នាយក​រដ្ឋមន្រ្តី​ថៃ លោក សេដ្ឋា ថាវីស៊ីន បាននិយាយ​កាលពី​ថ្ងៃព្រហស្បតិ៍​ថា រដ្ឋាភិបាល​របស់លោក​កំពុងព្យាយាម​អស់ពី​សមត្ថភាព​ដើម្បីអនុវត្ត​គោលនយោបាយ​កាបូប​ឌីជីថល (Digital Wallet) ប៉ុន្តែលោក​បានសារភាព​ថា លោកមិនអាច​ផ្គាប់ចិត្ត​មនុស្សគ្រប់គ្នា​ជាមួយនឹង​គោលនយោបាយនេះ​បានទេ។

 លោក ស្រេតថា ដែលបច្ចុប្បន្ន​កំពុងនៅ​សហរដ្ឋអាមេរិក ដើម្បីចូលរួម​កិច្ចប្រជុំកំពូល​នៃកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក (APEC) បានផ្ដល់​ការអត្ថាធិប្បាយ​លើការរិះគន់​មួយចំនួន​ដែលបានលើកឡើង​ថា គម្រោង​កាបូប​ឌីជីថលនេះ​នឹងខុសពីអ្វី​ដែលគណបក្សភឿថៃ​បានសន្យា​ក្នុងអំឡុង​ពេលធ្វើយុទ្ធនាការ​បោះឆ្នោត។

 ផែនការ​អំពី​កាបូបឌីជីថល​នេះ គឺជាការសន្យា​ដ៏សំខាន់មួយ​នៅក្នុងយុទ្ធនាការ​បោះឆ្នោត​របស់​គណបក្សភឿថៃ ពោលគឺជា​ការសន្យា​ផ្តល់​ប្រាក់​ចំនួន ១ ម៉ឺនបាត​ដល់ប្រជាជនថៃ​គ្រប់រូប​ដែលមាន​អាយុ​លើសពី ១៦ ឆ្នាំ ដោយមិនគិត​ពីស្ថានភាព​ហិរញ្ញវត្ថុ​របស់​ពួកគេ​ឡើយ។


 យ៉ាងណាមិញ បន្ទាប់ពី​ប្រឈមមុខ​នឹងការរិះគន់ រដ្ឋាភិបាលថៃ​ដែលដឹកនាំ​ដោយគណបក្សភឿថៃ បានសម្រេច​កាត់បន្ថយ​ចំនួនមនុស្ស​ដែលមាន​សិទ្ធិទទួលបាន​ប្រាក់​ពីគម្រោង​កាបូបឌីជីថលពី ៥៦ លាននាក់​មកនៅ​ត្រឹម ៥០ លាននាក់ ដោយពួកគេ​បានកំណត់​លក្ខខណ្ឌ​ថា អ្នកដែលអាច​ទទួលបាន​ប្រាក់ពី​កាបូបឌីជីថល ត្រូវតែជា​អ្នកដែលមាន​ប្រាក់ខែ​តិចជាង ៧ ម៉ឺនបាត​ក្នុងមួយខែ ឬមានប្រាក់​សន្សំក្នុង​ធនាគារ​ក្រោម ៥០ ម៉ឺនបាត។

 លោក សេដ្ឋា លើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​មិនស្តាប់​មតិសាធារណៈ ហើយនៅតែ​បន្តអនុវត្ត​តាមការសន្យា​ក្នុងអំឡុងពេល​ឃោសនា​បោះឆ្នោត នោះពួកគេ​ក៏នឹងប្រឈមមុខ​ជាមួយ​ការរិះគន់​ដូចគ្នា។ លោកបានមានប្រសាសន៍​ថា «យើង​កំពុងព្យាយាម​ធ្វើឱ្យ​អស់ពី​សមត្ថភាព​ហើយ។ យើងត្រូវ​កែលម្អ និងសម្របតាម​គ្រោងការណ៍​ឱ្យស្របតាម​សំណើ​ពីគ្រប់វិស័យ»។ លោកបានបន្ថែម​ថា «ប៉ុន្តែ​ដោយការព្យាយាម​ស្តាប់មតិ​ទាំងអស់ យើងដឹងថា​យើងមិនអាច​ផ្គាប់ចិត្ត​មនុស្ស​គ្រប់គ្នា​បានទេ»។


