ខណៈពេល​ដែ​ល​ប្រឈម​លោក​ខាង​លិច​​ដ៏ខ្លាំង​​​ក្លា សហព័ន្ធ​រុស្ស៊ី​ដែល​កំពុង​ជាប់​ដៃ​ក្នុងសង្គ្រាម​ជាមួយ​អ៊ុយក្រែន ​​អស់​រយៈពេល​​ជាង​ ២០​ ខែ​​មក​នេះ ​បាន​ដាក់​ពង្រាយ​មីស៊ីល​​អន្តរ​​ទ្វីប​​ដែល​អាច​ផ្ទុក​ក្បាល​​​គ្រាប់​នុយក្លេអ៊ែរ​​។ 

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី ​RIA បាន​ដកស្រង់​សម្តី​ក្រសួងការពារជាតិ​បាន​និយាយ​​នៅ​ថ្ងៃ​ពុធ​ថា ប្រទេស​រុស្ស៊ី​បានដាក់​ពង្រាយ​កាំជ្រួច​មី​ស៊ី​ល​Yarsដែល​ជា​ប្រភេទ​​មីស៊ី​ល​បាញ់​ឆ្លង​ទ្វីបថ្មី​មួយ​នៅឯ​មូលដ្ឋាន Kozelsk ក្នុង​តំបន់ Kaluga ភាគ​និរតី​នៃ​ទីក្រុង​ម៉ូ​ស្គូ។

រុស្ស៊ី​បាន​ពណ៌នា​អំពី​កាំជ្រួច Yarsដែល​ត្រូវបាន​អភិវឌ្ឍ​ក្នុង​ទស្សវត្សរ៍​ឆ្នាំ២០០០ និង​មាន​សមត្ថភាព​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ជាច្រើន ដែលជា​អាវុធ​ថ្មី​ជាង​នេះ ដែល​អាច​ទម្លុះ​ខែល​កាំជ្រួច​ដែល​ប្រើ​ដោយ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ពួក​គេ​​។


RIA បាន​និយាយថា កងវរសេនាធំ Kozelskដែលជា​កន្លែង​ដែល​មី​ស៊ី​ល​ថ្មី​ត្រូវបាន​ផ្ទុក​ទៅក្នុង​ស៊ីឡូ (silo)គឺជា​កង​ទី១ ​នៅក្នុង​កងកម្លាំង​មី​ស៊ី​ល​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​ដែល​ចាប់ផ្តើម​ធ្វើឱ្យ​ប្រសើរ​ឡើងដល់​មី​ស៊ី​ល Yarsដែលផ្ទុក​​នៅ​លើ silo ។

រុស្ស៊ី​​ដែល​​លើក​ទ័ព​ឈ្លាន​ពាន​អ៊ុយក្រែន​ដំបូង​កាល​ថ្ងៃទី​២៤ខែ​កុម្ភៈឆ្នាំ​២០២២ កំពុង​ប្រឈម​ការ​វាយ​បក​យ៉ាង​ខ្លាំងពីសំណាក់​កងទ័ព​អ៊ុយក្រែន​ដែល​ទទួលបាន​ជំនួយ​យោធា​ពីសហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធ​មិត្ត​អឹរ៉ុប។​​


​កងទ័ពរុស្ស៊ី​ដែលត្រូវ​បាន​​រំពឹង​ថា​ នឹង​ឈ្នះ​កងទ័ព​អ៊ុយក្រែន​យ៉ាងងាយស្រួល​ក្នុងដំណាក់​កាល​ដំបូង​នៃ​សង្គ្រាម​ឈ្លាម​ពាន​​ ដែលរុស្ស៊ី​ហៅ​ត្រឹម​តែ​ «ប្រតិបត្តិការ​យោធាពិសេស» បែ​រ​ជា​​បាត់បង់​អានុភាព​វិញ​ក្រោយ​កា​រវាយបក និង​ការ​ទទួលបាន​ជំនួយយោធា​ពី​អាមេរិក និង​​សម្ព័ន្ធ​មិត្តអឺរ៉ុប៕​