ស្របពេល​ដែល​ភាព​តានតឹង​ជាមួយ​ប្រទេស​ចិន​រុស្ស៊ី​និង​កូរ៉េខាងជើង​កាន់តែ​កើនឡើង ជប៉ុន​បានធ្វើ​សមយុទ្ធ​យោធា​ថ្នាក់ជាតិ​នៅលើ​កោះ ​Tokunoshima ដែល​នឹង​បិទ​បញ្ចប់​នៅក្នុង​រយៈពេល ១១ថ្ងៃ។

សម្រាប់​ជប៉ុន ​ការធ្វើ​សមយុទ្ធ​នេះ​ជាការ​បង្ហាញ​ពី​ការត្រៀមខ្លួន​របស់​កង​កម្លាំង​ជើងគោក​សមុទ្រ​និង​អាកាស​ដើម្បី​ការពារ​ទឹកដី​របស់​ប្រទេស​ ជប៉ុន ​និង ​ហេដ្ឋារចនាសម្ព័ន្ធ​រួមទាំង​រោងចក្រ​ថាមពលនុយក្លេអ៊ែរ។

ដោយឡែក​ ការជ្រើសរើស​យក​កោះ​ Tokunoshima ក្នុង​ការធ្វើ​សមយុទ្ធ​នេះ​ ដោយសារតែ​ជប៉ុន​មើលឃើញ​ពី​ភាព​ប្រឈម​នៃ​កោះ​នេះ​ក្នុងករណី​វាយប្រហារ​ណាមួយ​ពី​ប្រទេស​ ចិន។ ម្យ៉ាងទៀត​ខុសពី​ឆ្នេរ​ជាច្រើន​នៅតាម​បណ្ដុំ​កោះ​ភាគ​និរតី​របស់​ប្រទេស​ជប៉ុន​ឆ្នេរ​មួយ​នៅលើ​កោះ ​Tokunoshima មាន​ភាព​អំណោយផល​ដែល​ជំរុញ​ការ​សមយុទ្ធ​ឱ្យ​កាន់​តែមាន​ភាពងាយស្រួល​ជាង​មុន​ថែមទៀត។


ឧ​ត្ត​ម​សេនីយ៍​ Yoshihide Yoshida នាយសេនាធិការ​ចម្រុះ​នៃ​កងកម្លាំង​ស្វ័យការពារ​បាន​និយាយ​ក្រោយ​ការសង្កេត​សមយុទ្ធ​នោះ​ថា៖ «គោលដៅ​របស់​សមយុទ្ធ​យោធា​នានា​ពេលនេះ​គឺ​ដើម្បី​បង្ហាញថា​ប្រសិនបើ​មាន​ស្ថានការណ៍​គ្រាអាសន្ន​ដែល​កើតចេញពី​ការវាយប្រហារ​នោះ​យើង​អាច​រួមគ្នា​ឆ្លើយតបបាន​ទាន់ពេលវេលា»។

ដោយឡែក ​វិសាលភាព​ និង​ ល្បឿន​នៃ​សមយុទ្ធ​យោធា​នៅក្នុង​ប្រទេស​ជប៉ុន​ទំនងជា​កើនឡើង​បន្ថែមទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​បន្ទាប់ពី​នាយករដ្ឋមន្ត្រី Fumio Kishida កាលពី​ខែធ្នូ​បានបង្ហាញ​ពី​ការកសាង​យោធា​ដ៏​ធំ​បំផុត​របស់​ប្រទេស​ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី ២ មក។លើសពីនោះ លោកនាយក​រដ្ឋមន្ត្រី​បាន​សន្យាថា​នឹង​បង្កើន​ការចំណាយ​លើ​វិស័យ​ការពារជាតិ​ទ្វេដង​ត្រឹម​រយៈពេល ៥ឆ្នាំ។


លោក ​Kishidaបាន​ព្រមាន​ដែរ​ថា​អាស៊ី​បូព៌ា​អាចជា​ប្រទេស​អ៊ុយ​ក្រែ​ន​បន្ទាប់​ប្រសិនបើ​ចិន​ទទួលបាន​ការគាំទ្រ​ពី​រុស្ស៊ី​លើ​ប្រទេសជិតខាង​ក្នុងការ​វាយប្រហា​រ​តៃវ៉ាន់។

ក្រោម​ការព្រួយបារម្ភ​នេះ​ជប៉ុន​បានគ្រោង​ទុក​នូវ​ថវិកា​ចំនួន ៤៣.៥ ពាន់​ពាន់​លាន​យ៉េន (២៩០ ពាន់​លាន​ដុល្លារ) សម្រាប់​ចំណាយ​ទៅលើ​វិស័យ​យោធា​ ជាពិសេស ​សំដៅ​បង្កើន​អាវុធថ្មីៗ ដូចជា​ ម៉ី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ជាដើម​បង្កើន​ការ​ស្តុក​គ្រឿងបន្លាស់​និង​បន្ថែម​អាវុធ​ថែមទៀត។

ប៉ុន្តែ​យ៉ាងណា​ការធ្លាក់ចុះ​យ៉ាងខ្លាំង​នៃ​ប្រាក់​យ៉េន​នៅ​ឆ្នាំនេះ​បាន​បង្ខំ​ឱ្យ​ប្រទេស​ជប៉ុន​កាត់បន្ថយ​ការទិញ​ដែល​បាន​គ្រោងទុក​រួមទាំង​ម៉ូ​ដែល​ថ្មី​នៃ​ឧទ្ធម្ភាគចក្រ Chinook ផលិត​ដោយ​សហរដ្ឋអាមេរិក​ដែល​យោធា​របស់​ប្រទេស​ជប៉ុន​បាន​ប្រើប្រាស់​នៅក្នុង​សមយុទ្ធ​ Tokunoshima ផងដែរ។

Tokunoshima ដែល​ត្រូវបាន​គេ​ស្គាល់​ជា​ភាសា​អង់គ្លេស​ថា​កោះ​ Tokuno ស្ថិតនៅក្នុង​ប្រជុំ​កោះ​Amamiភាគខាងត្បូង​នៃ​ខេត្ត Kagoshima ប្រទេស​ជប៉ុន។កោះ​នេះ​មាន​ទំហំ ២៤៧,៧៧ គីឡូម៉ែត្រ​ការ៉េ​ក្នុង​ផ្ទៃដី​មាន​ប្រជាជន​ប្រមាណ ២៧ ០០០នាក់។

កោះ​Tokunoshimaនេះ​ផងដែរ​មាន​ចម្ងាយ​ជាង ៩០០ គីឡូម៉ែត្រ​ពី​ដែន​កោះ​តៃវ៉ាន់​ដែល​ចិន​កំពុងតែ​ប្រទាញប្រទង់​យក៕