លោក ​ដូ​ណា​ល់ ត្រាំ អតីត​ប្រ​ធានា​ធិបតី​អាមេរិក និង​ជា​បេក្ខភាព​នាំមុខគេ​របស់​គណបក្ស​សាធារណរដ្ឋ​សម្រាប់​ការបោះឆ្នោត​អាណត្តិ​ខាង​មុខ​បាន​និយាយ​កាលពី​ថ្ងៃទី​ ១៨ វិច្ឆិកា​ថា ប្រសិនបើ​លោក​ជាប់ឆ្នោត​រូបលោក​នឹង​ផ្ដាច់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ប៉ាស៊ីហ្វិក​ដែល​បច្ចុប្បន្នកំពុង​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី​ចូ បៃ​ដិ​ន​។​

​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​នៅ​រដ្ឋ Iowa លោក​ត្រាំ​បាន​និយាយថា​លោក​ប្រឆាំងនឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​កំពុង​ត្រូវបាន​ចរចា​ដោយ​រដ្ឋបាល​របស់​ប្រធានាធិបតី លោក ចូ បៃ​ដិ​ន ជាមួយ​ប្រទេស​ចំនួន​ ១៤ ​ផ្សេងទៀត​ដោយ​លើក​ហេតុផល​ថា​វា​នឹង​រារាំង​ការផលិត​របស់​សហរ​ដ្ឋ​អាមេរិក និង​បង្កឱ្យមាន​បញ្ហា​បាត់បង់​ការងារ​។​

ដោយឡែក​កិច្ចពិភាក្សា​លើ​ផ្នែក​ពាណិជ្ជកម្ម​នៃ​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ​ប៉ាស៊ីហ្វិក (IPEF) មានបំណង​ធ្វើឱ្យ​តំបន់​ប៉ាស៊ីហ្វិក​មានលទ្ធភាព​ទ​ប់​ទល់នឹង​ឥទ្ធិពល​ពាណិជ្ជកម្ម​របស់​ប្រទេស​ចិន ប៉ុន្តែ​កិច្ចពិភាក្សា​មិនទាន់​ទទួលបាន​ភាពជោគជ័យ​នៅឡើយ​បន្ទាប់ពី​ប្រទេស​មួយចំនួន​រួមទាំង​វៀតណាម​និង​ឥណ្ឌូនេស៊ី​បាន​បដិសេធ​មិន​ប្តេជ្ញា​ចំពោះ​ការទាមទារ​ដែលមាន​ចែ​ង​នៅក្នុង IPEF​។​


ក្នុងពេល​កាន់តំណែង​ជា​ប្រ​ធានា​​ធិបតី​កាលពី​ឆ្នាំ​ ២០១៧ លោក ដូ​ណា​ល់​ ត្រាំ​ ធ្លាប់បាន​ដក​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មនេះ​ម្ដង​រួចទៅហើយ​។ ក្នុងនោះ​ការ​បោះឆ្នោត​ឆ្នាំ​ ២០២៤ ខាងមុខ​ប្រ​សិន​បើ​លោក​ជាប់ឆ្នោត​លោក​នឹង​សំដៅ​ដក​កិច្ចព្រមព្រៀង​នេះ​មុនគេ​។​

​ថ្លែង​ក្នុង​យុទ្ធនា​ការឃោសនា​បោះ​ឆ្នោត​នៅ​រដ្ឋ Iowa ដដែល​លោក​ត្រាំ​បាន​សង្កត់ធ្ងន់ថា​៖ «​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នេះ​នឹង​ស្លាប់​នៅ​ថ្ងៃ​ណាមួយ​ក្រោម​ការដឹកនាំ​របស់លោក ចូ បៃ​ដិ​ន​»​។​


លោក​បន្តថា​៖ «​វា​នឹង​កាន់តែ​អាក្រក់​ទៅទៀត​ដោយ​កិច្ចព្រមព្រៀង​នេះ​នឹង​គំរាមកំហែង​ធ្វើឱ្យ​កសិករ​និង​ក្រុមហ៊ុន​បង្កើត​ផលិតផល​នានា​ប្រឈម​នឹង  ​ភាពច្របូកច្របល់​»​។​

យ៉ាងណាមិញ រដ្ឋបាល​លោក​បៃ​ដិ​ន​សង្ឃឹមថានឹង​បញ្ចប់រឿង​សំខាន់ៗ​នៅក្នុង​កិច្ចពិភាក្សា​ពាណិជ្ជកម្ម របស់ខ្លួន​បាន​ទាន់ពេលវេលា​សម្រាប់​កិច្ចប្រជុំ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ (APEC) ​នៅ​សប្តាហ៍​នេះ​។​

​រដ្ឋបាល​លោក បៃ​ដិ​ន ក៏បាន​ប្តេជ្ញា​បន្ត​ការចរចា​កិច្ចព្រមព្រៀង​ដ៏​ធំ​មួយ​នេះ ប៉ុន្តែ​ការ​ខិត​ចូលមក​នៃ​ការបោះ​​ឆ្នោត​ហាក់​បាន​ក្លាយជា​សម្ពាធ​បន្ថែម​ហើយ ម្យ៉ាងទៀត​អាមេរិក​ក៏​កំពុងតែ​ដោះស្រាយ​ជាមួយ​បណ្ដា​ប្រទេស​ដែល​មិនទាន់​ចូលរួម​ជាមួយ​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង​ផង​។​

សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម​ក្រប​ខ័​ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សម្រាប់​វិបុលភាព (IPEF) នៅ​ខែឧសភា​ឆ្នាំ​ ២០២២ ជាមួយ​អូស្ត្រាលី​ប្រ៊ុយណេ​ដា​រូ​សា​ឡឹម ហ្វី​ជី ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន​សាធារណរដ្ឋ​កូរ៉េ ម៉ាឡេស៊ី នូ​វែ​ល​សេ​ឡង់​ហ្វីលីពីន សិង្ហ​បុរី ថៃ និង​វៀតណាម​។​

​ក្របខ័ណ្ឌ​នេះ​មាន​សសរស្តម្ភ​សំខាន់​គឺ ការកសាង​វិស័យ​ពាណិជ្ជកម្ម​ដោយ​ផ្តោតលើ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ថាមពល​ស្អាត ការ​បំបែក​កាបូន ហេដ្ឋារចនាសម្ព័ន្ធ​ពន្ធ​និង​ការប្រឆាំង​អំពើពុករលួយ​៕