ក្រោយ​ប្រយុទ្ធគ្នា​អស់​រយៈពេល​ ៦​ សប្តាហ៍ និង​បំផ្លាញ​​តំបន់ហ្គាហ្សា​​ ស្ទើរ​ក្លាយ​ជាផេះ​ ក្រុម​ហា​ម៉ាស់ និង​អ៊ីស្រាអែល​ បាន​ព្រមព្រៀងគ្នា​​ជាលើក​ដំបូង​ ដោយ​​បញ្ឈប់​​ការប្រយុទ្ធ​គ្នា​ទាំងអស់​នៅ​ហ្គា​ហ្សា​រយៈពេល ៤​ ថ្ងៃ ដែលជា​ផ្នែក​នៃ​កិច្ច​ព្រមព្រៀង​មួយ​ ដើម្បី​ដោះលែង​ចំណាប់ខ្មាំង​មួយចំនួន​ ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយ​ក្រុម​ប្រដាប់អាវុធ​​ហាម៉ាស់​​​ ក្រោម​ការ​ឡោមព័ទ្ធ​ពី​កងទ័ព​​អ៊ីស្រាអែល។ 

​សេចក្តីរាយការណ៍​ជា​ច្រើន​បាន​លើក​ឡើង​នៅមុន​នេះថា ក្រុម​ហាម៉ាស់​​​ប៉ា​ឡេ​ស្ទី​ន​ ដែល​ឆ្មក់​ចូល​អ៊ីស្រាអែល​​ កាល​ពីថ្ងៃទី​៧ ខែ​តុលា ​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ចុះ​ទី២២ ​ខែវិច្ឆិកា​ ថា កិច្ចព្រមព្រៀង​នេះ​នឹង​មើលឃើញ​ការដោះលែង​ស្ត្រី និង​កុមារ​ចំនួន ៥០​ នាក់ ​ដែល​ត្រូវបាន​កាន់កាប់​ដោយ​ក្រុម​ហា​ម៉ាស់​ជា​ថ្នូរ​នឹង​ការដោះលែង​ស្ត្រី​ និង​កុមារ​ ប៉ា​ឡេ​ស្ទី​ន​ចំនួន ១៥០​ នាក់​ ចេញពី​ពន្ធនាគារ។

កិច្ច ព្រមព្រៀង​ដែល​ទទួល​បាន​ដោយ​លំបាក​ក្រោម​ការ​សម្រុះ​សម្រួល​​​ដោយ​ប្រទេស​កាតា​​ ជាមួយ​ភាគី​​ពាក់​ព័ន្ធ​​ ក៏​នឹង​អនុញ្ញាតឱ្យ​រថយន្ត​ជំនួយ​មនុស្សធម៌ វេជ្ជសាស្ត្រ និង​ប្រេងឥន្ធនៈ​រាប់រយ​គ្រឿង​ចូល​គ្រប់ផ្នែក​ទាំង​អស់នៃ​តំបន់​ហ្គា​ហ្សា​។


​យោង​តាមរ៉យទ័រ ការិយាល័យ​របស់​នាយ​ក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក​ Benjamin Netanyahu បាន​និយាយថា រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​គាំទ្រ​កិច្ចព្រមព្រៀង​នេះ​នៅ​ថ្ងៃទី២២​​ ខែវិច្ឆិកា។

រ៉យទ័របាន​រាយការណ៍​ថា មន្ត្រី​មកពី​ប្រទេស​កាតា ដែល​បាននិងកំពុង​សម្រុះ​សម្រួល​ការចរចា ក៏ដូចជា​សហរដ្ឋអាមេរិក អ៊ីស្រាអែល និង​ក្រុម​ហា​ម៉ាស់ ជាច្រើន​ថ្ងៃ​បាន​និយាយថា កិច្ចព្រមព្រៀង​មួយ​​ជិត​មកដល់ហើយ។


​ក្នុង​ការ​វាយ​ឆ្មក់​ចូល​​ប្រទេសអ៊ីស្រាអែល ​​កាល​ពីថ្ងៃទី​៧​ ខែ​​តុលា ក្រុម​ហា​ម៉ាស់ ​ត្រូវបាន​គេ​ជឿថា​ បានចាប់​ចំណាប់ខ្មាំង​ជាង ២០០​ នាក់​ និង​បាន​សម្លាប់​ប្រជាជន​អ៊ីស្រាអែល​ប្រមាណ ​១២០០​ នាក់​ ក្នុងថ្ងៃតែ​១។​ ជាការសងសឹក​​អ៊ីស្រាអែល​ បាន​ប្រកាសសង្គ្រាម​​​​ចូល​តំបន់ហ្គាហ្សា​ និង​​​ប្តេជ្ញាកម្ទេច​ក្រុមហាម៉ាស់​​ នៅ​តំបន់ហ្គាហ្សា ​​​ឱ្យ​អស់។​

​​សេចក្តីថ្លែងការណ៍​រប​ស់​ការិយាល័យ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ​បាន​និយាយ​ថា​ ស្ត្រី និង​កុមា​រទាំង ៥០ ​នាក់​ នឹង​ត្រូវបាន​ដោះលែង​ក្នុង​រយៈពេល ៤ ​ថ្ងៃ សម្រាប់​រាល់​ចំណាប់ខ្មាំង ១០ នាក់​បន្ថែមទៀត​ ដែល​ត្រូវបាន​ដោះលែង ការផ្អាក​នឹងត្រូវ​បាន​ពន្យារពេល​ ១ ថ្ងៃ​ទៀត ដោយ​មិនបាន​និយាយ​អំពី​ការដោះលែង អំឡុង​ពេល​នោះ​​នឹងមាន​ការផ្អាក​ក្នុងការ​ប្រយុទ្ធ។

មន្ត្រី​អាមេរិក​ម្នាក់​ ដែល​បាន​សង្ខេប​អំពី​ការពិភាក្សា​នេះ ​បាន​និយាយថា មុនពេល​កិច្ចព្រមព្រៀង​នេះ វា​នឹង​រួមបញ្ចូល​ការដោះដូរ​សម្រាប់​អ្នកទោស​ប៉ា​ឡេ​ស្ទី​ន ១៥០ នាក់៕​