ប្រឈម​ការគំរាមកំហែង​ពី​កងទ័ព​ចិន​លើ​តំបន់​កោះ​មួយចំនួន​ដែល​ភាគី​ទាំង​ ២ ​ទាមទារ​ធ្វើជា​ម្ចាស់​លើ​ប្រជុំ​កោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ទាហាន​ជប៉ុន​ធ្វើ​សមយុទ្ធ​លើ​កោះ​ដែល​គេ​មើលឃើញថា​ងាយ​រងគ្រោះ​ពី​សំណាក់​ការវាយប្រហារ​ពី​កងទ័ព​ចិន​ដែល​កំពុង​កើនឡើង​នូវ​ឥទ្ធិពល​យ៉ាងខ្លាំង​នៅក្នុង​តំបន់​។ នេះ​តាម​ការចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​។​

សេចក្តីរាយការណ៍​បានឱ្យដឹងថា កង​ទ័ពជើងទឹក ឬ​ហៅថា «​កង​ម៉ា​រី​ន​»​ ជប៉ុន​ស្ថិតក្នុង​រថយន្ត​វាយប្រហារ​តាម​អាកាស​បាន​វាយលុក​ឆ្នេរ​កោះ​មួយ​នៅ​មាត់សមុទ្រ​ចិន​ខាងកើត​កាលពី​ថ្ងៃទី ​១៩ ខែវិច្ឆិកា​ក្នុងការ​វាយប្រហារ​ក្លែងក្លាយ​មួយ​ដែល​ធ្វើ​ត្រាប់​ដូច​មែនទែន​ដើម្បី​បណ្តេញ​កងទ័ព​ឈ្លានពាន​ចេញពី​ទឹកដី​ដែល​ទីក្រុង​តូ​ក្យូ​ព្រួយបារម្ភ​ថា ងាយ​រង​ការវាយប្រហារ​ណាមួយ​ពី​សំណាក់​ប្រទេស​ចិន​។​

ការកើនឡើង​ឥទ្ធិពល​របស់​ចិន​ទាំង​វិស័យ​យោធា សេដ្ឋកិច្ច និង​នយោបាយ បានធ្វើឱ្យ​ប្រទេសមួយ​ចំនួន​ដែលជា​សម្ព័ន្ធមិត្ត​អាមេរិក​មាន​កង្វល់​ជាខ្លាំង និង​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​លទ្ធភាព​នៃ​ការឈ្លានពាន​ណាមួយ​ក្នុង​ថ្ងៃ​អនាគត ជាពិសេស​ការប្រើប្រាស់​យោធា​ប្រឆាំង​តៃវ៉ាន់​ដើម្បី​ក្រសោប​យក​កោះ​ដែលមាន​ប្រជាជន​ជាង​ ២៣ ​លាន​នាក់​វិល​មក​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ខ្លួន​វិញ​។​


ប្រទេស​ជប៉ុន​មិន​ត្រឹមតែ​ប្រឈម​ជាមួយ​ចិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នៅ​ប្រឈម​ជាមួយនឹង​រុស្ស៊ី និង​កុម្មុយនីស្ត​កូរ៉េខាងជើង​ដែលមាន​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប​ផងដែរ​។​

​សមយុទ្ធ​យោធា​នៅលើ​កោះ Tokunoshima ភាគ​និរតី​ប្រទេស​ជប៉ុន បាន​បិទ​បញ្ចប់​សមយុទ្ធ​រយៈពេល​ ១១ ​ថ្ងៃ​ទូទាំង​​ប្រទេស​ដែលមាន​ឈ្មោះថា 05JX ដែល​មានន័យថា​ដើម្បី​បង្ហាញ​ពី​ការត្រៀមខ្លួន​របស់​កង​កម្លាំង​ជើងគោក ជើង​ទឹក​/​សមុទ្រ និង​អាកាស​ដើម្បី​ការពារ​ទឹកដី​ជប៉ុន និង​ហេដ្ឋារចនាសម្ព័ន្ធ រួមទាំង​រោងចក្រ​ថា​ម​​ពល​នុយក្លេអ៊ែរ​។​


