រដ្ឋាភិបាល​ថៃ ​នឹង​កោះប្រជុំ​នៅ​ថ្ងៃ​សុក្រ​ ក្នុង​សប្ដាហ៍​នេះ ដើម្បី​រក​ដោះស្រាយ​បញ្ហានយោបាយក៏ដូចជា​ពិភាក្សា​អំពី​វិសោធនកម្មរដ្ឋធម្មនុញ្ញ ដែល​បាន​ស្នើឡើងរួមទាំង​ពិនិត្យមើល​ទៅលើ​គោលការណ៍ «ភាគច្រើន​ទ្វេដង» (Double-Majority) ដែល​មានន័យថា ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ អាច​ស្នើ​ទៅបាន​ដោយ​ត្រូវមាន​សំឡេងគាំទ្រ​ភាគច្រើន​ដាច់ខាត​ពី​ចំនួន​អ្នកបោះឆ្នោត​សរុប​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោតនិង​សំឡេង​ភាគច្រើន​នៃ​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​ជាក់ស្ដែង។ គោលការណ៍​នេះ ​ត្រូវបាន​គេ​មើលឃើញថាជា​ឧបសគ្គ​រារាំង​ការស្នើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ។

ឧបនាយករដ្ឋមន្ត្រី លោក ភូមិ​ថាំ វិ​ឆា​យ៉ា​ឆៃ (PhumthamWechayachai) ដែល​ដឹកនាំ​គណៈកម្មាធិការ​រដ្ឋាភិបាល​បានលើកឡើង​កាលពី​ថ្ងៃ​ចន្ទ​ថាខ្លួន​នឹង​កោះប្រជុំ​សមាជិក​រដ្ឋាភិបាល​នៅ​ថ្ងៃ​សុក្រ ដើម្បី​ពិនិត្យឡើងវិញ​នូវ​មតិយោបល់​ស្ដីពី​អនុគណៈកម្មាធិការ​ដែល​គ្រប់គ្រង​ដោយ​លោកនី​កនចាំ​ណង (NikornChamnong) និង​ដែល​កំពុងធ្វើការ​វាយតម្លៃ​លើ​ដំណើរការ​បោះឆ្នោត​ប្រជាមតិ។

កិច្ចប្រជុំ​នេះ​នឹងត្រូវ​ធ្វើឡើង​ដើម្បី​ពិភាក្សា​អំពី​ព័ត៌មាន​លម្អិត​ដូចជាការបោះឆ្នោត​ប្រជាមតិ​នាពេលខាងមុខការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជាក់លាក់​ណាមួយចំនួន​នៃ​ប្រជាមតិ​ដែល​ត្រូវការ​ដើម្បី​វិ​សោធន​កម្ម​ស្របច្បាប់និង​ថវិកា​សម្រាប់​រៀបចំ​ចំណាយ​ទៅលើ​ការធ្វើប្រជាមតិ​នេះ។


លោក​ឧបនាយករដ្ឋមន្ត្រី​ បាន​បដិសេធ​មិន​ធ្វើការ​ព្យាករ​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​សុក្រ​ ខាងមុខនេះ​នោះទេ។យ៉ាងណាក៏ដោយលោក​បានបង្ហាញ​ទំនុកចិត្ត​ថាបញ្ហាសំខាន់ៗខាងលើ​នឹង​ត្រូវបាន​ដោះស្រាយ​ឱ្យបាន​មុន​ដំណាច់ឆ្នាំហើយ​បង្ហាញ​ទៅ​គណៈរដ្ឋមន្ត្រី​ដើម្បី​ត្រួតពិនិត្យ​នៅ​ត្រីមាស​ដំបូង​នៃ​ឆ្នាំ២០២៤ ​ខាងមុខនេះ។

លោក​បានលើកឡើង​ដោយ​សុទិដ្ឋិនិយម​ថា៖ «ខ្ញុំ​សង្ឃឹមថាយើង​នឹង​អាច​បញ្ចប់​រឿងនេះ​នៅ​ខែមករាឆ្នាំក្រោយ»។


ដោយឡែកលោក នី​ កន បានលើកឡើង​ពី​ការព្រួយបារម្ភអំពី​ផលប៉ះពាល់​នៃ​ច្បាប់​ប្រជាមតិ​លើ​ដំណើរការ​វិសោធនកម្មជាពិសេស​ត្រង់​ផ្នែក​ទី១៣​ ដែល​បានចែង​អំពី​លក្ខខណ្ឌ​ជាក់លាក់​ចំនួន​២ ដែល​ត្រូវតែ​បំពេញ​មុនពេល​លទ្ធផល​ប្រជាមតិ​អាច​ចាត់ទុកថា​មាន​ប្រសិទ្ធភាព​បាន។

