ប្រធានាធិបតី​អា​ស៊ែ​បៃ​ហ្ស​ង់ លោក Ilham Aliyev បាន​ចោទប្រកាន់​ប្រទេស​បារាំង​ កាលពី​ថ្ងៃ​អង្គា​រថា បាន​រំញោច​លក្ខខណ្ឌ​ដើម្បី​បង្កាត់​សង្គ្រាម​ថ្មី​នៅ​តំបន់​កូ​កាស តាមរយៈ​ការផ្គត់ផ្គង់​អាវុធ​ដល់​ប្រទេស​អា​មេ​នី ដែលជា​សត្រូវ​របស់ខ្លួន​។ យោង​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន AFP​។  


​លោក Aliyev បាន​និយាយ​ក្នុងការ​អត្ថាធិប្បាយ​ជាលា​យ​​លក្ខណ៍​អក្សរ​ទៅកាន់​សន្និសីទ​អន្តរជាតិ​នាទី​ក្រុង​បា​គូ​ថា​៖«[​បា​​រាំង​]​​ កំពុង​បន្ត​គោលនយោបាយ យោធានិយម ដោយ​បំពាក់អាវុធ​ដល់​អា​មេ​នី លើកទឹកចិត្ត​កង​កម្លាំង​តស៊ូ​ប្រយុទ្ធ​ក្នុងប្រទេស​អា​មេ​នី ហើយ​បង្កើត​មូលដ្ឋានគ្រឹះ​សម្រាប់​ការបង្ក​សង្គ្រាម​ថ្មី​នៅក្នុង​តំបន់​របស់​យើង​»​។​

​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​អាន​ដោយ​ទីប្រឹក្សា​គោល​នយោបាយ​ការបរទេស​របស់​អា​ស៊ែ​បៃ​ហ្ស​ង់ លោក Aliyev ​បាន​បន្តថា បារាំង​មិន​ត្រឹមតែ​រំខាន​ដល់​ស្ថិរភាព​ទាំង​នៅក្នុង «​ប្រទេស​ដែល​ធ្លាប់ ឬ​កំពុង​ស្ថិតនៅក្រោម​អាណានិគម​» របស់ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​រំខាន​ដល់​ស្ថិរភាព​នៅ​តំបន់​កូ​កាស​ខាងត្បូង​ផងដែរ តាមរយៈ​ការ​គាំទ្រ «​និន្នាការ​ផ្តាច់ខ្លួន និង​ការ​បំបែក​ខ្លួន​»​។​


​អា​ស៊ែ​បៃ​ហ្ស​ង់ និង​អា​មេ​នី​ជាប់គាំង​នៅក្នុង​ជម្លោះទឹកដី​រាប់​ទសវត្សរ៍​ជុំវិញ​តំបន់​ណា​ហ្គូ​ណូ​កា​រ៉ា​ក់បាក់ ដែលមាន​ជនជាតិ​​អា​មេ​នី​ប្រមាណ​ ១២ ​ម៉ឺន​នាក់​តាំងទី​លំនៅ ប៉ុន្តែ​តំបន់​នេះ​ជា​ទឹក​ដី​របស់​អា​ស៊ែ​បៃ​ហ្ស​ង់ ដែល​ទទួលស្គាល់​ដោយ​អន្តរជាតិ​។​


​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់​ដណ្តើម​កាន់កាប់​ទាំងស្រុង​កាលពី​ខែ​កញ្ញា ក្រោយ​ការវាយប្រហារ​ប្រឆាំងនឹង​ពួក​បំបែក​ខ្លួន​អា​មេ​នី ដោយ​អា​ស៊ែ​បៃ​ហ្ស​ង់​ហៅ​ការ​ប្រយុទ្ធ​នោះ​ថា​ជា​ «​ប្រតិបត្តិការ​យោធា​ប្រឆាំង​ភេរ​វករ​»​។​


​កន្លងមក អា​ស៊ែ​បៃ​ហ្ស​ង់​តែង​រិះគន់​បារាំង​ថា​លម្អៀង​ទៅលើ​អា​មេ​នី​ចំពោះ​ជំហរ​ជុំវិញ​ជម្លោះ​នៅ​តំបន់​កូ​កាស​។ កាលពីដើម​ខែតុលា បារាំង​បាន​និយាយថា ខ្លួន​បាន​យល់ព្រម​លើ​កិច្ចសន្យា​នាពេល​អនាគត​ជាមួយ​អា​មេ​នី ដើម្បី​ផ្គត់ផ្គង់​អាវុធ​ឱ្យ​ប្រទេស​ក្នុង​ការជួយ​ដល់​វិស័យ​ការពារជាតិ​។

​ទោះជា​យ៉ាងណាក៏ដោយ ជាការ​ឆ្លើយតប​នឹង​ការ​ចោទ​​ប្រកាន់​ថ្មី​នេះ ប្រភព​ការទូត​បារាំង​ម្នាក់​បាន​និយាយប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា ប្រទេស​បារាំង ក៏ដូចជា​ដៃគូ​អឺរ៉ុប និង​សហរដ្ឋអាមេរិក កំពុងធ្វើការ​ឆ្ពោះទៅរក​សន្តិភាព​ដ៏​ត្រឹមត្រូវ និង​យូរអង្វែង​នៅ​តំបន់​កូ​កាស​ខាងត្បូង ដោយ​ផ្អែកលើ​គោលការណ៍​នៃ​ការ​គោរព​អធិបតេយ្យភាព និង​ព្រំដែន ដែលមាន​ការទទួល​​ស្គាល់​ជា​អន្តរជាតិ​៕ ​