នៅក្នុងកិច្ចពិភាក្សាជុំទី៣ របស់អង្គការសហប្រជាជាតិស្ដីពីសន្ធិសញ្ញាគ្រប់គ្រងការបំពុលប្លាស្ទិក សំណើជាង ៥០០ ត្រូវបានដាក់ជូនដោយភាគីពាក់ព័ន្ធក្នុងបញ្ហានេះ ដែលក្នុងនោះ អ្នកខ្លះបានមើលឃើញថា ចំនួនសំណើយ៉ាងច្រើននេះបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពដ៏ល្អ ប៉ុន្តែអង្គការយុទ្ធនាការឯករាជ្យ និងសកលមួយឈ្មោះថា អង្គការសន្តិភាពបៃតង (Green peace) បានយល់ឃើញថា វាគឺជាភាពវឹកវរទៅវិញទេ។
បន្ទាប់ពីកិច្ចប្រជុំអស់រយៈពេល ១ សប្តាហ៍នៅក្នុងប្រទេសកេនយ៉ាដែលគេស្គាល់ថាជាកិច្ចពិភាក្សា INC3 អ្នកចរចាមានរយៈពេលរហូតដល់ទៅចុងឆ្នាំក្រោយ ដើម្បីរៀបចំកិច្ចព្រមព្រៀងដែលទាក់ទងនឹងការគ្រប់គ្រងប្លាស្ទិកនេះ។ ជាទូទៅ ពិភពលោកបានផលិតកាកសំណល់ប្លាស្ទិកប្រហែលជា ៤០០ លានតោនក្នុង ១ ឆ្នាំ។
ប្រទេសដែលមានឧស្សាហកម្មប្លាស្ទិកប្រេង និងប្រទេសនាំចេញគីមីឥន្ធនៈ ដូចជារុស្ស៊ី និងអារ៉ាប៊ី សាអ៊ូឌីត ជាដើម បានប្រកាសចង់បានកិច្ចព្រមព្រៀងជាសកល ដែលមានការលើកទឹកចិត្តឱ្យកែច្នៃ និងប្រើប្រាស់ប្លាស្ទិកឡើងវិញ។ យ៉ាងណាក៏ដោយ អ្នកការពារបរិស្ថាន និងរដ្ឋាភិបាលមួយចំនួនបានប្រកែកថា៖«យើងគួរតែរឹតបន្តឹងការផលិតប្លាស្ទិកឱ្យនៅទាបបំផុតជាមុនសិន»។
លោក ហ្រ្កាហាំ ហ្វប (Graham Forbes) ប្រធានគណៈប្រតិភូរបស់អង្គការសន្តិភាពបៃតងបាននិយាយថា៖ «កិច្ចពិភាក្សា INC3 បានបរាជ័យក្នុងការសម្រេចគោលដៅចម្បងពួកគេ នោះគឺការរៀបចំសេចក្តីព្រាងដំបូងនៃអត្ថបទខ្លឹមសាររបស់សន្ធិសញ្ញាមួយនេះ»។
លោក ហ្រ្កាហាំ ថែមទាំងបានហៅកិច្ចពិភាក្សានេះថាជាភាពវឹកវរ ដែលលោកចង់សំដៅទៅលើចំនួននៃសំណើដែលបានដាក់ចេញយ៉ាងច្រើន។ ដោយឡែកអង្គការបណ្តាញលុបបំបាត់ការបំពុលអន្តរជាតិ ឬហៅកាត់ថា IPEN ដែលជាអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិមួយ បានមើលឃើញថា សំណើនេះជាសញ្ញានៃភាពរឹងមាំនៃកិច្ចចរចា ដែលបាននិងកំពុងប្រព្រឹត្តទៅនៅរដ្ឋធានីណៃរ៉ូប៊ី (Nairobi) ប្រទេសកេនយ៉ា។
អង្គការ IPEN បានកត់សម្គាល់ថាសំណើដ៏ពេញនិយមមួយដែលទទួលបានការគាំទ្រដោយរដ្ឋភាគីជាង ១០០ ប្រទេស គឺសំណើរបស់ប្រទេសស្វ៊ីស និងអ៊ុយរូហ្គាយ ដែលស្នើឱ្យមានការពិភាក្សាបន្ថែមទៀតលើការកំណត់កម្រិតសារធាតុប៉ូលីម៊ែរ (Polymers) ដែលបង្កគ្រោះថ្នាក់យ៉ាងខ្លាំង និងសារធាតុគីមីផ្សេងៗទៀត៕