កាលពីថ្ងៃ​ទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ អំឡុងពេល​ពិធីទទួលទាន​អាហារ​ពេលល្ងាច​ជាមួយក្រុម​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​សារជីវកម្មធំៗ​អាមេរិក​នៅ​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) បានធានា​អះអាង​ទៅកាន់ពួកគេ​ថា ប្រទេសចិន​ បានត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ក្លាយជា​ដៃគូ​មិត្តភាព​ជាមួយ ​សហរដ្ឋ​អាមេរិក ដោយសង្កត់ធ្ងន់​លើឱកាស​ដ៏ច្រើន​សម្រាប់​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ។

 ការអះអាង​របស់​លោក ស៊ី បែបនេះ​គឺដើម្បី​ស្ដារនូវ​ទំនុកចិត្ត​របស់​ម្ចាស់អាជីវកម្ម​ទាំងអស់ និងដើម្បី​ទាក់ទាញ​ការវិនិយោគ​ពីបរទេស​ផងដែរ។


 នៅក្នុងវេទិកា​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក (APEC) ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​អាមេរិកធំៗ​ជាច្រើនបាន​ជួបពិភាក្សា​ជាមួយលោក ស៊ី។ ជំនួបនេះបាន​ធ្វើឡើង​បន្ទាប់ពី​មានការជជែក​ពិភាក្សា​ជាបន្តបន្ទាប់​រវាង​មេដឹកនាំ​ចិន និងប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន (Joe Biden) ដែលបាន​ផ្តោតលើ​ស្ថិរភាព​ទំនាក់ទំនង​រវាង​ប្រទេសទាំងពីរ​ដែលជាមហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក។

 គួរកត់​សម្គាល់​ថា លោក ស៊ី បានទទួល​ការងើបឈរ​ស្វាគមន៍​ពីសំណាក់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​សហគ្រាស​អាមេរិក​ចំនួន ៣ ដង ពោលគឺនៅ​ពេលគាត់​ដើរចូល​ទៅក្នុងសាល​ទទួលទាន​អាហារម្ដង មុនពេល​គាត់ឡើង​ថ្លែងសុន្ទរកថាម្ដង និងពេលថ្លែងសុន្ទរកថា​ចប់ម្ដង។


អំឡុងពេល​ថ្លែងសុន្ទរកថា លោកបាន​សង្កត់ធ្ងន់​លើសារៈសំខាន់​នៃកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ចិន និងសហរដ្ឋ​អាមេរិក ដោយបាន​ច្រានចោល​គំនិត​នៃការមើលឃើញ​ប្រទេស​ចិន​ថា​ជាការគំរាមកំហែង។ 

 លោក ស៊ី បានមាន​ប្រសាសន៍​ថា «បើទោះបីជា​ដំណាក់កាល​នៃការអភិវឌ្ឍ​ដែលខ្លួន​អាចឈាន​ដល់កម្រិត​ណាក៏ដោយ ប្រទេស​ចិន​នឹងមិន​អនុវត្ត​គោលនយោបាយ​អនុត្តរភាព ឬការពង្រីក​ឥទ្ធិពល​របស់​ខ្លួនឡើយ ជាពិសេស​គឺចិន​គ្មានឆន្ទៈ​ក្នុងការដាក់​សម្ពាធទៅ​លើប្រទេសណាមួយ​ឡើយ»។

 លោក ស៊ី បានបង្ហាញពី​ទំនុកចិត្ត​ទៅលើ​អនាគត​នៃទំនាក់ទំនង​ចិន និងអាមេរិក បើទោះបីជា​មានភាពតានតឹង​កាន់តែខ្លាំងឡើង​រវាង​ប្រទេស​ទាំងពីរ​ក៏ដោយ។ លោកបាន​ធានា​ចំពោះ​មេដឹកនាំ​ធុរកិច្ច​អាមេរិក​ទាំងអស់​ថា ប្រទេសចិន​នៅតែបើក​ចំហ​ចំពោះ​កិច្ចសហប្រតិបត្តិការ ហើយថា​ចិន​បានទទួល​ស្គាល់​បញ្ហាប្រឈម​ដែលបណ្តាលមក​ពីការធ្លាក់ចុះ​សេដ្ឋកិច្ច និងកង្វល់​ពាក់ព័ន្ធនឹង​បញ្ហា​សន្តិសុខ​របស់​ប្រទេស។

