ក្រោយ​សង្គ្រាម​ដ៏​សែន​ផ្តាច់ផ្តិល​រយៈពេល ​៦​ សប្តាហ៍ និង​សម្លាប់​មនុស្ស​ជិត ​១៥ ០០០ ​នាក់​ ទាំង​នៅលើ​ទឹកដី​អ៊ី​ស្រា​អែល និង​លើ​ទឹកដី​ហ្គា​ហ្សា​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន ទីបំផុត​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​មួយ​អាច​សម្រេចបាន​ឆាប់ៗ ក្រោម​ការសម្របសម្រួល​របស់​ប្រទេស​កាតា ដើម្បី​បើកផ្លូវ​ឱ្យមាន​ការផ្តល់​ជំនួយ​ម​នុស្ស​ធម៌​ចូលទៅ​តំបន់​នោះ​។​

​លោក Ismail Haniyeh ប្រធាន​ក្រុម​ហា​ម៉ាស់​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​នៅ​ថ្ងៃទី​ ២១ ខែវិច្ឆិកា​ថា ក្រុម​ប្រដាប់​​អាវុធ​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន បាន​ឈាន​ទៅជិត​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​មួយ​ជាមួយ​អ៊ី​ស្រា​អែល​។​

​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​លោក Ismail Haniyeh បាន​និយាយថា មន្ត្រី​ក្រុម​ហា​ម៉ាស់ «​ជិត​ឈានដល់​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​» ជាមួយ​ភាគី​​អ៊ី​ស្រា​អែល ដែល​កិច្ចព្រមព្រៀង​នេះ​រៀបចំឡើង​ដោយ​ប្រទេស​កាតា​ដែលជា​ប្រទេស​មានគុណ​លើ​ក្រុម​ហា​ម៉ាស់​អស់​រយៈពេល​ជា​យូរ​មកហើយ​សម្រាប់​ជំនួយ​ឧបត្ថម្ភ​លើ​ក្រុម​ហា​ម៉ាស់​។​


​ទោះបីជា​មិនមាន​ព័ត៌មាន​លម្អិត​បន្ថែម​អំ​ពី​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​នោះ​ក៏ដោយ ប៉ុន្តែ​មន្ត្រី​ក្រុម​ហា​ម៉ា​ស់បាន​ប្រាប់​ទូរទស្សន៍ Al Jazeera TV ថា​ការចរចា​ផ្តោតលើ​រយៈពេល​ដែល​បទ​ឈប់​បាញ់ ការរៀបចំ​សម្រាប់​ការផ្តល់​ជំនួយ​ទៅកាន់​តំបន់​ហ្គា​ហ្សា និង​ការដោះលែង​ចំណាប់​ខ្មាំង​អ៊ី​ស្រា​អែល​ដែល​ក្រុម​ហា​ម៉ាស​ចាប់​ឃុំឃាំង​សម្រាប់​ជា​ថ្នូរ​ដោះលែង​អ្នកទោស​ប៉ា​ឡេ​ស្ទី​ន​នៅ​អ៊ី​ស្រា​អែល​។​

​លោក Issat el Reshiq  ​មន្ត្រី​ហា​ម៉ាស់ បាន​និយាយថា ភាគី​ទាំង​ ២ ​នឹង​ដោះលែង​ស្ត្រី និង​កុមារ ហើយ​ព័ត៌មាន​លម្អិត​នឹងត្រូវ​ប្រកាស​ដោយ​ប្រទេស​កាតា ដែល​កំពុង​សម្រុះសម្រួល​ក្នុង​ការចរចា​ដើម្បី​នាំ​ភាគី​ទាំង​ ២ ​ឱ្យ​ទទួលយក​លក្ខខណ្ឌ​។​


​ក្រុម​ហា​ម៉ា​ស់បាន​ចាប់​ចំណាប់​ខ្មាំង​ប្រហែល​ ២៤០​ នាក់ ​ក្នុងអំឡុងពេល​នៃ​ការវាយប្រហារ​ដំបូង​នៅ​ថ្ងៃទី​ ៧ ខែតុលា លើ​ភាគខាងត្បូង​អ៊ី​ស្រា​អែល​ដែល​បានសម្លាប់​មនុស្ស​ ១ ២០០ ​នាក់​។ ជាការ​សងសឹក អ៊ី​ស្រា​​អែល​បានប្រកាស​ដាក់​ប្រទេស​ក្នុងស្ថានភាព​សង្គ្រាម រួច​ប្តេជ្ញា​ធ្វើសង្គ្រាម​ចូល​តំបន់​ហ្គា​ហ្សា​ដែលជា​ទីតាំង​លាក់ខ្លួន និង​ធ្វើ​សកម្មភាព​របស់​ក្រុម​ហា​ម៉ាស់ និង​បាន​សន្យា​បោសសម្អាត​ក្រុម​នេះ​ឱ្យអស់ ទោះ​សង្គ្រាម​លំបាក​ប៉ុន្មាន និង​ចំណាយពេល​យូរ​ប៉ុនណា និង​រង​សម្ពាធ​អន្តរ​ជាតិ​ធំ​ប៉ុនណា​ក៏ដោយ​។​

​ក្នុង​រយៈពេល​នៃ​សង្គ្រាម​ដែល​អ៊ី​ស្រា​អែល​ធ្វើ​សកម្ម​ភាពខ្លាំង​បំផុត​ដោយ​ការទម្លាក់​គ្រាប់បែក​បំផ្លាញ​អគារ​ជន​ស៊ីវិល ដូចជា មន្ទីរពេទ្យ សាលារៀន ដោយ​សង្ស័យថា សកម្មប្រយុទ្ធ​ហា​ម៉ាស់​លាក់ខ្លួន​នៅ​ទីតាំង​របស់​ជន​ស៊ីវិល​។ ជា​លទ្ធផល​នៃ​សោក​នាដកម្ម មនុស្ស​ជាង​ ១៣ ៣០០ ​នាក់​ បាន​ស្លាប់ រាប់សែន​នាក់​បាន​បង់​ទីជម្រក ខ្វះខាត​ស្បៀង​អាហារ ថ្នាំពេទ្យ ដោយ​អង្គការ​សហប្រជាជាតិ បាន​ហៅ​សង្គ្រាម​នេះ​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សង្គ្រាម សូម្បី​បុគ្គលិក​អង្គការ​សហប្រជាជាតិ​យ៉ាងហោច ​១០២ នាក់​ត្រូវបាន​សម្លាប់​អំឡុងពេល​សង្គ្រាម​ដ៏​ខ្លី និង​ការ​បាញ់ប្រហារ​ដ៏​សាហាវ​នេះ​៕