ប្រធានាធិបតី​ហ្វីលីពីន លោក ហ្វ៊ឺ​ឌី​ណង់ ម៉ា​កូ​ស ជូ​នៀរ (Ferdinand Marcos Jr.) បាន​ថ្លែងថា ជម្លោះ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​គ្រប់គ្រង​ដោយ​របប​យោធា គឺជា​បញ្ហា​ដ៏​លំបាក​មួយ​សម្រាប់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) ដែល​ប្លុក​ត្រូវ​ដោះស្រាយ ខណៈ​មាន​ការវិវឌ្ឍ​តិចតួច​ឆ្ពោះទៅរក​ដំណោះស្រាយ​សន្តិភាព ហើយ​ការប្រយុទ្ធ​គ្នា​កាន់តែខ្លាំង​។ យោង​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​។​

​ថ្លែង​ក្នុង​វេទិកា​មួយ​ក្នុង​រដ្ឋ​ហា​វ៉ៃ ដែល​ផ្សាយ​ផ្ទាល់​នៅ​ប្រទេស​ហ្វីលីពីន នា​ថ្ងៃ​ចន្ទ ទី​​ ២០ ខែវិច្ឆិកា លោក ម៉ា​កូ​ស បាន​ថ្លែងថា មានការ​ប្តេជ្ញាចិត្ត​ពី​អាស៊ាន ប៉ុន្តែ​បញ្ហា​មី​យ៉ាន់​ម៉ា រួមទាំង​ផល​​ប៉ះពាល់​លើ​បញ្ហា​មនុស្សធម៌ មាន​ភាពស្មុគស្មាញ​។

​អង្គការសហប្រជាជាតិ​និយាយថា មនុស្ស​ជាង ​១ ​លាន​នាក់​ ត្រូវបាន​ផ្លាស់​ទីលំនៅ​ចាប់តាំងពី​យោធា​មី​យ៉ាន់​ម៉ា​ បានធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​ក្នុង​ឆ្នាំ​ ២០២១​ ដែល​ធ្វើឱ្យ​ប្រទេស​ធ្លាក់​ទៅក្នុង​ភាពចលាចល ដោយមាន​ការ​ប្រយុទ្ធ​គ្នា​ប្រដាប់អាវុធ​មិន​ចប់​រវាង​ក្រុម​យោធា និង​ក្រុមប្រឆាំង​របប​យោធា​។​


​ការបង្ក្រាប​លើ​ក្រុមប្រឆាំង​របស់​របប​យោធា នៅតែ​តានតឹង ហើយ​អាស៊ាន​បាន​ហាម​មន្ត្រី​របប​យោធា​កំពូលៗ មិនឱ្យ​ចូលរួម​កិច្ចប្រជុំ​របស់ខ្លួន រហូត​ទាល់តែ​ពួកគេ​ប្តេជ្ញាចិត្ត​លើ​ផែនការ​សន្តិភាព​របស់​ប្លុក​។

​ជុំវិញ​ស្ថានការណ៍​ចុងក្រោយ​នេះ លោក ម៉ា​កូ​ស បាន​ថ្លែង ដោយ​លើក​ការវិភាគ​ផ្សេងៗ​ថ្មី​នេះ​ថា របប​យោធា​បាន​បាត់បង់​ការគាំទ្រ​ពី​យោធា​របស់ខ្លួន​រួចទៅហើយ​។ លោក​បន្តថា ការ​ប៉ះពាល់​លើ​បញ្ហា​មនុស្សធម៌​ដោយសារតែ​ជម្លោះ​កើនឡើង​យ៉ាងខ្លាំង​ក្នុង​ប៉ុន្មាន​ឆ្នាំនេះ ដោយ​ហ្វីលីពីន​ក៏បាន​រង​ផលប៉ះពាល់​ដោយសារតែ​ពលរដ្ឋ​ខ្លួន​ស្ថិត​ក្នុងចំណោម​ជនរងគ្រោះ​នៃ​ការ​ជួញដូរ​មនុស្ស​នៅ​ទីនោះ​៕