​ក្រសួង​ការ​បរទេស​ថៃ​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​​ ទី​ ១៩ ខែ​​វិច្ឆិកា​​ថា​ ជន​ជាតិ​ថៃ​ជាង​ ២០០ នាក់​ ដែល​​​ជាប់​គាំង​ក្នុង​ជម្លោះ​ធ្ងន់​ធ្ងរ​រវាងក្រុម​យោធា ​ និង​ក្រុម​ជន​ជាតិ​ភាគ​តិច​ប្រដាប់​អាវុធ​មីយ៉ាន់ម៉ា​ នា​ភាគ​ខាង​ជើង​នៃ​ប្រទេស​នេះ​ ​កំពុង​ត្រូវ​បាន​ជម្លៀស​មក​ស្រុក​តាម​រយៈ​ច្រក​ព្រំដែន​ចិន​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។ 

ក្រសួង​និយាយ​ថា​ ជន​ជាតិ​ថៃ​ចំនួន​ ២៦៦ ​នាក់​ និង​​ជន​ជាតិ​ហ្វីលីពីន​ និង​សិង្ហបុរី​ដែល​មិន​ដឹង​ចំនួន​ជាក់​លាក់​ កំពុង​ជម្លៀស​ចេញ​ពី​ទីក្រុង​ Laukkaing​នៃ​រដ្ឋ​ភាគ​ខាង​ជើង​​ Shan ​ទៅ​កាន់​ព្រំដែន​មីយ៉ាន់ម៉ា​-​ចិន​ ដោយ​មាន​ជំនួយ​ពី​អាជ្ញាធរ​មីយ៉ាន់ម៉ា។​

ក្រសួង​បន្ត​ថា​ ពួគ​គេ​បាន​អនុញ្ញាត​ឱ្យ​ចូល​ទៅ​ក្នុង​ប្រទេស​ចិន​ ហើយ​នឹង​ហោះ​ហើរ​ពី​ទីក្រុង​គុនមីង​នៃ​​ប្រ​ទេស​ចិន​តាម​ជើង​ហោះ​ហើរ​២ ​ទៅ​កាន់​ទីក្រុង​បាងកក​ មុន​ពេល​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​ការ​ជួញ​ដូរ​មនុស្ស​ និង​​កំណត់ត្រា​ឧក្រិដ្ឋកម្ម​ណា​មួយ​។​


​ក្រសួង​​មិ​ន​​បាន​​បញ្ជាក់​​ពី​​ពេល​​វេលា​​នៃ​​ជើង​​ហោះ​ហើរ​​ធ្វើ​​មាតុភូមិ​​និវត្តន៍​នេះ​​ទេ​ ប៉ុន្តែ​​ថា​ អ្នក​ដែល​ត្រូវ​បាន​ជម្លៀស​ខ្លួន​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រំដែន​ចិន​កាល​ពី​ថ្ងៃ​អាទិត្យ​។ ​

យោធា​មីយ៉ាន់ម៉ា ​ដែល​​ដណ្ដើម​អំណាច​តាម​រយៈ​​រដ្ឋ​ប្រហារ​ឆ្នាំ​ ២០២១​ ​កំពុង​បាត់​បង់​ការ​គ្រ​ប់​គ្រង​ទីក្រុង ​និង​ទីស្នាក់ការ​យោធា​ជា​ច្រើន​ក្នុង​​​ប្រទេស​ រួម​ទាំង​តំបន់​ភាគ​ខាង​ជើង​ ខណៈ​ការ​ប្រយុទ្ធ​គ្នា​ជាមួយពួគ​​ប្រដាប់​អាវុធ​នៃ​ក្រុម​​ជន​ជាតិ​ភាគ​តិច​ និង​កង​កម្លាំង​តស៊ូ​​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យកំពុង​បន្ត​យ៉ា​ង​ធ្ងន់​ធ្ងរ​។


​  ​យ៉ាង​ណា​មិញ​ មុន​ការ​ប្រកាស​ពីមាតុភូមិ​​និវត្តន៍​ប្រជាជន​ថៃ​​ពី​ក្រសួង​ការបរទេស​ថៃ​កាល​ពី​ថ្ងៃ​អាទិត្យ​​អាជ្ញាធរ​ថៃ​​បាន​​និយាយ​​ថា​​មនុស្ស​​មួយ​ចំនួន​ដែល​ជាប់​​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ គឺ​ជា​ជន​រ​ងគ្រោះ​នៃ​ការ​ជួញ​ដូរ​មនុ​ស្ស​ ហើយ​ខ្លះ​ទៀត​អាច​ជាប់​ពាក់​ព័ន្ធ​ជាមួយ​នឹង​ក្រុម​​ទំនើង​បោក​បញ្ឆោត​តាម​​ទូរគមនាគមន៍​។

យោង​ទៅ​តាម​អង្គការ​សហប្រជាជន​ជាតិ​ បណ្ដា​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍ ​រួម​ទាំង​ប្រទេស​មីយ៉ាន់ម៉ា​ បាន​ក្លា​យ​ជា​មជ្ឈ​មណ្ឌល​សម្រាប់​ការ​បោក​ប្រាស់​តាម​ទូរគមនាគមន៍​ និង​ការ​ក្លែង​បន្លំ​តាម​អ៊ីនធឺណិត​ផ្សេង​ៗ​ទៀត​ ​ដោយ​មាន​មនុស្ស​រាប់​សែន​នាក់​​ក្រុម​ឧក្រិដ្ឋជន​ជួញ​ដូរ​ និង​បង្ខំ​ឱ្យ​ធ្វើ​ការ​នៅ​ក្នុង​មជ្ឈ​មណ្ឌល​បោក​ប្រាស់ ​និង​​ប្រតិបត្តិការ​ខុស​ច្បាប់​ផ្សេង​ទៀត​។

​ការ​ជម្លៀសជ​ន​ជាតិ​ថៃ​​ទៅ​កាន់​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​អាទិត្យ​ ធ្វើ​ឡើង​១​ថ្ងៃ​បន្ទាប់​ពី​​​ជន​ជាតិ​ថៃ​ចំនួន​ ៤១​ ​នាក់ ដែល​ជាប់​គាំង​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​ដូច​គ្នា​​​ត្រូវ​បាន​គេ​បញ្ជូន​មក​ប្រទេស​ថៃ​វិញ​ ក្រោម​ការ​សម្រប​សម្រួល​រវាង​អាជ្ញាធរ​ថៃ​ និង​កង​ទ័ព​មីយ៉ាន់ម៉ា​៕