ប៉ូលិស​ថៃ ​​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ១៣ នាក់​ ពាក់​ព័ន្ធ​នឹង​ការ​ឆបោក​តាម​កម្មវិធី​ខ្ចី​ប្រាក់​លើ​ទូរស័ព្ទ​​ចំនួន ​​៩​ និង​​​​រឹប​អូស​បាន​នូវ​សៀវភៅ​ធនាគារ​ ដែល​មាន​ទឹក​ប្រាក់សរុប​​រហូត​ដល់​​ ៥០០ ​លាន​បាត​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍​​។ ​

​ប្រធាន​ការិយាល័យ​ស៊ើប​អង្កេត​កណ្តាល​ (CIB) ​លោក​ ​JirabhopBhuridej​ បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា​​ការ​បង្ក្រាបនា​ដើម​សប្ដាហ៍​នេះ​​​បាន​ធ្វើ​ឡើង​នៅ​​លើ​ទី​តាំង​ចំនួន ​២៣ ​រួម​មានទាំង​នៅ​​ទីក្រុង​បាង​កង​ ខេត្ត​នុនថាបុរី​ ឈុនបុរី​ ផាធុមថានី ​នគររាជសីម៉ា ​ប្រាជីនបូរី អយុធ្យា សាមុតប្រាកាន​​ ឈុំផុន​ និង​ខេត្ត​ត្រាង​ជា​ដើម​។ ​

បើ​តាម​បាងកក​ប៉ុស្តិ៍​ ជន​សង្ស័យ​មេ​ក្លោង ​២ ​នាក់​ មួយ​ឈ្មោះ​ YuwathidaPuengpipat​ អាយុ ​៣៧​ ឆ្នាំ​ និង​មួយ​ទៀត​ឈ្មោះ​​ WeerayutPongpanwat​ អាយុ​ ៣៧​ ឆ្នាំ​ ត្រូវ​បាន​ចាប់​ខ្លួន​តាម​ដីកា​​ពី​​តុលាការ​ព្រហ្មទណ្ឌ ​ពី​បទ​ឃុប​ឃិត​គ្នា​ក្លែង​បន្លំ​បញ្ចូល​ព័ត៌មាន​មិនពិត​​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ ប្រតិបត្តិការ​អាជីវកម្ម​កម្ចី​ ដោយ​គ្មាន​ការ​អនុញ្ញាត ​​ជាមួយ​នឹង​អត្រាការ​ប្រាក់​ខ្ពស់​​​លើស​ពី​​​​ច្បាប់​កំណត់​​ ការ​ប្រើ​អំពើ​ហិង្សា ដើម្បី​​ប្រមូល​បំណុល ​និង​ការ​ចូល​រួម​ជាមួយ​អង្គការ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​។​


មនុស្ស​ចំនួន​ ១១ ​នាក់​​ផ្សេង​​ទៀត​ ​ត្រូវ​​បាន​​ចាប់​ខ្លួន​ ដោយ​ជាប់​​ពាក់​ព័ន្ធ​​​នឹង​​ការ​បង្កើត​​គណនី​​ប្រើ​ប្រាស់​ក្នុង​កម្មវិធី​ទូរស័ព្ទ​ដើម្បី​បោក​បញ្ឆោត​​អ្នក​ដទៃ​។​

ជាមួយ​គ្នា​នេះ​ផង​ដែរ​ ប៉ូលិស​ថៃ​​ក៏​​​​រឹប​អូស​​បាន​​វត្ថុ​តាង​​ចំនួន​ ៥២ ​រួម​មាន​​សៀវភៅ​ធនាគារ​ ​​​សៀវភៅ​​កត់​ត្រា ​ថេប​ប្លេ​ត​ និង​​ឧប ករណ៍​​​អេ​ឡិច​ត្រូ​និក​ផ្សេង​ៗ​ទៀត​​​​ ក៏​ដូច​ជា​ប្រាក់​ ៥០០ លាន​បាត​ដែល​មាន​ក្នុង​គណនី​​ទាំង​អស់​។ ​


បើ​តាម​ប៉ូលិស​ថៃ​ កម្មវិធី​ប្រាក់​កម្ចី​លើ​ទូរស័ព្ទ​ទាំង ​៩ ​ត្រូវ​បាន​​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​ចិន​ ដែល​ក្នុង​នោះ​រួម​មាន​កម្មវិធី​ Rich Loan, PleasantSheep, SummerCash, FortuneCat, GoldenTiger, FastCash, OrangeCash, GoldenFlower​និង​កម្មវិធី​ MemoryLoan​។​

ជន​រង​គ្រោះ​ដែល​ប្រើ​កម្មវិធី​កម្ចី​ណា​មួយ​ តម្រូវ​ឱ្យ​បញ្ជូល​ព័ត៌មាន​ផ្ទាល់​ខ្លួន​​ ដែល​រួម​មាន​បញ្ជី​ទំនាក់​ទំនង​ លេខ​គណនី​ធនាគារ​ អាល់ប៊ុម​រូប​ថត​ កាមេរ៉ា​ GPS ​​ជាដើម​​។

​ប៉ូលិស​ស៊ើប​អង្កេត​បាន​និយាយ​ថា​ ជន​រង​គ្រោះ​ម្នាក់​ៗ​ តម្រូវ​ឱ្យ​បំពេញ​ឈ្មោះ​ពិត​ ប្រភព​ចំណូល​ អាស័យដ្ឋាន ​លេខ​គណនី​ធនាគារ ​រូបថត​អត្ត​សញ្ញាណប័ណ្ណ ​និង​មុខ​របស់​អ្នក​ប្រើ​ប្រាស់​ និង​លេខ​ទូរស័ព្ទ​​ ដើម្បី​ទទួល​ពាក្យ​សម្ងាត់​តែ​ម្តង​ (OTP)

​បន្ទាប់​ពី​បញ្ចប់​ដំណើរ​ការ​ផ្ទៀង​ផ្ទាត់​ ជន​រង​គ្រោះ​​ទទួល​បាន​ប្រាក់​ត្រឹម​តែ​ ៥៥ ភាគរយ​​នៃ​ប្រាក់​កម្ចី​សរុប ​ដែល​បាន​ស្នើ​សុំ​ប៉ុណ្ណេះ​ ប៉ុន្តែ​តម្រូវ​​ឱ្យ​សង​គ្រប់​ចំនួន​វិញ​ក្នុង​រយៈ​ពេល​ ៦​ ថ្ងៃ​ ជាមួយ​នឹង​អត្រាការ​ប្រាក់ ​៧,៥ ភាគរយ​ក្នុង​មួយ​ថ្ងៃ​ ២២៥ ភាគ​រយ​ក្នុង​មួយ​ខែ​ ឬ​​២ ៧៣៧,៥ ភាគ​រយ ​ក្នុង​មួយ​ឆ្នាំ​៕