​មន្ត្រី​អ៊ុយ​ក្រែ​ន ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា យោធា​របស់​រុស្ស៊ី​ ហាក់បន្ថយ​ការ​វាយ​ប្រហារ​​​​ និង​បញ្ជូន​​​​សម្ភារ​​​តិច​ជាងមុន​​ទៅ​កាន់​​​សមរភូមិ​​​តំបន់​ប្រជុំ​ជន អាឌីវកា (Avdiivka) ភាគ​ខាងកើត​ដែល​ត្រូវបាន​គេ​មើលឃើញថា​ជា​ច្រកចូល​ទៅកាន់​រដ្ឋធានី​នៃ​តំបន់ Donetsk។

​ទីភ្នាក់ងារ​ព័ត៌មានរ៉យទ័រ បា​នរាយការណ៍​ថា អ្នកនាំពាក្យ​យោធា​អ៊ុយ​ក្រែ​ន ​លោក Oleksandr Shtupun បាន​និយាយថា មានការ​វាយប្រហារ​តាមផ្លូវគោក​មាន​ចំនួន​តិចដង​ជាង​មុន និង​ការវាយប្រហារ​តាម​អាកាស​តិចជាង​មុន​​ផង​ដែរ​លើ​តំបន់​អាឌីវកា ដែលជា​ទីក្រុង​ដែលមាន​ប្រជាជន​មុន​សង្គ្រាម​ប្រហែល​ ៣២០០០ ​នាក់ ​ប៉ុន្តែ​​ចំនួន​ប្រជាជន​បាន​ថយចុះ​មក​នៅ​ប្រហែល ​១៥០០​​នាក់​ ក្រោម​ការវាយប្រហា​រ​របស់​រុស្ស៊ី​ អស់​រយៈពេល​ជាង​មួយខែ​ចុង​ក្រោយ​នេះ។  

លោក Shtupun បាន​ប្រាប់​ទូរទស្សន៍​ជាតិ​ថា៖«កងកម្លាំង​កាន់កាប់​របស់​រុស្ស៊ី​ បាន​កាត់បន្ថយ​ចំនួន​នៃ​ការវាយប្រហារ​តាម​ផ្លូវគោក​ និង​ផ្លូវអាកាស ទោះបីជា​ពួកគេ​នៅតែ​បំពាន​ច្បាប់​នៃ​សង្គ្រាម​ដោយ​ការបាញ់ប្រហារ​ទៅលើ​ក្រុមគ្រូពេទ្យ និង​រថយន្ត​ជម្លៀស​ក៏ដោយ»។


ទោះជាបែបណា​ រុស្ស៊ី ​តែង​បដិសេធ​​ការចោទប្រកាន់​បែបនេះ។

អ្នក​នាំពាក្យ​រូបនេះ​ បាន​ប្រាប់​សារព័ត៌មាន​ថា៖«អ្នក​ឈ្លានពាន​មិន​បោះបង់ចោល​ផែនការ​របស់​ពួកគេ​ដើម្បី​ឡោមព័ទ្ធ​តំបន់​ប្រជុំ​ជន​អា​ឌីវកា​ឡើយ​។ ការវាយប្រហារ​ចំនួន​ប្រាំបី​ត្រូវបាន​វាយលុក​នៅថ្ងៃនេះ»។


ប្រធាន​រដ្ឋបាល​យោធា​របស់​អាឌីវកា លោក Vitaliy Barabash បាន​និយាយថា ការប្រយុទ្ធ​គ្នា​កំពុងដណ្តើម​កាន់កាប់​ស​ង្កា​ត់​ឧស្សាហកម្ម​មួយ ហើយ​កងកម្លាំង​អ៊ុយ​ក្រែ​ន​កំពុង​កាន់កាប់​ទីតាំង​របស់​ពួកគេ។ បន្ទាយសំខាន់ៗត្រូវបាន​សាងសង់ឡើង បន្ទាប់ពី​ក្រុម​ផ្តាច់ខ្លួន​ដែល​ផ្តល់​មូលនិធិ​ដោយ​រុស្ស៊ី​ បាន​រឹបអូស​យក​អាឌីវកាក្នុង​រយៈពេល​ខ្លី​ក្នុង​ឆ្នាំ ២០១៤​៕​