ទារក​មិន​គ្រប់​ខែ​ចំនួន ២៨ នាក់​ ដែល​បានទទួល​ការថែទាំ​យ៉ាង​យកចិត្តទុកដាក់​នៅ​មន្ទីរពេទ្យ Al-Shifa ភាគ​ខាងជើង​ហ្គា​ហ្សា​ត្រូវបាន​ជម្លៀស​តាម​ព្រំដែន​ទៅកាន់​ប្រទេស​អេ​ហ្ស៊ី​ប កាលពី​ថ្ងៃទី ២០ វិច្ឆិកា ទោះយ៉ាងណាទារក ៥ នាក់​ទៀត​បាន​ស្លាប់បាត់​បង់ជីវិត​មុនពេល​ពួកគេ​ទទួលបាន​ឱកាស​ជម្លៀសចេញ។ នេះ​បើ​យោងតាម​អង្គការសហប្រជាជាតិ​និង​បណ្តាញ​ទូរទស្សន៍​រដ្ឋ​អេ​ហ្ស៊ី​ប Al Qahera News។

ទារក​ទាំងនោះ​ត្រូវបាន​គេ​ជម្លៀស​ចេញពី​តំបន់​កា​ហ្សា​កាលពី​ថ្ងៃអាទិត្យ​ទៅកាន់​ទីក្រុងRafahភាគខាងត្បូងជា​ច្រកព្រំដែន​តែ ១គត់​ដែល​អាច​ឆ្លងកាត់​ទៅកាន់​ប្រទេស​អេ​ហ្ស៊ី​បបាន។យ៉ាងណាក៏ដោយទារក​ទាំងនេះ​បានក្លាយ​ជា​និមិត្តរូប​នៃ​ការរង​ទុក្ខវេទនា​រប​ស់ជន​ស៊ីវិល​ចេញពី​សកម្មភាព​ឡោមព័ទ្ធ​និង​វាយលុក​ដោយ​កងកម្លាំង​អ៊ីស្រាអែល​កាលពី​សប្តាហ៍​មុន។

ជា​ម្តាយ​របស់​ទារក​ ២នាក់​ក្នុងចំណោម​ទារក​ទាំង២៨នាក់​អ្នកស្រី​Ayat Al Daourបាន​ជួប​ជាមួយ​កូនស្រី​ភ្លោះ​របស់ខ្លួន​មុនពេល​ពួកគេ​ត្រូវបាន​ផ្ទេរ​ទៅ​ប្រទេស​អេ​ហ្ស៊ី​ប។អ្នកស្រី​បាន​និយាយថា​អ្នកស្រី​បាន​សម្រាលកូន​នៅ​មន្ទីរពេទ្យ Al-Shifaខណៈពេលដែល​ការប្រយុទ្ធ​កំពុង​ផ្ទុះឡើង​យ៉ាង​សន្ធោសន្ធៅ។


អ្នកស្រី​និងកូនៗថែមទាំង​ត្រូវបាន​ចាប់ឃុំខ្លួនប៉ុន្តែ​អ្នកស្រី​ក៏ត្រូវ​បាន​គេ​ដោះលែង​វិញ​តែម្នាក់ឯង​តែប៉ុណ្ណោះ។បើតាម​អ្នកស្រី​Ayat Al Daourរាប់​ចាប់​ពីថ្ងៃ​ដែល​ខ្លួន​សម្រាលកូន​មក​អ្នកស្រី​ខាន​បានឃើញ​មុខ​កូន​អស់​រយៈពេល​៣៩​ថ្ងៃ​មក​ហើយ។

អ្នកស្រី​បានឱ្យដឹង​ទៀតថាក្រោយពេល​ឮដំណឹង​អំពី​ការបញ្ជូន​ទារក​ទៅ​មន្ទីរពេទ្យ Emirati អ្នកស្រី​បាន​ដើរ​រាប់​ម៉ោង​ទៅ​មន្ទីរពេទ្យ​នោះហើយ​ទីបំផុត​បានឃើញ​កូនស្រី​របស់​អ្នកស្រី​នៅមាន​ជីវិត​និង​មាន​សុខ​ភាពល្អ។