 លោកបានប្រកាស​ថា ការចែកចាយ​ថវិកា​តាមឌីជីថល​នេះ គួរតែអាច​ចាប់ផ្តើមបាន​នៅខែឧសភា ឆ្នាំ២០២៤ ខាងមុខ ប៉ុន្តែ​លោកនិយាយ​ថា លោកត្រូវ​រង់ចាំ​ក្រុមប្រឹក្សា​រដ្ឋ​ដើម្បី​សិក្សាពី​ផែនការនេះ មុននឹងលោក​អាចបញ្ជាក់​ថា តើការចែកចាយ​ថវិកានេះ​នឹងអាច​ចាប់ផ្តើម​តាមការកំណត់​ដែរឬ​ក៏យ៉ាងណា។

 លោកបាន​លើកឡើង​ថា លោកមិនបាន​ជំរុញ​ទីប្រឹក្សា​ច្បាប់​របស់​រដ្ឋាភិបាល​ឱ្យ​ប្រញាប់ប្រញាល់​លើរឿងនេះ​ឡើយ។ លោកបានបញ្ជាក់​ថា ពេលវេលា​របស់​គម្រោងមួយនេះ​គឺមិនមាន​បញ្ហាអ្វីនោះទេ។ រដ្ឋាភិបាលថៃ​ត្រូវសម្រេច​អនុម័ត​ច្បាប់​ដើម្បីស្នើ​កម្ចី​ចំនួន ៥០០ ប៊ីលានបាត​សម្រាប់អនុវត្ត​ផែនការនេះ ក្នុងគោលបំណង​ឱ្យមាន​តម្លាភាព និងការត្រួតពិនិត្យ​ដោយសភា​ច្បាស់លាស់។

 ឧបនាយក​រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក អនុធិន ចាន់វីរ៉ាគុល (Anutin Charnvirakul) បានរំលេច​ថា គណបក្សភូមិចៃថៃ (Bhumjaithai Party) របស់​លោក នឹងគាំទ្រ​ច្បាប់​កម្ចីប្រាក់​មួយនេះ ដោយសារតែ​ផែនការ​កាបូប​ឌីជីថល​ឥឡូវនេះ ជាផ្នែកមួយ​នៃគោលនយោបាយ​របស់​រដ្ឋាភិបាល​ចម្រុះ។ លោកបានបន្ថែម​ថា គណបក្ស​របស់​លោកនឹង​ប្រឆាំង​ជាមួយច្បាប់​នេះ លុះត្រាតែ​ច្បាប់នេះ​បង្កើតឡើង​ដោយ​ខុសច្បាប់ ឬផ្ទុយ​នឹង​រដ្ឋ​ធម្មនុញ្ញ។

កាលពី​ថ្ងៃព្រហស្បតិ៍ ឧបនាយក​រដ្ឋមន្ត្រី លោក ផាឆារ៉ាវ៉ាត វង្សស៊ូវ៉ាន់ (Patcharawat Wongsuwan) បាននិយាយ​ថា លោកចាំបាច់​ត្រូវជជែក​ពិភាក្សាជាមួយ​មេដឹកនាំ​គណបក្ស​ផាឡាំងប្រាឆារ៉ាត់ (Palang Pracharath) គឺឧត្តមសេនីយ៍ ប្រាវិត វង្សស៊ូវ៉ាន់ (Prawit Wongsuwan) ជាមុនសិន មុនពេល​ដែលលោក​អាចផ្ដល់​ការអត្ថាធិប្បាយ​អំពី​គោលជំហ​របស់​បក្ស ទៅលើច្បាប់​កម្ចីប្រាក់​ចំនួន ៥០០ ប៊ីលានបាត​នេះ៕