លក្ខខណ្ឌ​ដែលមាន​ចែង​ក្នុង​ផ្នែក​ទី១៣ រួមមាន​ទិដ្ឋភាពសំខាន់ៗចំនួន​២៖ ទី១ ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត​លើសពី ៥០ ភាគរយ ត្រូវតែ​ចូលរួម​ក្នុងការ​បោះឆ្នោត​ប្រជាមតិ និង​ទី​២ សំឡេង​ភាគច្រើន​នៃ​អ្នក​ ដែល​បាន​បោះឆ្នោត​ត្រូវតែ​ជា​សំឡេងគាំទ្រ​ឱ្យធ្វើ​វិសោធនកម្ម។

លោក នី ​កន ​បានបង្ហាញ​ពី​កង្វល់​ជុំវិញ​បញ្ហា​ប្រឈម​នៃ​ការបំពេញ​តម្រូវការ​នៃ​គោលការណ៍ «ភាគច្រើន​ទ្វេដង»នេះ។លោក​បាន​ពន្យល់​បន្ថែម​ថាក្រោម​ច្បាប់​ភាគច្រើន​សាមញ្ញ (Simple Majority) អ្នកបោះឆ្នោត​ ដែលមាន​សិទ្ធិ​បោះឆ្នោត​យ៉ាងតិច ២៦​លាន​នាក់​ក្នុងចំណោម​ជាង ៥២ លាន​នាក់​ ត្រូវតែ​ចូលរួម​បោះឆ្នោត​ ដើម្បី​ទទួលបាន​លទ្ធផល​ប្រជាមតិ​មួយ​ដែល​អាច​ចាត់ទុកថា​យកជាការបាន។

បន្ថែម​លើ​នេះនៅក្រោម​គោលការណ៍ «ភាគច្រើន​ទ្វេដង»យ៉ាងហោចណាស់​គេ​ត្រូវការ១៣លាន​សំឡេងគាំទ្រ​ក្នុងចំណោម ២៦ លាន​នាក់ ​ជា​ចាំបាច់​ក្នុង​ការដែល​អាច​ស្នើ​ឱ្យធ្វើ​វិសោធនកម្ម​ ដើម្បី​ឱ្យមាន​ភាពស្របច្បាប់។លោកនី​កនបាន​រំលេច​ថាលោក​នឹង​លើកឡើង​អំពី​បញ្ហា​លក្ខខណ្ឌ​នេះនៅក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​ខាងមុខ។

ទន្ទឹមនឹងនេះលោកពង្ស​សាថនសន​ផេ​ត​ណារិន (PongsathornSornpetnarin) ​សមាជិក​សភា ​​ខេត្ត​រ៉ាក់យ៉ង (Rayong) មកពី​គណបក្ស​ឈានទៅ​មុខ (Move ForwardParty) ក៏បាន​លើកឡើង​ពី​ការព្រួយបារម្ភ​អំពី​ផ្នែក​ទី១៣ នៃ​ច្បាប់​ប្រជាមតិ​នេះ​ផងដែរ។លោក​បាន​គូសបញ្ជាក់​ពី​ភាពមិន​ត្រឹមត្រូវ​នៃ​លក្ខខណ្ឌ​នេះ​ថាប្រសិនបើ​មាន​យុទ្ធនាការ​មួយ​ដែល​លើកទឹកចិត្ត​អ្នកបោះឆ្នោត​យ៉ាងតិច ៥០% មិន​ឱ្យទៅ​បោះឆ្នោត​ប្រជាមតិនោះ​ ការផ្តួចផ្តើម​ធ្វើ​ប្រជាមតិ​នេះ​នឹងត្រូវ​បរាជ័យ​ជាក់​ជាមិនខាន។

លោក ពង្ស​ សាថន ​ដែលមាន​តួនាទី​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​សភា​ទទួលបន្ទុក​ការអភិវឌ្ឍ​នយោបាយ និង​ការចូលរួម​ពី​សាធារណជនបាន​ស្នើថាកម្រិត​ចំនួន​សំឡេង​ត្រឹម ២៥% គួរតែ​គ្រប់គ្រាន់​ហើយ​ដើម្បី​អនុម័ត​វិសោធន​កម្មនេះ៕