អ្នកនាំពាក្យ​សេត​វិមាន នៅ​យប់​ថ្ងៃ​សៅរ៍​ទី១៨​ខែ​វិច្ឆិកា​ឆ្នាំ​២០២៣​ បាន​និយាយថា​អ៊ីស្រាអែល​និង​ក្រុម​ហា​ម៉ាស់​មិន​ទាន់​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ស្តី​ពីបទ​ឈប់​បាញ់​បណ្តោះ​អាសន្ន​នៅឡើយ ហើយ ​សហរដ្ឋ​អាមេរិក​កំពុង​បន្ត​ធ្វើការ​ដើម្បី​ទទួលបាន​កិច្ចព្រមព្រៀង​រវាង​ភាគី​ទាំងពីរ។

លោកស្រី Adrienne Watson ជា​អ្នកនាំពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេត​វិមាន​ក៏បាន​បញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «មិន​ទាន់​មាន​កិច្ច​ព្រមព្រៀង​នៅឡើយ​ទេ​ប៉ុន្តែ​យើង​បន្ត​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទទួល​បាន​កិច្ចព្រមព្រៀង»។

ដោយឡែក​បើតាម​កាសែត Washington Post រាយការណ៍​កាលពី​យប់​ថ្ងៃ​សៅរ៍​វិញ​បាន​ឱ្យ​ដឹងថា​កិច្ចព្រមព្រៀង​មួយ​ដែល​ប្រទេស​កាតា​ជា​អ្នក​សម្របសម្រួល​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហា​ម៉ាស​ឯណោះ​វិញ​បាន​ឈាន​ដល់​បទ​ឈប់​បាញ់​រយៈពេល​ប្រាំ​ថ្ងៃជា​ថ្នូរ​នឹង​ចំណាប់​ខ្មាំង ​​៥០ ​នាក់​ឬ​ច្រើន​ជាង​នេះ។


អ៊ីស្រាអែល​បាន​ប្តេជ្ញាចិត្ត​កម្ទេច​ក្រុម​ហា​ម៉ាស់​បន្ទាប់ពី​រង​ការវាយលុក​ពី​សំណាក់​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស់​កាលពី​ថ្ងៃ​ទី​៧​ ខែ​តុលា​ចូលក្នុង​ប្រទេស​អ៊ីស្រាអែល​ដោយបាន​សម្លាប់​មនុស្ស​ចំនួន ​១​ពាន់ ​២​រយ​នាក់​ និង​ ចាប់​ចំណាប់ខ្មាំង​ចំនួន​ ២៤០​នាក់។

ឈាន​ចូលដល់​សប្តាហ៍​ទី​ប្រាំពីរ​នៃ​ជម្លោះ​ពី​ភាគី​អាជ្ញាធរ​ក្នុង​តំបន់​ហ្គា​ហ្សា​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហា​ម៉ាស់​វិញ​បាន​ឱ្យ​ដឹង​ថា ​ចំនួន​អ្នកស្លាប់​នៃ​ប្រជាជន​ខ្លួន​កើន​ដល់​ជាង ​១​ម៉ឺន ២​ពាន់​ រួមទាំង​កុមារ​ចំនួន​ ៥ ពាន់​ផងដែរ៕