អ្នកស្រី​បាន​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ពេល​ស្ដាប់​ការរាយការណ៍​អំពី​ការស្លាប់​របស់​ទារក​មិន​គ្រប់​ខែខ្ញុំ​មិនអាច​ដឹងថា តើ​នោះ​គឺជា​កូន​របស់ខ្ញុំ​ឬ​អត់​ឡើយ»។

ការិយាល័យ​អង្គការសហប្រជាជាតិ​សម្រាប់​ការសម្របសម្រួល​កិច្ចការ​មនុស្សធម៌​ដែល​ជួយ​រៀបចំ​ការជម្លៀស​នេះ​បាន​និយាយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា​ទារក​ ៥នាក់​បាន​បាត់​បង់ជីវិត​ហើយ​ដោយសារតែ​ខ្វះ​អគ្គិសនី​និង​ប្រេងឥន្ធនៈ​នៅ​មន្ទីរពេទ្យ Al-Shifa។

ការណ៍​នេះ គឺ​ដោយសារតែ​អ៊ីស្រាអែល​បានដាក់​ការឡោមព័ទ្ធ​នៅ​តំបន់​ហ្គា​ហ្សា​ដែលជា​ការរារាំង​ការផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ ស្បៀងអាហារ​និង​ទឹក។

យ៉ាងណាមិញ​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃអាទិត្យ​ថា​ក្នុងចំណោម​ទារក​ទាំង២៨នាក់​មាន​ទារក​ចំនួន១១នាក់​កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​ហើយ​ពួកគេ​ទាំងអស់​ក៏​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​ផងដែរ។

ទន្ទឹមនឹងនេះ​អង្គការ UNICEF បាន​និយាយ​ដែរ​ថា​អង្គការ​ក៏បាន​ចូលរួម​ក្នុង​កិច្ចប្រឹងប្រែង​ជម្លៀស​ដ៏​គ្រោះថ្នាក់​និង​ថា​ស្ថានភាព​នៃ​ទារក​ទាំងនោះ​កំពុងតែ​អាក្រក់ទៅៗដោយ​ក្នុងការ​ជម្លៀស​ទារក​ទាំ​ង​នោះ​ត្រូវ​បានដាក់​នៅក្នុង​ម៉ាស៊ីន​រក្សា​ស៊ី​តុ​ណ្ហ​ភាព​ជាប់​ជានិច្ច។

យ៉ាងណាក៏ដោយ​ការវាយលុក​របស់​អ៊ីស្រាអែល​ក្នុងការ​ដណ្ដើមយក​តំបន់ Al-Shifaកាលពី​សប្ដាហ៍​មុន​បានធ្វើឱ្យ​ការរស់នៅ​របស់​ជន​ស៊ីវិល​កាន់តែ​អាក្រក់​ឡើង។ក្នុងនោះ​មន្ត្រី​សុខាភិបាល​បាន​ប្រាប់ឱ្យដឹងថា​ទារក​មិន​គ្រប់​ខែ​ជិត៤០នាក់​ផ្សេងទៀត​កំពុងស្ថិត​ក្នុងស្ថានភាព​ហានិភ័យ។មន្ត្រី​សុខាភិបាល​នៅ​មន្ទីរពេទ្យ Al-Shifaបានឱ្យដឹង​ទៀតថា​ទារក​ខ្លះ​កើតមក​មុនពេល​ម្ដាយ​របស់គេ​ត្រូវបាន​សម្លាប់​ខ្លះទៀត​បាន​ស្លាប់ភ្លាមៗបន្ទាប់ពី​ការ​ប្រសូតរួច និង​មួយចំនួនទៀត​ជា​អ្នក​រស់រានមានជីវិត​តែ​ម្នាក់​គត់​ក្នុង​គ្រួសារ។

​ទារក​ដែល​គេ​ចាត់ទុកថា​មិនទាន់​គ្រប់​ខែ​នេះ​ជា​ទារក​ដែលមាន​អាយុ​ក្រោម៣៧សប្ដាហ៍​ក្រោយ​ការ​សម្រាល។ក្នុងអំឡុង​ពេលនេះ​ទារក​ត្រូវការ​ការមើល​ថែ​យ៉ាង​ដិតដល់​ដោយសារ​ប្រព័ន្ធ​ភាព​សុំា​របស់​ពួកគេ​នៅ​ខ្សោយ​ងាយ​នឹង​ឆ្លង​ជំងឺ៕