​អនាគត​​ប្រធានាធិបតី​​​អាហ្សង់ទីន ​ដែល​ទើប​ជាប់ឆ្នោត​​កាល​​ពីថ្ងៃអាទីត្យ ដែល​ធ្លាប់​​បាន​អះអាង​​​ពី​​​ការ​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​​លើ​ទំនាក់​ទំនង​ការ​ទូត​​​ជាមួយ​ប្រទេស​​កុម្មុយនីស្ត ​ដោយសារ​តែ​​ខុស​​ពី​​គោល​នយោបាយ​បក្ស​របស់ខ្លួន​នោះ ពេល​នេះ​​​​រុស្ស៊ី​​​​​​មិន​ទាន់​ប្រតិកម្ម​​ដោយ​រង់ចាំ​ដល់​ពេលចូលកាន់តំណែង​​ជាផ្លូវការ​សិន។ 

លោក​ Javier Milei ដែលជា​អ្នក​សេរី​និយម​ និង​ស្តាំនិយម​​កាលពី​ថ្ងៃអាទិត្យ​ បានឈ្នះ​​ការ​បោះឆ្នោត​ជុំ​ទី២ ​​ស្ទើរតែ​​ ៥៦ ភាគរយ​។ លោក​ធ្លាប់​លើក​ឡើង​ក្នុង​ពេលយុទ្ធនាការ​បោះឆ្នោត​ថា​គាត់​នឹង​ដកខ្លួន​ចេញពី​ទំនាក់ទំនង​ជាមួយ​ប្រទេស​នានា​រួមទាំង​រុស្ស៊ី ចិន និង​ប្រេ​ស៊ី​ល ដោយ​លើកឡើង​ពី​ការខ្វែងគំនិត​គ្នា​ជាមួយនឹង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​របស់​ពួកគេ។​ នេះ​បើ​យោង​តាមទីភ្នាក់ងារ​ព័ត៌មានរ៉យទ័រ។​

ប្រធានាធិបតី​ជាប់ឆ្នោត​រូបនេះ​ ក៏បាន​សម្តែង​ការគាំទ្រ​ចំពោះ​អ៊ុយ​ក្រែ​ន​ក្នុង​ជម្លោះ​​ជាមួយ​រុស្ស៊ី ហើយ​បាន​និយាយថា​លោក​មើលឃើញ​សហរដ្ឋអាមេរិក និង​អ៊ីស្រាអែល​ជា​ដៃគូ​សំខាន់​របស់​អា​ហ្ស​ង់​ទីន។


​វិមាន​ក្រឹម​ឡាំង​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បានកត់សម្គាល់​សេចក្តីថ្លែងការណ៍​អំពី​ប្រទេស​រុស្ស៊ី​ពី​ប្រធានាធិបតី​ជាប់ឆ្នោត​របស់​ប្រទេស​អា​ហ្ស​ង់​ទីន លោក Javier Milei ប៉ុន្តែ​ចង់​រក្សា​ទំនាក់ទំនង​រឹងមាំ​ជាមួយ​​អាហ្សង់ទីន​​ដូច​ដែលខ្លួន​ធ្លាប់​មាន​​កន្លងមក​។

នៅក្នុង​ការហៅ​ទូរស័ព្ទ​ជាមួយ​អ្នកសារព័ត៌មាន អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក ឌីមីទ្រី​ ប៉េស្កូវ (Dmitry Peskov) បាន​និយាយថា៖​ «យើង​បានកត់សម្គាល់​នូវ​សេចក្តីថ្លែងការណ៍​មួយចំនួន​ ដែល​លោក Milei បានធ្វើ​ក្នុងអំឡុងពេល​យុទ្ធនាការ​បោះឆ្នោត ប៉ុន្តែ​យើង​នឹង​ផ្តោតលើ និង​វិនិច្ឆ័យ​គាត់​ជា​សំខាន់​​ដោយ​សេចក្តីថ្លែងការណ៍​ដែល​គាត់​ធ្វើ​បន្ទាប់ពី​ពិធី​ចូល​កាន់តំណែង​»។


លោក Peskov បាន​បន្ថែមថា «យើង​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​អា​ហ្ស​ង់​ទីន»។

រដ្ឋាភិបាលអាហ្សង់ទីន ​ដែល​នឹង​ចាកចេញ​​ពី​តំណែង​​​បាន​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​រុស្ស៊ី ដោយបាន​នាំចូល​វ៉ាក់សាំង Sputnik V របស់​រុស្ស៊ី​ ប្រឆាំងនឹង​កូវីដ​១៩ និង​ជំរុញ​ឱ្យចូល​រួមជាមួយ​ក្រុម​ប្រទេស BRICS ដែល​គាំទ្រ​ដោយ​ទីក្រុង​ម៉ូស្គូ៕​