អាជ្ញាធរ​មី​យ៉ាន់​ម៉ា​ បានប្រគល់​ជនសង្ស័យ​ឆបោក​​តាម​​​ទូរគមនាគមន៍​ចំនួន ៣១ ០០០ នាក់ ​ទៅ​​ប្រទេស​ចិន ចាប់តាំងពី​មន្ត្រី​អនុវត្ត​ច្បាប់​នៃ​ប្រទេស​ទាំង​ពីរបាន​បើក​ការបង្ក្រាប​លើ​ការ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុង​ខែកញ្ញា​មក។ នេះ​បើតាម​អាជ្ញាធរ​ចិន​បាន​និយាយ​នៅ​ថ្ងៃទី២១ ​ខែ​វិច្ឆិកា។


​សេចក្តីរាយការណ៍​របស់រ៉យទ័រ បាន​លើក​ឡើងថា ក្រសួង​សន្តិសុខ​សាធារណៈ​​របស់​ប្រទេស​ចិន បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ជនសង្ស័យ​ ដោយ​​រួមមាន​អ្នក​ហិរញ្ញវត្ថុចំនួន ៦៣​ នាក់​ ផង​ និង​មេ​គំនិត​​ក្រុម​ឧក្រិដ្ឋកម្ម ដែល​បាន​បោកប្រាស់​ពលរដ្ឋ​ចិន​ នូវ​ប្រាក់​យ៉ាងច្រើន។ ក្រសួង​​បាន​និយាយថា៖«ការបង្ក្រាប​បានទទួល​លទ្ធផល​​ប្រយុទ្ធដ៏ខ្លាំង​​»។

ប្រព័ន្ធ​​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន ​បាន​រាយការណ៍​ថា មនុស្ស​ជាង ១០ ម៉ឺន​នាក់ ​បាន​ចូលរួម​ក្នុងការ​ក្លែង​បន្លំ​​តាម​ប្រព័ន្ធ​​ទូរគមនាគមន៍​ជា​រៀងរាល់ថ្ងៃ​នៅក្នុង​មជ្ឈមណ្ឌល​បោកប្រាស់​យ៉ាង​ហោច​ណាស់ ១០០០​​ ទីតាំង​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដែលមាន​ព្រំប្រទល់​ជាប់​នឹង​ភាគ​និរតី​នៃ​ប្រទេស​​ចិន។ ប៉ូលិស​​ចិន​ ចាប់ផ្តើម​បង្ក្រាប​ការ​ក្លែងបន្លំ​នេះ​កាលពី​ខែកញ្ញា។


កាលពី​ខែវិច្ឆិកា ប៉ូលីស​ បានចាប់ផ្តើម​នូវ​អ្វីដែល​ពួកគេ​និយាយថា​ជា «ការវាយប្រហារ​យ៉ាងរ​ហ័ស»​ ទៅលើ​ក្រុម​ឧក្រិដ្ឋកម្ម​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា។


ប៉ូលិស​ចិន​ បាន​និយាយថា មេខ្លោង​ក្រុម​ក្មេង​ទំនើង​មី​យ៉ាន់​ម៉ា​ បានធ្វើ​អត្តឃាត​កាលពី​សប្តាហ៍​មុន ខណៈ​កំពុង​រត់គេច​ពី​អាជ្ញាធរ​មី​យ៉ាន់​ម៉ា។ ក្រោយមក​សមាជិក​បីនាក់​នៃ​ក្រុម​ក្មេង​ទំនើង​របស់គាត់​ត្រូវបាន​បញ្ជូនទៅ​ប៉ូលិស​ចិន។


ជាមួយនឹង​ការបោកប្រាស់​តាម​ទូរគមនាគមន៍​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា ផ្តោតលើ​ពលរដ្ឋ​ចិន​ កើនឡើង ជំនួយការ​រដ្ឋមន្ត្រីការបរទេស​លោក Nong Rong បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា​ក្នុង​ខែវិច្ឆិកា។

លោក​បាន​និយាយថា ប្រទេស​ចិន​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ធ្វើការ​ជាមួយ​ប្រទេស​មី​យ៉ាន់​ម៉ា លើ​ការដោះស្រាយ​ឧក្រិដ្ឋកម្ម​ឆ្លងដែន រួមទាំង​ល្បែងស៊ីសង​តាម​អ៊ីនធឺណិត​ផងដែរ។

លោក Nong ក៏បាន​និយាយ​ផងដែរ​ថា ប្រទេស​ចិន​បាន​គាំទ្រ​មី​យ៉ាន់​ម៉ា ​ក្នុង​ការរក្សា​ស្ថិរភាព​នៅតាម​ព្រំដែន​រួម​របស់​ពួកគេ ខណៈដែល​របប​យោធា​មី​យ៉ាន់​ម៉ា​បាន​ប្រយុទ្ធ​ជាមួយ​ក្រុម​បះបោរ​នៅក្នុង​តំបន់។

យោធា​ដែល​កំពុង​កាន់អំណាចរ​បស់​ប្រទេស​មី​យ៉ាន់​ម៉ា​ កំពុង​ប្រឈមមុខ​នឹង​ការវាយប្រហារ​​​រំដោះ​​​​ជាច្រើន​នៅក្នុង​តំបន់​ព្រំដែន​របស់ខ្លួន ខណៈដែល​សម្ព័ន្ធមិត្ត​នៃ​ក្រុម​បះបោរ​ជន​ជាតិ​ភាគ​តិច​រួមជាមួយ​ នឹង​ក្រុម​អ្នកតស៊ូ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដើម្បី​ប្រជែង​នឹង​ការ​គ្រប់គ្រង​​របស់​រប​ប​​យោធា។

ប្រទេស​ចិន​ បាន​អំពាវនាវ​ឱ្យមាន​សន្តិភាព។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ បាន​និយាយ​នៅ​ថ្ងៃទី២០​ ខែវិច្ឆិកា​ថា៖​«ប្រទេស​ចិន​បាន និងកំពុង​ដើរតួនាទី​ស្ថាបនា​តាមរបៀប​របស់ខ្លួន​ ដើម្បី​លើកកម្ពស់​កិច្ចចរចា​សន្តិភាព និង​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ដាក់​ផលប្រយោជន៍​របស់​ប្រជាជន​ជាមុន បញ្ឈប់​ការបាញ់ប្រហារ និង​បញ្ចប់សង្គ្រាម​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន»៕​