យោធា​កូរ៉េខាងត្បូង នៅ​ថ្ងៃទី ​២០ ខែវិច្ឆិកា​បាន​ព្រមាន​កូរ៉េ​​ខាងជើង ឱ្យ​បញ្ឈប់​ការរៀបចំ​បាញ់​បង្ហោះ​ផ្កាយរណប​ឈ្លបយកការណ៍ ឬ​ហៅថា ​«​ផ្កា​រណប​ចារកម្ម​» ហើយ​ថា​ខ្លួន​នឹងដាក់​ចេញ​វិធានការ​ចាំបាច់​ប្រសិនបើ​កូរ៉េខាងជើង​នៅតែ​ដំណើរការ​ផ្កាយរណប​មួយ​នេះ​។ ការបាញ់​បង្ហោះ​ផ្កាយរណប​នេះ គឺជា​ការ​​ប៉ុនប៉ង​លើក​ទី ​៣ ​របស់​ទីក្រុង​​ព្យុងយ៉ាង​ក្នុងឆ្នាំនេះ បន្ទាប់ពី​បាន​បរាជ័យ​២​លើក​រួចមកហើយ​កាលពីដើមឆ្នាំ​។​

​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន ទីភ្នាក់ងារ​ចារកម្ម​របស់​ទីក្រុង​​សេ​អ៊ូ​ល​បាន​រៀបរាប់ថា ទីក្រុង​ព្យុងយ៉ាង​បានរៀបចំ​ជិត​រួចរាល់​ហើយ​សម្រាប់​ការប៉ុនប៉ង​បាញ់​បង្ហោះ​ផ្កាយរណប​នេះ​លើក​ទី ​៣​។ កាលពីពេល​ថ្មីៗ​នេះ រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង លោក ស៊ីន វ៉ន​ស៊ិ​ក (Shin Wonsik)​ បាន​និយាយថា ការ​បាញ់​បង្ហោះ​របស់​កូរ៉េខាងជើង​អាចធ្វើ​ឡើង​នៅ​សប្តាហ៍​នេះ​។​

​លោក កាង ហូ​ភី​ល (Kang Hopil)​ ប្រធាន​ផ្នែក​ប្រតិបត្តិការ​នៅ​អគ្គសេនាធិការ​ចម្រុះ បាន​ព្រមាន​ខ្លាំងៗ​ទៅកាន់​កូរ៉េ​ខាង​ជើង​ឱ្យ​បញ្ឈប់​ការត្រៀម​លក្ខណៈ​សម្រាប់​ការបាញ់​បង្ហោះ​ផ្កាយ​​រណប​ចារកម្ម​យោធា​ភ្លាម​។​


​លោក​បាន​បន្ថែមថា ៖«​បើទោះបីជា​ពួកយើង​បានធ្វើ​ការព្រមាន ប៉ុន្តែ​ប្រសិនបើ​កូរ៉េខាងជើង​នៅតែ​បន្ត​ចចេស​បាញ់​បង្ហោះ​ផ្កាយរណប​ឈ្លបយកការណ៍​យោធា​នេះ យោធា​របស់​យើង​នឹង​អនុវត្ត​សកម្មភាព​ធ្វើ​យ៉ាង​ណា​ដើម្បី​ធានា​សុវត្ថិភាព និង​អាយុជីវិត​របស់​ប្រជាជន​យើង​»​។​

​បន្ទាប់ពី​ការប៉ុនប៉ង​លើក​ទី​ ២​ បរាជ័យ​ក្នុង​ខែសីហា ទីក្រុង​ព្យុងយ៉ាង​បានរៀបចំ​ផែនការ​បាញ់​បង្ហោះ​លើក​ទី​ ៣​ នៅក្នុង​ខែវិច្ឆិកា ឆ្នាំ ​២០២៣ ​នេះ​។​កូរ៉េខាងត្បូង​ថែមទាំង​បាន​អះអាងថា ទីក្រុង​ព្យុងយ៉ាង​កំពុងផ្ដល់​គ្រឿង​សព្វាវុធ​ទៅឱ្យ​ទីក្រុង​ម៉ូស្គូ​ជា​ថ្នូរ​នឹង​ការទទួល​បាន​បច្ចេកវិទ្យា​អវកាស​របស់​រុស្ស៊ី ដើម្បី​ធ្វើ​ទំនើបកម្ម​កម្មវិធី​អាវុធ​របស់ខ្លួន​៕​