 គួរដឹងដែរ​ថា ក្នុងកម្មវិធី​អាហារ​ពេលល្ងាច​នេះ ថ្នាក់ដឹកនាំ​ធុរកិច្ច​មកពី​សាជីវកម្មធំៗ​របស់​សហរដ្ឋអាមេរិក​ជាច្រើន​បានចូលរួម ក្នុងនោះ​រួមមាន ក្រុមហ៊ុន Apple ក្រុមហ៊ុន BlackRock ក្រុមហ៊ុន Broadcom  ក្រុមហ៊ុន Bridgewater Associates និងក្រុមហ៊ុន Pfizer ជាដើម។

លោក ស៊ី ក៏បានជួប​ជាមួយ​នាយកប្រតិបត្តិ​ក្រុមហ៊ុន តេស្លា (Tesla) លោក អេឡុន ម៉ាសក៍ (Elon Musk) និងបានសម្តែង​ការគាំទ្រ​ចំពោះការរីកចម្រើន​របស់​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​ចិន​ផងដែរ។ 

 នៅក្នុងសេចក្ដីថ្លែង​ការណ៍​នោះលោក ស៊ី មិនបាន​ផ្តោតច្រើន​លើទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​នោះទេ។ លោកបាន​សម្តែងការអាណិតអាសូរ​របស់ចិន​សម្រាប់​ប្រជាជន​អាមេរិក ជាពិសេស​យុវជន​ដែលបានប៉ះពាល់​ដោយផលវិបាក​នៃសារធាតុ​ហ្វិនតានីល (Fentanyl) ដែលជាថ្នាំ​ប្រើ​ដើម្បី​កាត់បន្ថយ​ការឈឺចាប់​ធ្ងន់ធ្ងរ។ នៅមុនពេល​ពិធី​អាហារ​ពេលល្ងាច​នេះ លោក ស៊ី និងលោក បៃដិន ក៏បានយល់ព្រម​សហការគ្នា​ក្នុងការកាត់​បន្ថយការផលិត​សារធាតុ​ហ្វិនតានីល​នេះផងដែរ។

 គួរដឹងដែរ​ថា ក្រៅពីខ្លឹមសារ​របស់​លោក ស៊ី ដែលបានលើកឡើង​ខាងលើ នៅមាន​បញ្ហាចម្រូងចម្រាស​មួយចំនួន​ដែលបានកើត​ឡើងផងដែរ។ ជាក់ស្ដែង កម្មវិធី​ជួបជុំ​អាហារ​ពេលល្ងាច​ដែលរៀបចំ​ឡើងដោយ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក-ចិន និងគណៈកម្មាធិការ​ជាតិស្តី​ពីទំនាក់ទំនង​អាមេរិក-ចិន​នេះ ត្រូវបានគេ​រិះគន់​ចំពោះ​តម្លៃ​សំបុត្រ​ខ្ពស់ពេក និងថា​ជាកម្មវិធី​ដែលធ្វើ​ឡើងដើម្បី​ទទួលស្គាល់​រដ្ឋាភិបាល​ចិន​ថាស្របច្បាប់​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​កន្លងមក។

 ម៉្យាងវិញទៀត សុន្ទរកថា​របស់​លោក ស៊ី ទំនងជា​មិនអាច​កែលម្អ​ទំនុកចិត្ត​របស់ម្ចាស់​ក្រុមហ៊ុន​សហគ្រាស​សាជីវកម្ម​អាមេរិក​ចំពោះ​ប្រទេស​ចិន​បានច្រើន​នោះទេ។ ការប្រជែងគ្នា​កាន់តែខ្លាំងឡើង​រវាង​សហរដ្ឋ​អាមេរិក និងចិន​បានធ្វើ​ឱ្យក្រុមហ៊ុន​មកពីប្រទេស​ទាំងពីរ​ស្ថិតក្រោម​ការប្រុងប្រយ័ត្ន​ខ្លាំង ហើយការសង្ស័យ​របស់​ចិន​ចំពោះ​ក្រុមហ៊ុន​លោកខាងលិច​ថា​បានធ្វើ​ចារកម្ម ក៏កំពុង​បំផ្លាញ​ទំនុកចិត្ត​វិនិយោគិន​ផងដែរ៕