រ៉​យ​ទ័​របា​ន​ដកស្រង់​សម្តី ឧ​ត្ត​ម​សេនីយ៍ Yoshihide Yoshida នាយសេនាធិការ​ចម្រុះ​នៃ​កងកម្លាំង​ស្វ័យការពារ បាន​និយាយ បន្ទាប់ពីនោះ​ថា​៖ «​គោលដៅ​របស់​សមយុទ្ធ JX គឺ​ដើម្បី​បង្ហាញថា បើសិន​មាន​ស្ថានការណ៍​គ្រាអាសន្ន​ដែល​កើតចេញពី​ការវាយប្រហារ នោះ​យើង​អាចឆ្លើយតប​តាម​វិធី​រួមគ្នា​»​។​

តាម​ការសរសេរ​រៀបរាប់​ពី​ព្រឹត្តិការណ៍​ធ្វើ​សមយុទ្ធ​នោះ យានជំនិះ​វាយលុក​របស់​កងកម្លាំង​ស្វ័យការពារ​ជើងគោក បាន​ចាប់​ផ្តើម​វាយប្រហារ​ចេញពី​នាវាច​តរបស់​កង​-​កម្លាំង​ការពារ​ស្វ័យការពារ​ដែនសមុទ្រ​ចំនួន​ ២ ដែល​បោះ​យុថ្កា​នៅ​ឆ្នេរសមុទ្រ​។ កងទ័ព​ផ្សេងទៀត​បានមក​ដល់​ទូក​កៅស៊ូ​ពាក់កណ្តាល​ដែល​អណ្តែត ដោយមាន​ឧបករណ៍​ធុន​ធ្ងន់​ដឹក​ទៅ​ច្រាំង​នៅលើ​យន្តហោះ​យោធា​។​

មិន​ដូច​ឆ្នេរ​ជាច្រើន​នៅតាម​ខ្សែ​ច្រវាក់​កោះ​ភាគ​និរតី​របស់​ប្រទេស​ជប៉ុន​ដែល​លាត​សន្ធឹង​ឆ្ពោះទៅកាន់​កោះ​តៃវ៉ាន់​នោះទេ ឆ្នេរ​មួយ​នៅលើ​កោះ Tokunoshima មិនមាន​ថ្ម​ប៉ប្រះ​ទឹក​ផ្កាថ្ម​ដែល​នឹង​ធ្វើឱ្យ​ប្រតិបត្តិការ​យោធា​កាន់តែ​លំបាក​នោះទេ​។​

​វិសាលភាព និង​ល្បឿន​នៃ​សមយុទ្ធ​យោធា​នៅក្នុង​ប្រទេស​ជប៉ុន​ទំនងជា​នឹង​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ រួមទាំង​ជាមួយ​កងកម្លាំង​សហរដ្ឋអាមេរិក បន្ទាប់ពី​នាយក​រដ្ឋមន្ត្រី​ជប៉ុន ហ្វូ​មី​អូ គី​ស៊ី​ដា (Fumio Kishida) ក្នុង​ខែធ្នូ បានបង្ហាញ​ពី​ការកសាង​យោធា​ដ៏​ធំ​បំផុត​របស់​ប្រទេស​ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី​ ២ ជាមួយនឹង​ការ​​សន្យា​បង្កើន​ការចំណាយ​ទ្វេដង​លើ​វិស័យ​ការពារជាតិ​រយៈពេល​ជាង​ ៥ ​ឆ្នាំ​។​

សង្គ្រាម​ឈ្លានពាន​កើត​មាននៅ​តំបន់​ផ្សេងៗ បញ្ហា​តៃវ៉ាន់ និង​អាស៊ី​បូព៌ា​ក៏​កាន់​​តែ​ផុយស្រួយ​ដូចគ្នា​៕