នាយក​រដ្ឋ​មន្ត្រី​ថៃ​ លោក​ ​សេដ្ឋា ថាវីស៊ីន​ បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​​ទី​២១​ ខែ​វិច្ឆិកា​​ ថា​ គណៈរដ្ឋ​មន្ត្រី​បាន​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សម​ភាព​អាពាហ៍​ពិពាហ៍​ ហើយ​ថា​វា​​នឹង​​ត្រូវ​បញ្ជូន​​ទៅ​សភា​ក្នុង​​ស​ម័យ​ប្រជុំ​ ដែល​ចាប់​ផ្តើម​នា​ខែ​ធ្នូ​​។​ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។ 

ប្រសិន​បើ​​សេចក្តី​ព្រាង​ច្បាប់​នេះ​​ ទទួល​បាន​ការ​អនុម័ត​ពី​សភា​ ​និង​​ការ​យល់​ព្រម​ពី​ព្រះ​មហាក្សត្រ​ ​នោះ​ប្រទេស​ថៃ​នឹង​ក្លាយ​ជា​ប្រទេស​ទី​ ៣​ នៅ​អាស៊ី​ បន្ទាប់​ពី​កោះ​តៃវ៉ាន់ ​និង​ប្រទេស​នេប៉ាល់​ ដែល​ទទួល​ស្គាល់​​អាពាហ៍​ពិពាហ៍​​សម្រាប់​អ្នក​ស្រឡាញ់​​ភេទ​ដូច​គ្នា​។​

កាល​ពី​ឆ្នាំ​មុន​សភា​ថៃ​​​ បាន​ពិភាក្សា​លើ​ច្បាប់​ចំនួន​​៤​ រួម​ទាំង​សហជីព​ស៊ី​វិល ​សម្រាប់​គូ​ស្នេហ៍​ភេទ​ដូច​គ្នា​ និ​ង​សម​ភាព​អាពាហ៍ពិពាហ៍ ​ប៉ុន្តែ​មិន​បាន​​ទទួល​ការ​បោះ​ឆ្នោត​ព្រម​ព្រៀង​ចុង​ក្រោយ​មុន​​សម័យ​ប្រជុំ​សភា​បាន​បញ្ចប់​នោះ​ទេ​។


នៅ​ថ្ងៃ​អង្គារ​ដដែល​ លោក​ សេដ្ឋា​ ក៏​និយាយ​ផង​ដែរ​ ​​លោក​​ច​ង់​​ឱ្យ​​រាជធានី​​បាងកក​​របស់​​ប្រទេស​​ថៃ​ ​ធ្វើ​​ជា​​​ម្ចាស់​​ផ្ទះ​​ព្រឹត្តិការណ៍ ​World Pride ​ដែល​ជា​ព្រឹត្តិការណ៍​អបអរ​​ភាព​ចម្រុះ​ភេទ​​នៅ​​​ឆ្នាំ២០២៨​។

ប្រទេស​ថៃ​ មាន​សហគមន៍​អ្នក​​ស្រឡាញ់​ភេទ​ដូច​គ្នា​ដែល​បើក​ចំហ​ជាង​គេ​បំផុត​មួយ​នៅ​អា​ស៊ី​អាគ្នេយ៍។ យ៉ាង​ណា​មិញ​​ ​​សកម្មជន​នយោបាយ​ជា​ច្រើន​បាន​និយាយ​ថា​ ច្បាប់ ​និង​ស្ថាប័ន​ប្រពៃណី​រប​ស់​ប្រទេស​ថៃ​ មិន​ទាន់​ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្លាស់​ប្តូរ​អាកប្បកិរិយា​សង្គម​ ហើយ​នៅ​តែ​រើស​អើង​ប្រឆាំង​នឹង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ និង​គូ​ស្នេហ៍​ភេទ​ដូច​គ្នា​៕​