​ជាថ្មី​ម្តងទៀត ក្រោយ​ជំនួប​​​​កំពូល​ទ្វេភាគី​​​ រវាង​ប្រទេស​មហាអំណាច​លេខ​១ និង​លេខ២ នៅ​ទីក្រុង​សាន់ហ្រ្វាន់ ស៊ីស្កូ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បាន​អះអាង​នៅ​ថ្ងៃពុធ​​ថា​ លោក​មិនបាន​ផ្លាស់ប្តូរ​ទស្សនៈ​របស់លោក​ដែលថា​ ប្រធានាធិបតី​ចិន ស៊ី ជីនភីង (Xi Jinping)​ ថា​ ជា​​«ជន​ផ្តាច់ការ​»នោះទេ។

​កាលពី​ប៉ុន្មាន​ខែ​មុន ​ក្រោយរដ្ឋ​មន្ត្រី​ការបរទេសអាមេរិក អាន់តូនី ប្លីនកែន បាន​បំពេញ​ទស្សនកិច្ច​ដំបូង​នៅក្នុង​ប្រទេស​ចិនដែល​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ថ្នាក់ដឹកនាំ​​ប្រទេសមហាអំណាច​ទាំង​២ ​ព្យាយាម​​​បន្ធូរបន្ថយភាព​តានតឹង​​​​ក្នុង​​ពិភពលោក លោក ចូ បៃ​ដិន បាន​ហៅ​មេដឹកនាំ​ចិនថា ជាជនផ្តាច់ការ ដែល​នាំ​ឱ្យ​​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​​បរិហារ​​ការ​និយាយ​របស់​លោក​បៃដិន។ 

ដែលជា​ការអត្ថាធិប្បាយ​មួយ​ទំនងជា​នឹង​ផ្ទុះឡើង​នៅ​ទីក្រុង​ប៉េកាំង បន្ទាប់ពី​មេដឹកនាំ​ទាំងពីរ​បាន​ពិភាក្សាគ្នា​ក្នុង​កិច្ចប្រជុំ​កំពូល​ដោយត្រង់ៗ បន្ទាប់ពី​ការរៀបចំ​ជាច្រើន​ខែ។


នៅ​លើក​នេះ​វិញ​ លោក​ បៃ​ដិន នៅ​តែ​​បន្ត​ហៅ​ លោក​ស៊ី​​ ជីនភីង ជាជន​ផ្តាច់ការ​ដដែល។ 

យោង​តាមរ៉យទ័រ​ នៅ​ចុង​បញ្ចប់​​នៃ​​សន្និសីទ​សារព័ត៌មាន លោក ចូ បៃ​ដិន ត្រូវបាន​គេ​សួរថា​តើ​គាត់នៅតែ​ប្រកាន់​ទស្សនៈ​ដែលថា​ លោក ស៊ី​ គឺជា​ជន​ផ្តាច់ការ ឬ​យ៉ាងណា ដែល​គាត់​បាន​និយាយ​កាលពី​ខែមិថុនា។


តាមរ៉យទ័រ​រាយការណ៍ លោក បៃ​ដិន បាន​និយាយថា៖«មើលទៅ​គាត់​គឺជា​ជន​ផ្តាច់ការ​ក្នុងន័យ​ថា​គាត់​ជា​បុរស​ម្នាក់​ដែល​គ្រប់គ្រង​ប្រទេស​ដែលជា​ប្រទេស​កុ​ម្មុយ​និ​ស្ត​ដែល​ផ្អែកលើ​ទម្រង់​រដ្ឋាភិបាល​ខុសពី​ប្រទេស​របស់​យើង​ទាំងស្រុង»។

កាលពី​ខែមីនា​ឆ្នាំមុន ប្រធានាធិបតី​ចិន ស៊ី ជីនភីង​ បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាណត្តិ​ទី៣ នៅពេលដែល​សមាជិក​ជិត ៣០០០​ នាក់ ​នៃ​សភា​ប្រជា​ជនជាតិ​បាន​បោះឆ្នោត​ជា​ឯកច្ឆ័ន្ទ​ ឱ្យ​គាត់​នៅក្នុង​ការបោះឆ្នោត​មួយ​ដែល​មិនមាន​បេក្ខជន​ផ្សេងទៀត។

ប្រធានាធិបតី​ចិន ស៊ី ជីនភីង ត្រូវបាន​គេ​ចាត់ទុកថា​ជា​មេដឹកនាំ​ចិន​ ដ៏​មាន​ឥទ្ធិពល​បំផុត​ចាប់តាំងពី​លោក​ម៉ៅ សេទុង បន្ទាប់ពី​ការបង្រួបបង្រួម​អំណាច​ក្នុងការ​បង្កើត​គោលនយោបាយ និង​យោធា​អស់​រយៈពេល​មួយ​ទសវត្សរ៍ និង​ការរារាំង​សេរីភាព​សារព័ត៌មាន៕