ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​កូរ៉េខាង​ជើង​​ KCNA ​បាន​រាយការណ៍​ថា​ ​កូរ៉េ​ខាង​ជើង ​​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​​ថ្កោល​ទោសលទ្ធភាព​នៃ​​​ការ​លក់​អាវុធ​ទំនើប​ៗ​រួម​ទាំង​មីស៊ីល​​​​​របស់​​​សហរដ្ឋ​​អាមេរិក​​​ ទៅ​​ឱ្យ​សម្ព័ន្ធ​មិត្ត​​ជប៉ុន ​​និង​​កូរ៉េ​ខាង​ត្បូង ​ដោយ​ហៅ​វា​ថា​ជា​ទង្វើ​ដ៏​គ្រោះ​ថ្នាក់​ដែល​បង្កើន​ភាព​តាន​តឹង​នៅ​ក្នុង​តំបន់​ និង​នាំ​មក​នូវ​ការ​ប្រ​កួត​ប្រជែង​ផ្នែក​សព្វាវុធ​​ថ្មី​មួយ​។​ 

សម្ព័ន្ធ​មិត្ត​ត្រីភាគី​​នៅ​អាស៊ី​បូព៌ា​​​​ ដែល​មាន​ជប៉ុន​ កូរ៉េខាងត្បូង និង​សហរដ្ឋ​អាមេរិក​ ក៏​តែង​លើក​ឡើង​​ពី​ការ​​​ខិត​ចូល​ជិត​គ្នា​របស់​​​កូរ៉េខាង​ជើង​​និង​រុស្ស៊ី​ ដែល​អាច​នាំ​ទៅ​ដល់​ការ​ដោះដូ​​រ​​កម្មវិធី​​អាវុធ​នុយក្លេអ៊ែរ​​​ ដល់​កូរ៉េខាង​ជើង​​ ពីសំណាក់​ភាគី​រុស្ស៊ី ដោយ​ទទួលបាន​មក​វិញ​នូវ​​អាវុធ​សម្រាប់​ធ្វើសង្គ្រាម​​នៅ​​អ៊ុយក្រែន។​

ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ជើង ​និយាយ​​​​ក្នុង​​សេចក្តី​​ថ្លែង​ការណ៍​ថា៖​«​យើង​ព្រមាន​​ថា​ បើ​​​អាមេរិក​ចំណេ​ញ​​ពី​ការ​លក់​អាវុធ​ដោយ​មិន​រើស​មុខកាន់​តែ​ច្រើន​ នឹង​​ផល​​ប៉ះ​ពាល់​លើ​បញ្ហា​​សន្តិសុខ​នឹង​​កាន់​តែខ្លាំង​»​។


​​ក្រសួង​បន្ត​​ថា​ ​​​​ទីក្រុង​ព្យុងយ៉ាង ​នឹង​បង្កើន​វិធាន​ការ​ ដើម្បី​បង្កើត​ការ​ទប់​ទល់​សង្គ្រាម ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹ​ង​អស្ថិរភាព​​នៅ​ក្នុង​តំបន់​ ដែល​​​បណ្តាល​មក​ពី​សហរដ្ឋ​​អាមេរិក ​និង​សម្ព័ន្ធ​មិត្ត​របស់​​មហា​អំណាច​​មួយ​នេះ​។

ការ​ព្រមាន​របស់​​កូរ៉េខាង​ជើង​យ៉ាង​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សេចក្ដី​រាយការណ៍​ថា​ ជប៉ុន​គ្រោង​នឹង​ទិញ​មីស៊ីល ​Tomahawk ​ចំនួន ​៤០០​ គ្រាប់​ ពី​សហរដ្ឋ​អាមេរិក​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​​ពង្រឹង​​យោធា​ដ៏​ធំ​បំផុត​របស់​​ប្រទេស​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​២​។


​មន្ទីរ​បញ្ចកោណ​បាន​និយាយ​កា​ល​ពី​ថ្ងៃ​សុក្រ​ថា​ ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ បាន​អនុម័ត​ការ​លក់​​ដែល​​អាច​នឹង​កើត​មាន​​នេះ​​ ក្នុង​កិ​ច្ច​ព្រម​ព្រៀង​​តម្លៃ​ ២,៣៥ ប៊ីលាន​ដុល្លារ​។ ​ថ្មី​ៗ​នេះ​ផង​ដែរ​ សហរដ្ឋ​អាមេរិក​ ក៏​បាន​ប្រកាស​ពី​ការ​យល់​ព្រ​ម​លើ​ការ​លក់​មីស៊ីល ​Sidewinder ​និ​​ង ​Standard Missile 6 Block I (SM-6)​ ទៅ​កាន់​កូរ៉េ​ខាង​ត្បូង​ផង​ដែរ​។​

កន្លង​មក​ កូរ៉េខាង​ជើង​ បាន​រិះ​គន់​​ចំពោះ​អ្វី​ដែល​ខ្លួន​ចាត់​ទុក​ថា​ជា​​ការ​​គំរាម​កំហែង​​ផ្នែក​​យោធា​​ពី​​សហរដ្ឋ​​អាមេរិក​ ​និង​​សម្ព័ន្ធ​មិត្ត​ ​ដោយ​​និយាយ​​​​ថា​​ខ្លួន​​នឹង​​បង្ហាញ​​ពី​​​អាវុធ​​​វាយ​លុក​​​បន្ថែម​​ទៀត​ ដើម្បី​ជា​ការ​ឆ្លើយ​តប​។

​កាល​ពី​ថ្ងៃ​ពុធ​ ប្រទេស​កូរ៉េ​ខាង​ជើង​ បា​​ន​​អះ​អាង​ថា​​ ខ្លួន​បាន​​ធ្វើ​តេស្ត​ដោយ​ជោគ​ជ័យ​នូវ​​ម៉ាស៊ីន​ឥន្ធនៈ​រឹង​ប្រភេទ​ថ្មី​​ ដែល​ប្រើ​​សម្រាប់​មីស៊ីល​ផ្លោង​រយៈ​ចម្ងាយ​មធ្យម​ (IRBMs) ដែល​មាន​សារៈ​សំខាន់​សម្រាប់​ការ​ពង្រឹង​សមត្ថភាព​វាយ​លុក​ជា​យុទ្ធសាស្ត្រ​របស់​យោធា​ខ្លួន​៕