ស្ករ​នៅ​ទូទាំង​ពិភពលោក​បាន​ជួញដូរ​ក្នុង​តម្លៃ​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ឆ្នាំ​២០១១ ​និង​កំពុង​បន្ត​កើន​ឡើង​ពោលគឺ​ព្រោះ​តែ​ការផ្គត់ផ្គង់​របស់​ពិភពលោក​មាន​កម្រិត​ទាប​ជាង​បរិមាណ​បន្ទាប់ពី​អាកាសធាតុ​រាំង​ស្ងួត​ខុសពី​ធម្មតា​បង្ក​ផល​ប៉ះពាល់​ដល់​ការប្រមូល​ផល​នៅក្នុង​ប្រទេស​ឥណ្ឌា​និង​ថៃ​ដែល​ជា​ប្រទេស​នាំចេញ​ធំ​ទី​ពីរ​និង​ទី​បី​របស់​ពិភព​លោក។

នេះ​ជា​ផល​ប៉ះ​ពាល់​ចុង​ក្រោយ​បង្អស់​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ​ដែល​កំពុង​ប្រឈមមុខ​នឹង​ការ​ខ្វះខាត​នូវ​អាហារ​សំខាន់ៗ​ដូចជា​អង្ករ​ស្បៀង​អាហារ​មួយ​ចំនួន​ទៀត​ដែល​ជាប់​បំរាម​ដោយសារ​បញ្ហា​អតិផរណា។ទាំងអស់​នេះ​រួម​ចំណែក​ដល់​បញ្ហា​អសន្តិសុខ​ស្បៀង​ដោយ​វា​បង្ក​ដោយ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​បាតុភូត​អាកាស​ធម្មជាតិ El Nino ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​និង​ការចុះ​ខ្សោយ​នៃ​រូបិយប័ណ្ណ​មួយ​ចំនួន។

ដោយ​ឡែក​សម្រាប់​បណ្តា​ប្រទេស​លោកខាង​លិច​ដែលជា​អ្នកមាន​ទ្រព្យ​សម្បត្តិ​ច្រើន​ប្រហែល​អាច​ទទួល​ការឡើង​ថ្លៃ​ខ្ពស់​បាន​ប៉ុន្តែ​សម្រាប់​ប្រទេស​ក្រីក្រ​ប្រាកដជា​ត្រូវ​ត្រដររស់។


អង្គការ​ស្បៀងអាហារ​និង​កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ​កំពុង​ព្យាករ​ថា​ផលិតកម្ម​ស្ករ​ពិភព​លោក​ក្នុង​ឆ្នាំ២០២៣-២៤​ នឹង​ធ្លាក់ចុះ​ចំនួន២​ ភាគរយ​ហើយ​បើ​សរុបទៅ​ជាការ​ខាតបង់​ប្រមាណ​គឺ​ស្មើនឹង​ចំនួន​៣,៥លាន​តោន។ ស្របពេល​ជាមួយ​គ្នា​នេះ​ស្ករ​ដែល​គេ​និយម​ប្រើ​សម្រាប់​ជីវ​ឥន្ធនៈ​ដូចជា​អេតាណុល​ធ្វើឱ្យ​ស្ករ​បម្រុង​សាកល​ធ្លាក់​ទៅ​កម្រិត​ទាប​បំផុត​ចាប់តាំងពី​ឆ្នាំ២០០៩ ​មក។


ប្រេ​ស៊ី​ល​ ដែលជា​ប្រទេស​នាំចេញ​ស្ករ​ស​ដ៏​ធំ​បំផុត​របស់​ពិភពលោក​ត្រូវបាន​គេ​ជឿថា​ អាច​ត្រឹម​បំពេញ​ត្រឹម​តម្រូវការ​របស់ខ្លួន​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ២០២៤។ រហូតមក​ដល់​ពេលនោះ​ប្រទេស​ដែល​ពឹង​ផ្អែកលើ​ការ​នាំចូល​ខ្លាំង​ដូចជា​ប្រទេស​ភាគច្រើន​នៅ​អនុតំបន់​សាហា​រ៉ា​អាហ្វ្រិក​ប្រាកដជា​រងគ្រោះ។


ផលប៉ះពាល់​នៃ​ដំណាំ​ជា​ផ្នែក​មួយ​ធំ​បង្ក​មកពី​បាតុភូត ​El Nino ដែលជា​បាតុភូត​ធម្មជាតិ​ផ្លាស់​ប្តូរ​លំហូរ​អាកាសធាតុ​សកល​ឱ្យមាន​លក្ខខណ្ឌ​អាកាសធាតុ​ប្រែប្រួល​ខ្លាំង​ចាប់ពី​គ្រោះរាំងស្ងួត​រហូតដល់​ទឹក​ជំនន់។បន្ថែម​ពីលើ​នេះ​អ្នកវិទ្យាសាស្ត្រ​ជឿថា​ការប្រែប្រួល​អាកាសធាតុ​ថែមទាំង​បាន​នឹង​កំពុង​ធ្វើឱ្យ​បាតុភូត El Nino កាន់តែ​ខ្លាំង​ឡើង។


