រដ្ឋមន្ត្រី​អារ៉ាប់ និង​​ប្រទេស​​មូស្លីម​​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់ទីក្រុង​ប៉េកាំង ​​​​​ដែល​ជា​សមាជិក​អចិន្ត្រៃ​យ៍​មួយ​ក្នុងចំណោម​​ ៥​​ ក្នុង​ក្រុមប្រឹក្សា​​​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ដោយ​​បាន​អំពាវនាវ​​​​ឱ្យ​បញ្ចប់សង្គ្រាម​​នៅតំបន់ហ្គាហ្សា​ជា​បន្ទាន់​។​

យោង​តាមទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ រដ្ឋមន្ត្រី​អារ៉ាប់ និង​ប្រទេស​មូស្លីម​បាន​អំពាវនាវ​កាលពី​ថ្ងៃ​ចន្ទ​សម្រាប់​បទ​ឈប់​បាញ់ភ្លាមៗនៅ​តំបន់​ហ្គា​ហ្សា ខណៈ​គណៈប្រតិភូ​របស់​​​ប្រទេស​ទាំង​នេះ​​ ​បានធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង​​ជា​ទី​ដែល​ពួក​គេ​ចុះ​ចត​លើក​ដំបូង​នៃ​ដំណើរ​ទស្សនកិច្ច​ដើម្បី​ជំរុញ​ឲ្យ​បញ្ចប់​អរិភាព​និង​អនុញ្ញាត​ឲ្យ​មាន​ជំនួយ​មនុស្សធម៌​ចូលទៅកាន់​តំបន់ហ្គាហ្សា​​។

គណៈប្រតិភូ​ដែល​គ្រោង​នឹង​ជួប​ជាមួយ​មន្ត្រី​តំណាងឱ្យ​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ក៏​កំពុង​ដាក់​សម្ពាធ​លើ​លោកខាងលិច​ដើម្បី​បដិសេធ​យុត្តិកម្ម​របស់​អ៊ីស្រាអែល​ចំពោះ​សកម្មភាព​របស់ខ្លួន​ប្រឆាំងនឹង​ប៉ា​ឡេ​ស្ទី​ន​ ក្រោម​ហេតុផល​«ការ​ការពារ​ខ្លួន»។


មន្ត្រី​​​ការ​ទូត​អារ៉ាប់​និង​ប្រទេ​ស​មូស្លីម​ដែល​ជួបប្រជុំ​ជាមួយ​អ្នកការទូត​កំពូល​របស់​ចិន លោក វ៉ាង យី (Wang Yi) នៅ​ថ្ងៃ​ចន្ទ​នេះ គឺ​មកពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ហ្ស៊​កដា​នី អេ​ហ្ស៊ី​ប ឥណ្ឌូនេស៊ី ប៉ា​ឡេ​ស្ទី​ន និង​អង្គការ​សហប្រតិបត្តិកា​រ​ឥស្លាម។

កិច្ចប្រជុំ​កំពូល​វិសាមញ្ញ​អ៊ីស្លាម-អារ៉ាប់​រួម​នៅ​ទីក្រុង​រី​យ៉ា​ដ​ក្នុង​ខែ​នេះ​ក៏បាន​ជំរុញ​ឱ្យ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ស៊ើបអង្កេត «ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ដែល​អ៊ីស្រាអែល​កំពុង​ប្រព្រឹត្ត» នៅក្នុង​ទឹកដី​ប៉ា​ឡេ​ស្ទី​ន។


អា​រ៉ា​ប៊ី​សា​អូឌីត បាន​ព្យាយាម​ដាក់​សម្ពាធ​លើ​សហរដ្ឋអាមេរិក និង​អ៊ីស្រាអែល សម្រាប់​ការបញ្ចប់​សង្គ្រាម​នៅក្នុង​តំបន់​ហ្គា​ហ្សា ហើយ​ព្រះអង្គម្ចាស់ Mohammed bin Salman ដែលជា​អ្នកគ្រប់គ្រង​ជាក់ស្តែង​របស់​អារ៉ាប៊ី​សាអូឌីត បាន​ប្រមូលផ្តុំ​មេដឹកនាំ​អារ៉ាប់ និង​មូស្លីម ដើម្បី​​ធ្វើ​ឱ្យ​​សេចក្តីថ្លែង​ការ​ណ៍​របស់​ពួក​គេ​មាន​ទម្ងន់​​។

កិច្ចប្រជុំ​កំពូល​ក៏បាន​ទាមទារ​ឱ្យ​បញ្ចប់​ការឡោមព័ទ្ធ​តំបន់​ហ្គា​ហ្សា ការទទួលបាន​ជំនួយ​មនុស្សធម៌ និង​ការបញ្ឈប់​ការលក់​អាវុធ​ទៅឱ្យ​អ៊ីស្រាអែល។

ប្រទេសអ៊ីស្រាអែល​បាន​ប្រកាស​ធ្វើសង្គ្រាមវាយ​បក​លើ​ក្រុម​ហាម៉ាស់​ប៉ាឡេស្ទីន​ដែលបាន​​​បើក​ការ​វាយប្រហារ​​ដំបូង​​​ក្នុងសង្គ្រាម​ចុងក្រោយ​កាល​ពីថ្ងៃទី​៧ខែ​តុលា​ ចំពេល​ប្រទេស​អ៊ីស្រាអែល​ប្រារព្ធ​ពិធីបុណ្យ​ឈប់សម្រាប់​រយៈពេល​១សប្តាហ៍ ហើ​យ​ប្រជាជន​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ពេលវេលាវិសមកាល ជប់លៀង និង​ការ​កម្សាន្តសប្បាយ៕