ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​រុស្ស៊ី​ TASS បាន​រាយការណ៍​ថា សហព័ន្ធរុស្ស៊ី​គ្រោង​នឹង​បញ្ជូន​អវកាសយានិក​ទៅ​ចុះចត​នៅលើ​ឋាន​ព្រះ​ចន្ទ​ក្នុង​ទសវត្សរ៍​ក្រោយ ជា​លើកដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់ខ្លួន និង​មានបំណង​សាងសង់​មូលដ្ឋាន​ស្រាវជ្រាវ​លើ​ព្រះ​ចន្ទ​ចាប់ពី​ឆ្នាំ​​ ២០៣១​។​

TASS រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា ផែនការ​ព្រាង​នៃ​គម្រោង​នេះ ​ត្រូវបាន​បង្ហាញ​ដោយ​លោក Vladimir Solovyov មកពី​ក្រុមហ៊ុន RKK Energia ដែលជា​ក្រុមហ៊ុន​សាជីវកម្ម​រុស្ស៊ី​ ទទួលខុសត្រូវ​លើ​ការហោះ​​ហើរ​ក្នុង​លម្ហ​អាកាស​។​ 

​លោក Solovyov បាន​និយាយថា រុស្ស៊ី​ កំពុង​រៀបចំ​ផែនការ​បេសកកម្ម​មនុ​ស្ស​ទៅកាន់​ឋាន​​ព្រះ​ចន្ទ រួមទាំង​ការចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​របស់​ជនជាតិ​រុស្ស៊ី​ជា​លើកដំបូង រួម​ជាមួយនឹង​ការកសាង​មូលដ្ឋាន​ស្រាវជ្រាវ​លើ​ឋាន​ព្រះ​ចន្ទ​ចន្លោះ​ពី​ឆ្នាំ ២០៣១ ដល់ ​២០៤០​។ ផែន​ការព្រាង​ក៏បាន​លើកឡើង​ពី​ការទាញយក​ធនធានរ​បស់​ឋាន​ព្រះ​ចន្ទ​ផងដែរ​។​


​កាលពី​ខែសីហា បេសកកម្ម​នៅ​ឋាន​ព្រះ​ចន្ទ​លើកដំបូង​របស់​រុស្ស៊ី​ដែល​មិន​ធ្លាប់មាន​ក្នុង​រយៈ​ពេល ​៤៧ ​ឆ្នាំ​បាន​បរាជ័យ​ពេល​យានអវកាស Luna-25 គ្រប់​គ្រង​លែង​បាន ហើយ​ធ្លាក់​ទៅលើ​ឋាន​ព្រះ​ចន្ទ​។ 

​អវកាសយានិក​អាមេរិក លោក​ Neil Armstrong ទទួលបាន​ភាពល្បីល្បាញ​ក្នុង​ឆ្នាំ​ ១៩៦៩ ដោយ​លោក​ក្លាយជា​មនុស្ស​ដំបូង​គេ​ដែល​បាន​ដើរ​លើ​ឋាន​ព្រះ​ចន្ទ ប៉ុន្តែ​បេសកកម្ម Luna-2 របស់​សហភាពសូវៀត គឺជា​យាន​​អវកាស​ដំបូង​គេ​ដែល​បាន​ទៅដល់​ផ្ទៃ​ព្រះ​ចន្ទ​ក្នុង​ឆ្នាំ​ ១៩៥៩​។​ 


​លោក Yuri Gagarin ដែលជា​អវកាសយានិក​សូ​វៀត បាន​ក្លាយជា​មនុស្ស​ដំបូង​ធ្វើដំណើរ​នៅក្នុង​លម្ហ​អាកាស​នៅ​ថ្ងៃទី​ ១២ ខែមេសា ឆ្នាំ​ ១៩៦១ ​ប៉ុន្តែ​អ​វ​កាស​យានិក​សូ​វៀត​មិនដែល​ធ្លាប់​ជាន់ដី​ឋាន​ព្រះ​ចន្ទ​ទេ​៕ ​