អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៣២ នាក់ រួមទាំងកងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិម្នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដ៏បង្ហូរឈាមនៅតំបន់រដ្ឋបាល Abyei ដែលជាតំបន់ជម្លោះរវាងស៊ូដង់ និងស៊ូដង់ខាងត្បូង។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ក្រៅពីទាហាននៃប្រទេសហ្គាណាម្នាក់ដែលបម្រើការជាកងកម្លាំងរក្សាសន្តិភាព អ្នកដែលស្លាប់ផ្សេងទៀតសុទ្ធសឹងតែជាជនស៊ីវិល។ ពួកគេស្លាប់នៅពេលក្រុមប្រដាប់អាវុធមិនស្គាល់មុខ ចូលបាញ់ប្រហារភូមិចំនួន២នៅភាគខាងត្បូងនៃក្រុង Abyei នៃតំបន់ Abyei ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានប្រចាំតំបន់ Abyeiលោក BolisKuoch បាននិយាយថា មនុស្ស ៣២ នាក់ត្រូវបានសម្លាប់ និង២០ នាក់ផ្សេងទៀតបានរងរបួស «ប៉ុន្តែការប៉ះទង្គិចគ្នាបានបញ្ឈប់ ហើយស្ថានភាពបានស្ងប់ស្ងាត់វិញហើយ»។
ចំណែកឯលោក Arou Manyiel Arou អគ្គលេខាធិការនៃការិយាល័យអ្នកគ្រប់គ្រងតំបន់រដ្ឋបាល Abyei បាននិយាយប្រាប់សារព័ត៌មានចិនស៊ីនហួ ថា អំពើហិង្សាបានផ្ទុះឡើងនៅព្រឹកព្រលឹមថ្ងៃអាទិត្យ ដែលបង្កឡើងដោយយុវជនប្រដាប់អាវុធមកពីតំបន់ Twic County នៃរដ្ឋស៊ូដង់ខាងត្បូង Warrap ដែលនៅជាប់តំបន់ Abyei។
លោក Arou បានបន្ថែមថា មានសេចក្ដីរាយការណ៍ថា ក្រុមប្រដាប់អាវុធធ្វើការវាយប្រហារដោយអាចមានជំនួយពីកងកម្លាំងការពារប្រជាជនស៊ូដង់ខាងត្បូង (SSPDF) ដោយមានប្រជាជនក្នុងភូមិរងគ្រោះអះអាងថា ពួកគេគេក្រុមប្រដាប់អាវុធមួយចំនួនស្លៀកពាក់ឯកសណ្ធាន SSPDF។
ការប៉ះទង្គិចគ្នារវាងសហគមន៍ក្នុងតំបន់ និងឆ្លងដែន បានកើនឡើងចាប់តាំងពីប្រទេសស៊ូដង់ខាងត្បូង ដាក់ពង្រាយកងទ័ពរបស់ខ្លួនទៅកាន់ទឹកដីជម្លោះកាលពីខែមីនា។ បេសកកម្មរក្សាសន្តិភាពនៅទីនោះបានថ្កោលទោសការដាក់ពង្រាយកងទ័ព ដោយនិយាយថា វានឹងបង្កើត «ការឈឺចាប់ដែលមិនអាចបំភ្លេចបាន និងកង្វល់ផ្នែកមនុស្សធម៌» សម្រាប់ជនស៊ីវិល។
កន្លងមក ទាហានអន្តរជាតិត្រូវបានបញ្ជូនទៅតំបន់ Abyei ដើម្បីជាផ្នែកមួយនៃកងកម្លាំងសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ ក្នុងការជួយលុបបំបាត់ជម្លោះដែលកំពុងកើនឡើង។
កាលពីដើមខែនេះ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំតំបន់ស្នែងអាហ្វ្រិក លោកស្រីHanna SerwaaTettehបានព្រមានថា សង្រ្គាមជាង ៧ ខែ នៅស៊ូដង់ ដែលអូសបន្លាយតាំងពីពាក់កណ្ដាលខែមេសាមករវាងកងទ័ពស៊ូដង់ និងទាហានប៉ារ៉ារបស់ប្រទេស ហើយសម្លាប់មនុស្សជាង ៩ ០០០ នាក់នោះ កំពុងរាលដាលចូលទៅជិតស៊ូដង់ខាងត្បូង និងតំបន់ Abyei។
ប្រទេសស៊ូដង់ និងស៊ូដង់ខាងត្បូង បានខ្វែងគំនិតគ្នាលើការគ្រប់គ្រងតំបន់Abyeiដែលសម្បូរទៅដោយរ៉ែប្រេងកាត ចាប់តាំងពីស៊ូដង់ខាងត្បូងទទួលបានឯករាជ្យពីស៊ូដង់ក្រោយកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ ២០០៥ ដែលបញ្ចប់សង្គ្រាមស៊ីវិលរាប់ទសវត្សរ៍រវាងភាគីភាគខាងជើង និងខាងត្បូងនៃស៊ូដង់។កិច្ចព្រមព្រៀង បានអំពាវនាវឱ្យភាគីទាំង២ ដោះស្រាយគ្នាលើបញ្ហាAbyeiតាមរយៈការចរចា ប៉ុន្តែវាមិនត្រូវបានអនុវត្តនោះទេ៕