បន្ទាប់​ពី​ការ​លើក​លែង​​ទិដ្ឋការ​រយៈពេល​វែង​​ដល់​ប្រជាជន​​​​ចិន កាហ្សាក់ស្ថាន ​ឥណ្ឌា ​ជាដើម ប្រទេស​ថៃ​​ដែល​សេដ្ឋកិច្ច​របស់ខ្លួន​ពឹង​ផ្អែក​យ៉ាង​​ខ្លាំង​លើ​វិសេវាកមុ្ម​ បាន​​រិះរក​វិធី​​ដើម្បី​​​ជំរុញ​ការ​លើក​លែង​ទិដ្ឋាការ​​ដល់​ប្រទេស​​​នានា​នៅតំបន់អឺរ៉ុប​បន្ថែម​ទៀត។

យោង​តាមការ​ផ្សាយ​របស់ Bloomberg ប្រទេស​ថៃ​ដែល​ពឹង​ផ្អែកលើ​វិស័យ​ទេសចរណ៍​កំពុង​រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌ និង​កីឡា​រាប់រយ ហើយ​អាច​នឹង​លើកលែង​តម្រូវការ​ទិដ្ឋាការ​សម្រាប់​អ្នកធ្វើដំណើរ​មកពី​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​កាន់តែច្រើន ដោយសារ​វា​ដំណើរការ​ដើម្បី​ជំរុញ​អ្នក​ធ្វើដំណើរ​កម្សាន្ត​​​ឱ្យ​ស្នាក់នៅ​បានយូរ និង​ចំណាយ​កាន់តែច្រើន។

​សារ​ព័តមាន​នេះ​ បានដកស្រង់​សម្តី លោក Prommin Lertsuridej ដែល​ជា​ជំនួយការ​កំពូល​រប​ស់​នាយករដ្ឋមន្ត្រី​លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ដោយ​​​និយាយថា ប្រទេស​អាស៊ីអាគ្នេយ៍​​ដែលមាន​ប្រជាប្រិយភាព​សម្រាប់​ភាពរស់រវើក​ពេល​រាត្រី ឆ្នេរសមុទ្រ និង​ឧទ្យាន​ជាតិ​កំពុង​ពិភាក្សា​អំពី​ផែនការ​អនុញ្ញាតឱ្យ​ភ្ញៀវទេសចរ​នៃ​ជនជាតិ​អឺរ៉ុប​មួយចំនួន​ស្នាក់នៅ​រយៈពេល ៩០ថ្ងៃ។


លោក​បាន​និយាយថា វា​ក៏​នឹងមាន​ព្រឹត្តិការណ៍​ប្រហែល ៣០០០ ដូចជា​ការប្រគុំ​តន្ត្រី ការរត់​ម៉ា​រ៉ា​តុង និង​ពិធីបុណ្យ​វប្បធម៌​ផ្សេងទៀត​ដែល​រៀបចំ​នៅ​ឆ្នាំក្រោយ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ។

​ក្រោយ​ការ​ចូល​កាន់​ដំណែង​​ នាយក​រដ្ឋមន្ត្រី​​​​ថៃ​​ សេដ្ឋា ថាវីស៊ីន បាន​ដាក់ចេញ​​​នយោបាយ​លើក​លែងទិដ្ឋាការ​រយៈពេលវែង​​ដល់​ប្រជាជន​ចិន​​និង​​កាហ្សាក់ស្ថាន​មុន​គេបំផុត ដើម្បី​​ទាក់​ទាញ​​អ្នក​ដំណើរ​ច្រើន​មក​ពី​ប្រទេសតំបន់​អាស៊ីកណ្តាល​នេះ។


ក្រោយ​ការ​ដាក់​ចេញ​ និង​ទទួលស្វាគមន៍​ក្រុម​ភ្ញៀវ​ដំបូង​​ កាល​ពីថ្ងៃទី ​២៥ ខែកញ្ញា ប្រទេស​ថៃ ​នៅ​ថ្ងៃទី​ ៣ ខែ​តុលា​ ក៏​ជួប​ហេតុការណ៍បាញ់ប្រហារ​នៅផ្សារទំនើប​​​ក្នុង​ទីក្រុងបាងកក​ដែល​បណ្តាល​ឱ្យ​អ្នក​ទេសចរ​ចិន​ស្លាប់និង​របួស នឹង​នាំ​ទៅ​ដល់​កង្វល់​ដែល​គោល​នយោបាយ​ដែលទើប​ដាក់​ចេញ​នោះបរាជ័យ។

ដើម្បី​ស្តារទំនុក​ចិត្ត​ពី​អ្នក​ដំណើរ​​ចិន ប្រទេស​ថៃ​ក៏​បង្ហាញ​​ពី​ផែន​ការ​ដាក់​ពង្រាយ​​ប៉ូលិសចិន​នៅ​តាមតំបន់​ទេសចរណ៍​ល្បីៗ ប៉ុន្តែ​ត្រូវលុប​ចោល​គម្រោង​ការនោះវិញ បន្ទាប់​ពី​រងការរិះគន់​ខ្លាំង​​ពី​ប្រជាជន​ក្នុងស្រុក៕​