លោកស៊ីជីនភីង (Xi Jinping) ប្រធានាធិបតីចិនកាលពីថ្ងៃទី២០ ខែវិច្ឆិកានេះ បាននិយាយថា ប្រទេសចិន ចង់ឱ្យក្រុមហ៊ុនបារាំង កាន់តែច្រើនមកបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសចិន ហើយសង្ឃឹមថា ប្រទេសបារាំង នឹងផ្តល់បរិយាកាសធុរកិច្ចប្រកបដោយយុត្តិធម៌ និងមិនរើសអើងចំពោះក្រុមហ៊ុនចិន។
បើតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍រដ្ឋចិន លោក ស៊ី បានធ្វើការអត្ថាធិប្បាយនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron ដោយផ្តោតលើការពង្រឹងទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្មអឺរ៉ុបរបស់ខ្លួន។
ក៏ប៉ុន្តែបញ្ហាពេលបច្ចុប្បន្ននេះ ស្ថិតត្រង់ប្រទេសចិន កំពុងប្រឈមនឹងការស៊ើបអង្កេតលើរថយន្តអគ្គិសនីរបស់ខ្លួនពីសំណាក់សហភាពអឺរ៉ុបនិងការស៊ើបអង្កេតលើក្រុមហ៊ុនផលិតដែក។ ទន្ទឹមនឹងនោះ ប្រទេសអឺរ៉ុបមួយចំនួន បានត្អូញត្អែរអំពីច្បាប់របស់ចិនទាក់ទងនឹងក្រុមហ៊ុនបរទេសរកស៊ីនៅក្នុងប្រទេសនេះ។
ក្នុងកិច្ចសន្ទនាដដែលនោះ លោក ស៊ី បានបញ្ជាក់ថាប្រទេសចិន មានឆន្ទៈបង្កើនការដោះដូរកម្រិតខ្ពស់ជាមួយភាគីបារាំងនិងបានបន្ថែមទៀតថា លោកស្វាគមន៍ផលិតផលបារាំងកាន់តែច្រើន ដែលចូលមកក្នុងទីផ្សារប្រទេសចិន។
លោក ស៊ី ក៏បាននិយាយថាប្រទេសចិន មានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសបារាំង នៅអង្គការសហប្រជាជាតិនិងស្ថាប័នពហុភាគីផ្សេងទៀត ខណៈប្រទេសចិន បានចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ក្នុងខែនេះ។
មេដឹកនាំនៃមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោកក៏បានអំពាវនាវឱ្យប្រទេសបារាំង ជួយដើរតួនាទីស្ថាបនាជំរុញការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងចិន-សហភាពអឺរ៉ុប ស្របពេលដែលទំនាក់ទំនងនៃភាគីទាំង២នេះ កំពុងជាប់តានតឹងលើបញ្ហាជាច្រើនចាប់តាំងពីការជំរុញរបស់អឺរ៉ុប ដើម្បីកាត់បន្ថយការពឹងផ្អែកលើខ្សែចង្វាក់ផ្គត់ផ្គង់ពីសំណាក់ប្រទេសចិន ចំពោះសង្គ្រាមនៅអ៊ុយក្រែន ជាដើម។
លោក ស៊ី បានអំពាវនាវថាប្រទេសចិន និងសហភាពអឺរ៉ុប គួរតែនៅតែជាដៃគូសម្រាប់កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។
ក្រៅពីសេដ្ឋកិច្ចទូរទស្សន៍រដ្ឋបានរាយការណ៍ថា មេដឹកនាំទាំង២ ក៏បានផ្លាស់ប្តូរទស្សនៈស្តីពីជម្លោះនៅតំបន់ហ្គាហ្សាហើយបានព្រមព្រៀងគ្នាថាចាំបាច់ត្រូវតែចៀសវាងស្ថានភាពកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត ជាពិសេស វិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ៕