហ្គានីស្ថាន ប្រចាំទីក្រុង Islamabad មិនបានលើកឡើងអំពីក្តីសង្ឃឹមនៃដំណោះស្រាយសម្រាប់បញ្ហាជនអន្តោប្រវេសន៍ឡើយ ពោលគឺផ្តោតតែទៅលើបញ្ហាពាណិជ្ជកម្មដោយភាគីទាំងបីបានយល់ព្រមពង្រីកពាណិជ្ជកម្ម កែលម្អមធ្យោបាយធ្វើដំណើរ បង្កើនការវិនិយោគរួមគ្នា និងលើកកម្ពស់ការដឹកជញ្ជូន។
ប្រទេសប៉ាគីស្ថានក្នុងសប្តាហ៍នេះ បានបើកច្រកព្រំដែនចំនួនបីបន្ថែមទៀត ដើម្បីពន្លឿនការនិរទេសជនជាតិអាហ្វហ្គានីស្ថាន ហើយភាគច្រើននៃពួកគេមិនអាចយកសូម្បីសម្ភាររបស់ពួកគេទៅជាមួយឡើយ។ ស្ថានទូត និងរដ្ឋាភិបាលតាលីបង់ បានចោទប្រកាន់ករណីនេះ ទៅលើអាជ្ញាធរប៉ាគីស្ថាន ថា បានរឹបអូសទ្រព្យសម្បត្តិ និងប្រាក់របស់ពួកគេ ក៏ប៉ុន្តែត្រូវបានភាគីប៉ាគីស្ថានបដិសេធ៕