សហរដ្ឋអាមេរិក និង​ហ្វីលីពីន កាលពី​ថ្ងៃ​សុក្រ​​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដ៏​សំខាន់​មួយ ដែល​នឹង​អនុញ្ញាតឱ្យ​អាមេរិក ​នាំចេញ​បច្ចេកវិទ្យា និង​សម្ភារ​នុយក្លេអ៊ែរ ទៅកាន់​ហ្វីលីពីន ដែល​កំពុង​ស្វែងរក​ការប្រើប្រាស់​ ថាមពលនុយ ក្លេអ៊ែរ ដើម្បី​កាត់​បន្ថយ​ការប្រើប្រាស់​ថាមពល​ដែល​បញ្ចេញ​កាបូន និង​ជំរុញ​ឯករាជភាព​ថាមពល​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​។​

​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក អាន់​ថូ​នី ប្ល៊ី​ន​កែន បាន​និយាយ​ក្នុង​ពិធី​ចុះហត្ថលេខា​ខាងក្រៅ​កិច្ចប្រជុំ​កំពូល​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ ​(APEC) ​នា​ក្រុង​សានហ្រ្វា​ន​ស៊ី​ស្កូ​ថា​៖«​សហរដ្ឋអាមេរិក នឹង​អាច​ចែករំលែក​ឧបករណ៍ និង​សម្ភារ​ជាមួយ​ហ្វីលីពីន នៅ ពេល​ពួកគេ​ធ្វើការ​ដើម្បី​បង្កើត​រ៉េ​អា​ក់ទ័រ​ម៉ូឌុល​ខ្នាតតូច និង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពលនុយក្លេអ៊ែរ​ស៊ីវិល​ដទៃទៀត​»​។

​ការចរចា​ផ្សេងៗ​សម្រាប់​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ ដែល​គេ​ឱ្យ​ឈ្មោះថា​៖​ «​កិច្ចព្រមព្រៀង​១២៣» បានចាប់ផ្ដើម​តាំងពី​ខែវិច្ឆិកា ឆ្នាំមុន​។  


​ប្រធានាធិបតី​ហ្វីលីពីន លោក ហ្វ៊ឺ​ឌី​ណង់ ម៉ា​កូ​ស ជូ​នៀរ បាន​ថ្លែង​ក្នុង​សុន្ទរកថា​មួយ​ថា​៖«​យើង​មើលឃើញថា ថាមពល នុយក្លេអ៊ែរ​ នឹង​រួមចំណែក​ក្នុង​ល្បាយ​ថា​ម​ពល​របស់​ប្រទេស​ហ្វីលីពីន​ នៅ​ឆ្នាំ​ ២០៣២ ហើយ​យើង​លើសពី​សប្បាយចិត្ត​ទៅទៀត​ក្នុងការ​បន្ត​ផ្លូវ​នេះ​ជាមួយ​អាមេរិក​»​។​

​លោក​បន្តថា​៖«​ថាមពលនុយក្លេអ៊ែរ​គឺជា​វិស័យ​មួយ​ដែល​យើង​អាច​បង្ហាញថា សម្ព័ន្ធភាព​និង​ភាពជា​ដៃគូ​របស់​ហ្វីលីពីន​-​អាមេរិក ពិតជា​ដំណើរការ​»​។​


ក្រោម​កិច្ចព្រមព្រៀង​ដដែល គេ​ត្រូវការ​ការអនុម័ត​ពី​សភា​អាមេរិក​ ជា​ចាំបាច់ នៅពេល​មានការ​ផ្ទេរ​ដោយ​សន្តិវិធី​នៃ​សម្ភារ បរិក្ខារ និង​ព័ត៌មាន​នុយក្លេអ៊ែរ ដោយ​ប្រកាន់ខ្ជាប់​នូវ​តម្រូវ​ការមិន​រីកសាយ​ភាយ​អាវុធ​នុយក្លេអ៊ែរ​។​

គិត​ត្រឹម​ចុងឆ្នាំ​ ២០២២ សហរដ្ឋអាមេរិក​មាន​កិច្ចព្រមព្រៀង​ទាក់​ទង​នុយក្លេអ៊ែរ​ចំនួន​ ២៣​ ជាមួយ​ប្រទេស​ចំនួន ​៤៧ ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ និង​កោះ​តៃវ៉ាន់​។

​ហ្វីលីពីន​ចង់​ទាញយក​ថាមពលនុយក្លេអ៊ែ​រ ជា​ប្រភព​ថាមពលជំនួស​ខណៈ​ស្វែងរក​ការបញ្ឈប់​ការប្រើប្រាស់​ថាមពល​ពី​ធ្យូងថ្ម ដើម្បី​ជួយ​បំពេញ​គោលដៅ​អាកាសធាតុ និង​ជំរុញ​សន្តិសុខ​ថាមពល​។ ប្រទេស​នេះ ងាយ​រង​​គ្រោះ​ដោយសារ​តម្លៃ​ប្រេង​ពិភព​លោក ការ​ដាច់​ចរន្តអគ្គិសនី​តាម​រដូវ​កាល​និង​អត្រា​អគ្គិសនី​ខ្ពស់​។​ ថាមពលនុយក្លេអ៊ែរ​ នៅ​ហ្វីលីពីន​ពីមុន​ត្រូវបាន​បញ្ឈប់​ដោយសារ​ការបារម្ភ​អំពី​បញ្ហា​សុវត្ថិភាព​៕​