ប្រទេស​ឥណ្ឌា​ បាន​ប្រឈម​នឹង​គ្រោះរាំងស្ងួត​ខ្លាំង​បំផុត​ក្នុង​រយៈពេល​ជាង​មួយ​សតវត្ស​ចុងក្រោយ​កាលពី​ខែសីហា​កន្លងទៅថ្មីៗនេះ​ដោយ​ដំណាំ​នៅ​រដ្ឋ Maharashtra ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា​ជាង​មួយ​ភាគបី​ត្រូវបាន​ក្រិន​ក្នុង​ដំណាក់​កាល​លូតលាស់​ដ៏​សំខាន់។

បើ​យោងតាម​សមាគម​រោង​ម៉ាស៊ីន​ស្ករ​ឥណ្ឌា​ផលិតកម្ម​ស្ករ​របស់​ប្រទេស​ឥណ្ឌា​ ទំនងជា​នឹង​ធ្លាក់ចុះ​ ៨ ភាគរយ​នៅ​ឆ្នាំ​នេះហើយ​បច្ចុប្បន្ន​នេះ​ឥណ្ឌា​ក៏​កំពុង​រឹតបន្តឹង​ការនាំចេញ​ស្ករ​ដ្បិត​អី​ខ្លួន​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើនជាង​គេ​លើ​ពិភពលោក​ហើយក៏​ជា​អ្នក​ប្រើប្រាស់​ស្ករ​ច្រើន​ជាង​គេ​បំផុត​ផងដែរ​នោះ។


នៅក្នុង​ប្រទេស​ថៃ​ឥទ្ធិពល El Nino នៅ​ដើមរដូវ​ដាំ​ដុះ​បាន​ផ្លាស់ប្តូរ​មិន​ត្រឹមតែ​បរិមាណ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​ប៉ះពាល់​គុណភាព​នៃ​ការប្រមូល​ផល​ផងដែរ។នេះ​បើតាម​សម្តី​លោក ​NaradhipAnantasuk ប្រធាន​សមាគម​ស្ករ​របស់​ប្រទេស​ថៃ ហើយ​លោក​រំពឹងថា​អំពៅ​ប្រមាណ​ត្រឹម ៨៤ លាន​តោន​ប៉ុណ្ណោះ​ទំនងជា​ត្រូវបាន​កិន​នៅ​ឆ្នាំ២០២៤ ដែល​ធ្លាក់ចុះ​ខ្លាំង​បើ​ធៀប​នឹង​ចំនួន​ ១០៣​ លាន​តោន​ នៅ​ឆ្នាំនេះ។

​បើតាម​របាយការណ៍​រប​ស់​ក្រសួងកសិកម្ម​សហរដ្ឋ​អាមេរិក​បាន​ព្យាករណ៍​ថា​ទិន្នផល​នៅក្នុង​ប្រទេស​ថៃ​ធ្លាក់ចុះ១៥ភាគរយ​គិត​ត្រឹម​ខែតុលា​នេះ។

លោក​ Palmeri ពី​អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ​បាន​និយាយថា​ប៉ុន្មាន​ខែ​ខាងមុខ​គឺជា​កង្វល់​ដ៏​ធំ​បំផុត។លោក​បន្តថា​កំណើនប្រជាជន​និង​ការកើនឡើង​នៃ​ការប្រើប្រាស់​ស្ករ​នឹង​ធ្វើឱ្យ​ទុនបម្រុង​ស្ករ​កាន់តែ​ពិបាក​ខ្លាំង។

យោងតាម​ទិន្នន័យ​ពី USDA បានឱ្យដឹងថា​បច្ចុប្បន្ន​ពិភពលោក​មាន​ពេល​ត្រឹម ៦៨ ថ្ងៃ​ប៉ុ​ណោះ​ ដើម្បី​បំពេញ​ស្តុក​ឱ្យ​ស្របតាម​តម្រូវការ​ពោលគឺ​ពេល​តិចជាង​គ្រា​ដែល​ធ្លាក់ចុះ​ខ្លាំង​ក្នុង​ឆ្នាំ២០២០ ជាង ១ ខែ ​ឯណោះ​ដែល​ឆ្នាំ​នោះ​គឺមាន​ពេល​ចំនួន ១០៦ ថ្ងៃ។

យោងតាម USDA បានឱ្យដឹង​ដែរ​ថា​ប្រទេស​ឥណ្ឌូនេស៊ី​ដែលជា​ប្រទេស​នាំចូល​ស្ករ​ច្រើនជាងគេ​បំផុត​កាលពី​ឆ្នាំមុន​ថយចុះ​ការ​នាំចូល​ចំណែក​ប្រទេស​ចិន​ដែលជា​ប្រទេស​នាំចូល​លេខ២ត្រូវបាន​បង្ខំចិត្ត​បញ្ចេញ​ស្ករ​ពី​ស្តុក​របស់ខ្លួន​ដើម្បី​កាត់បន្ថយ​ការ​កើន​តម្លៃ​ខ្ពស់​ក្នុងស្រុក​ជា​លើកដំបូង​ក្នុង​រយៈពេល៦ឆ្នាំ៕